ជាតិ
គជប ថ្មី៖ អ្នក​ចង់បាន និង​អ្នកត្រូវការ!
30, Mar 2015 , 5:33 pm        
រូបភាព
ដោយ: ថ្មីៗ
ពី​ខ្ញុំបាទ ធូ វាសនា នៅ​រតនៈគិរី [email protected]



ថ្ងៃនេះ​មើល​សារព័ត៌មាន ឃើញ​មតិយោបល់​របស់​អស់លោក​បណ្ឌិត ដែល​មិន​ចង់​ឲ្យ​លោកស្រី«ពុង ឈី​វ​ហ្គេ​ក» ចូលក្នុង​សមាសភាព​ថ្នាក់ដឹកនាំ«គជប» ធ្វើ​ឲ្យ​ខ្ញុំ​នឹកឃើញ​ពាក្យ​ពីរ​ឃ្លា ដែល​និយាយ​អំពី«អ្វីដែល​ចង់បាន» និង​ពី«អ្វីដែល​ត្រូវការ»។

ឥឡូវ​យើង​និយាយ​ពីអ្វី​ដែល​ប្រជារាស្ត្រ​ខ្មែរ«ចង់បាន»សិន។ បើ​យើង​ដើរ​សួរ​រាស្ត្រ​ខ្មែរ​គ្រប់គ្នា ថា៖«តើ​ចង់បាន​ជីវភាព​យ៉ាងម៉េច?ចង់បាន​អ្នកដឹកនាំ​យ៉ាងម៉េច? មិនបាច់​គាត់​ឆ្លើយ​ក៏​យើង​អាច​ទាយ​បានដែរ​ថា៖ពួកគាត់​ចង់បាន​ផ្ទះ​វីឡា ឡានល្អៗ ដេក​ស្រួល ស៊ី​ស្រួល​មាន​អ្នកបម្រើ​ឆ្វេង​ស្តាំ។ តែបើ​សួរ​គាត់​ថា៖តើ​គាត់​ត្រូវការ​អ្វី?គាត់​ច្បាស់​ជា​ឆ្លើយថា៖ ត្រូវ​ការហូបចុក​គ្រប់គ្រាន់ កូន​រៀនសូត្រ​ត្រឹមត្រូវ ព្យាបាល​ជំងឺ​ឥតគិតថ្លៃ....។ល។

ចំណែក​នយោបាយ​ស្រុក​ខ្មែរ ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ។ បើ​យើង​សួរ​អ្នកដឹកនាំ​គណបក្ស​ប្រជាជន​ថា៖តើ​លោក​ចង់បាន​របៀប​ម៉េច​ចំពោះ​អង្គភាព«គជប»? គាត់​ច្បាស់​ជា​ឆ្លើយថា៖ចង់បាន«គជប»មួយ ដែល​ចំណុះ​ឲ្យ​គណបក្ស​ប្រជាជន បម្រើ​បក្ស​ប្រជាជន ហើយ​ចង់បាន​លទ្ធផល​បោះឆ្នោត ដែល​គ្រប់​បក្សនយោបាយ និង​គ្រប់ភាគី​ដែល​ពាក់ព័ន្ធ​អាច​ទទួលយកបាន ដោយ​សុច្ច​ចិត្ត គ្មាន​ការតវ៉ា​នៅពេល​បោះឆ្នោតម្តងៗ ។ ហើយ​បើ​សួរ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​លទ្ធផល​មិន​ខុសគ្នា​ដែរ។ តែ​ការចង់បាន​នេះ គឺ​មិនអាច​ទៅរួច​ទេ គឺ​ដូច​មនុស្ស​ពីរ​នាក់​ដើរ​លើផ្លូវ​តែមួយ តែ​ទិសដៅ​បញ្ច្រាស​គ្នា​តើ​ធ្វើ​ម៉េច​នឹង​ជួបគ្នា​បាន​ទៅ?

