ជាតិ
លោក ​រ៉ុង ឈុន ស្នើ​ក្រសួង​អប់រំ​ព​ន្លឿ​ន​ការបញ្ជូន​ថវិកា PB ទៅ​ឲ្យ​សាលារៀន
30, Mar 2015 , 8:00 pm        
រូបភាព
សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​សរសេរ​លិខិត​មួយ​ជូន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន ឲ្យ​ពិនិត្យ និង​ព​ន្លឿ​ន​ចំពោះ​ថវិកា​ទ្រទ្រង់​សាលា​PB ដែល​ត្រូវ​ផ្តល់​ទៅ​ឲ្យ​សាលានីមួយៗសម្រាប់​ឆ្នាំ​សិក្សា២០១៤-២០១៥នេះ។



តាមរយៈ​លិខិត​ចុះ​ថ្ងៃទី៣០មីនា​នេះ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បានទទួល​សេចក្តីរាយការណ៍​ពី​លោកគ្រូ អ្នកគ្រូ​តាម​សាលានីមួយៗថា រហូតមក​ពេលនេះ គឺ​ជិត២ត្រីមាស​ហើយ ដែល​សាលា​មិនទាន់​បានទទួល​ថវិកា​ទ្រទ្រង់​សាលា​PB ។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅ ថ្ងៃនេះ​ថា ការផ្តល់​ថវិកា​PBទៅ​ឲ្យ​សាលា​មិនបាន​ទាន់ពេលវេលា​យ៉ាង​ដូច្នេះ វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការរៀន និង​បង្រៀន​នៅតាម​សាលានីមួយៗផងដែរ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណែទម្រង់រ​បស់​ក្រសួង លើ​វិស័យ​អប់រំ​នៅ​កម្ពុជា​ផងដែរ។

លោក រ៉ុង ឈុន បានស្នើ​ឲ្យ​ក្រសួង​ត្រូវ​ត្រួតពិនិត្យ មើល​ឡើងវិញ​ដំណើរ​បញ្ជូន​ថវិកា​គម្រោង​នេះ និង​ធ្វើយ៉ាងណា​ដើម្បី​ធានាថា​ថវិកា​នេះ ត្រូវបញ្ជូន​ទៅដល់​សាលា​ទាន់ពេលវេលា។

ថវិកា​ទ្រទ្រង់​សាលា ​PB គឺជា​ថវិកា​ដែល​ក្រសួង​ត្រូវ​ផ្តល់​ទៅ​ឲ្យ​សាលានីមួយៗ សមាមាត្រ​ទៅតាម​ចំនួន​សិស្សានុសិស្ស។ ថវិកា​នេះ នឹងត្រូវ​យកទៅ​ប្រើប្រាស់​ក្នុង​ការងាររដ្ឋបាល កីឡា បរិស្ថាន ជួសជុល​ខ្នាតតូច និង​ការងារ​កសិកម្ម​នៅក្នុង​សាលា​ជាដើម៕



© រក្សាសិទ្ធិដោយ thmeythmey.com