តែបើ​សួរថា៖អ្វីដែល​ពួកគេ​ត្រូវការ? ពួកគេ​ត្រូវ​គិត​សិក្សា​ឲ្យ​បាន​ច្បាស់​ថា៖បាត់បង់​អ្វី ដែល​មិន​ខាត​ខ្លាំង ហើយ​បាន​អ្វី ដែល​ចំណេញ​ច្រើន។អ៊ីចឹង​ហើយ​បានជា​ត្រូវ​ចរចា​គ្នា គឺ​ដូចជា​ពាក្យ​ដែលថា«អ្នកលក់​ចង់បាន​ថ្លៃ អ្នកទិញ​ចង់បាន​ថោក»វា​ជា​រឿង​ធម្មតា។

ដូច្នេះហើយ​បានជា​យើង​ត្រូវ​និយាយ​ឲ្យ​ច្បាស់​ពី«អ្វីដែល​យើង​ចង់បាន» និង«អ្វីដែល​យើង​ត្រូវការ»។ បើ​លោក​បណ្ឌិត​គិតថា៖ទាល់តែ​ច្បាប់​ល្អឥតខ្ចោះ១០០% បាន​ចូល​ដឹកនាំ«គជប»នោះ គឺ​មួយ​ជិវិត​អស់លោក​គ្មាន​ឱកាស​បាន«គជប»ដូច​ក្តី​ស្រមៃ​របស់​អស់លោក​នោះទេ។ឬ​និយាយ បាន​ថា៖បើ​ច្បាប់​មិនល្អ​គ្រប់គ្រាន់​ទៅហើយ ស្រាប់តែ​អត់​មាន​អ្នក ដែល​ទុកចិត្ត​បានមក​ដឹកនាំ​ទៅទៀត​គឺ​វា​ស្មើនឹង​ពាក្យ​ថា៖«អាក្រក់​ជាន់​លើ​អាក្រក់»។ សូម្បីតែ​មនុស្ស​ល្អ​ក៏មាន​គំនិតអាក្រក់​ទៅហើយ តើ​សង្ឃឹម​ឲ្យ​មនុស្ស​អាក្រក់​មានគំនិត​ល្អ​យ៉ាងម៉េច? ឬ​និយាយថា៖ធ្វើ​របង ស្រាស់​បន្លា​ផង នៅមាន់​អាច​ចូល​ជាន់​ខ្ទឹម​បាន ចុះបើ​មិន​ទៅ​ចាំ​យាម​ទៀត តើ​វា​យ៉ាងម៉េច​ទៅវិញ?

អ៊ីចឹង​ត្រូវ​សួរថា តើ​ការសម្រេចចិត្ត​មិន​ចូល​ដឹកនាំ«គជប»របស់លោក​ស្រី​ពុង ឈី​វ​ហ្គេ​ក តើ​អាច​រារាំង«គជប»ថ្មី​បាន​ឬទេ?

យើង​ក្រលេកមើល​ចំណុច​នៅក្នុង​ច្បាប់ ដែល​លោក​បណ្ឌិត​ព្រួយបារម្ភ ជាពិសេស​លោក​កែម ឡី។

ទី១)ចំណុច​ដែល​និយាយថា៖តម្រូវ​ឲ្យ​លោកស្រី​មាន​សញ្ជាតិ​តែមួយ។ចំណុច​នេះ​គ្មានអ្វី​ជា​សម្ពាធ​លើ​លោកស្រី​ប៉ុន្មាន​ទេ។បើ​និយាយ​ពី​ការប្រថុយប្រថាន​នៅលើ​រឿង​សុវត្ថិភាព​ផ្ទាល់ខ្លួន គឺ​លោកស្រី​បានដឹង​ច្បាស់លាស់​ណាស់ ទើប​សម្រេចចិត្ត​ចាកចេញ​ពី​ស្រុក​បារាំង​មក​រស់​នៅលើ​ទឹកដី ដែល​ពោរពេញ​ទៅដោយ​គ្រោះថ្នាក់​នេះ។ណាមួយ​ច្បាប់​នេះ​គឺ​រឹតតែ​ល្អ សម្រាប់​លោកស្រី​ក្នុងការ​បង្ហាញ​ឆន្ទៈ​ជូន​ប្រជារាស្ត្រ​ខ្មែរ ដែលថា៖«លោកស្រី​សុខចិត្ត​លះបង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដើម្បី​ប្រទេសជាតិ​មួយ​នេះ» ហើយ​ខ្ញុំ​ក៏​គិតថា៖មេដឹកនាំ​គណបក្ស​ទាំងពីរ ក៏​ចង់បាន​មនុស្ស​មាន​សុ​ឆន្ទៈ​មោះមុត​បែប​ហ្នឹង​ដែរ។ខ្ញុំ​គិតថា៖ចំណុច​នេះ​លោកស្រី​មិន​យក មក​ធ្វើជា​ចំណុច​រាំងខ្ទប់​ការសម្រេចចិត្ត​របស់លោក​ស្រី​នោះទេ។ឯ​ចំណុច​ទី២/ ដែល​លោក បណ្ឌិត​បានលើកឡើង គឺថា៖មន្ត្រី​ប៉ូលីស​ទាហាន​អាច​ចូលរួម​ឃោសនាបោះឆ្នោត​បាន​ដោយ​តម្រូវ​មិន​ឲ្យ​ស្លៀកពាក់​ឯកសណ្ឋាន និង​យក​អាវុធ​ចូលក្នុង​ក្បួន​ឃោសនា ដែល​អាចជា​ការគំរាមកំហែង​ដល់​អ្នកដទៃ។ ខ្ញុំ​គិតថា៖ទោះ​មិនមាន​ច្បាប់​នេះ ក៏​អស់លោក​ទាំងនោះ​នៅតែ​ចូលរួម​ឃោសនា​ដែរ ព្រោះ​អស់លោក​ទាំងនោះ​ក៏​ជា​ពលរដ្ឋ​ខ្មែរ​ដែរ។ ពេល​ដោះ​ឯកសណ្ឋាន មិន​កាន់​អាវុធ អស់លោក​ទាំងនោះ គឺជា​ពលរដ្ឋ​សាមញ្ញ ដែលមាន​សិទ្ធិ​ដូច​ពលរដ្ឋ​ដទៃទៀត​ដែរ។ ណាមួយ​ចំណុច​នេះ​វា​គ្មាន​ប៉ះពាល់​អ្វី​បន្តិច​ដល់​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ​ក្នុងការ​គូសវាស​លើ​សន្លឹកឆ្នោត​នោះទេ។

នៅមាន​ចំណុច​ដែល​ព្រួយបារម្ភ​មួយចំនួនទៀត ដូចជា៖ករណី​រំលាយ​គណបក្ស បើសិនជា​រកឃើញថា៖គណបក្ស​ណាមួយ​បង្ក​ឲ្យ​មានការ​រំខាន​ដល់​ប្រ​ត្តិ​ប​ត្តិ​ការណ៍​បោះឆ្នោត។ នេះ​គឺជា​រឿង ដែល​គួរ​ឲ្យ​ព្រួយបារម្ភ តែ​រឿង​អ្វី​ក៏មាន​ល្អ និង​អាក្រក់​ដែរ។ អាក្រក់​ត្រង់​ថា៖សកម្មជន​នយោបាយ រួមទាំង​បក្សនយោបាយ ទទួល​ហានិភ័យ​ខ្ពស់ តែ​វា​ទាក់​នៅត្រង់​ការសម្រេចចិត្ត របស់​គណៈកម្មាការ​ដឹក​នាំ​របស់«គជប»ដដែល ដែល​អាច​សម្រេច​ថា៖ គួរតែ​រំលាយ ឬ​មិន​រំលាយ។ ចំណុច​ល្អ​ត្រង់​ថា៖ជាការ​ព្រមាន​ដល់​សកម្មជន​នយោបាយ ជាពិសេស​មន្ត្រី​មានអំណាច​ខាង​គណបក្សកាន់អំណាច​ដែល​ធ្លាប់តែ​ក្អេងក្អាង​នៅក្នុងពេល​បោះឆ្នោត​ឲ្យ​គិតគូរ​ឲ្យ បានច្បាស់លាស់​ក្នុង​ការបញ្ចេញ​ប្រតិកម្ម​តាម​ច​រឹត​ធម្មជាតិ​របស់ខ្លួន ដែល​សល់​ពី​ជំនាន់​ខ្មែរក្រហម​មក។នៅមាន​ចំណុច​មួយទៀត​គឺ​ការ​ដកយក«កៅអី»តំណាងរាស្ត្រ​ចេញពី​គណបក្ស​ណា ដែល​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត។ គឺ​វា​នៅតែ​ល្អ និង​អាក្រក់​ដដែល។ល្អ​ត្រង់​ថា៖ បង្ខំ​ឲ្យ​អ្នកនយោបាយ​តាំងចិត្ត​ជា​អ្នកលេង​ពិតប្រាកដ ដូចដែល​ពាក្យ​ថា«បើ​លេង​កុំ​ខឹង បើ​ខឹង​កុំ​លេង»។ តែ​ផល​អាក្រក់ គឺ​ហាក់បីដូចជា​ធ្លាក់​ចូលទៅ​គណបក្ស​ប្រជាជន​ទៅវិញ​ទេ បើ​មិនមាន​ការកែប្រែ​បែបបទ​នយោបាយ​របស់ខ្លួន។ ព្រោះថា​គណបក្ស​ប្រជាជន​កាន់អំណាច​ទ័ព។ បើ«គជប»ប្រកាសថា៖គណបក្ស​ផ្សេង​ជា​អ្នកឈ្នះ ហើយ​បក្ស​ប្រជាជន​មិន​ទទួលស្គាល់ នោះ​គឺជា​រឿង​យីអ៊ុន​ដាក់​អារក្ស​ជាន់​មិន​ខាន​ទេ។ តែបើ​ថា៖គណបក្ស​ប្រជាជន​ជា​អ្នកឈ្នះ​វិញ ហើយ​បក្ស​ផ្សេង​មិន​ទទួលស្គាល់​ក៏​ជា​រឿង​ល្អ​ដែរ។ ល្អ​ត្រង់​ថា​ទោះ​តវ៉ា ក៏​មិនដែល​យកឈ្នះ បក្ស​ប្រជាជន​ដដែល​ហ្នឹង អ៊ីចឹង​មិនបាច់​តវ៉ា​នាំ​ខាត​ពេលវេលា​អី​នោះទេ។

តែ​ច្បាស់លាស់​ណាស់​ការបោះឆ្នោត២០១៧ និង២០១៨ គឺ​មិន​ដូចពីមុនៗទេ។លំហូរ​ព័ត៌មាន មាន​គ្រប់​ច្រកល្ហក។មាន​ទាំង​អា​ពិត អា​ក្លែងក្លាយ និង​អា​ប្រឌិត បំភ្លៃ។ ពិត​ក៏ដោយ ក្លែងក្លាយ​ក៏ដោយ​គឺជា​ទូទៅ​មិនសូវមាន​ផល​ល្អ​សម្រាប់​បក្ស​កាន់អំណាច​ប៉ុន្មាន​នោះទេ។ ដូចជា៖ សូម្បីតែ​អាច​ម៏​គោ​លើ​ថ្នល់​ត្រូវ​ឡាន​កិន ក៏​គេ​បន្ទោស​គណបក្ស​ប្រជាជន​ដែរ។
ដូច្នេះហើយ​បានជា​យើង​មើលឃើញថា «សមាសភាព​អ្នក​ទី៩»នោះ​សំខាន់​ប៉ុណ្ណា។ ឬ​អាច​និយាយថា៖ជា​មនុស្ស​ម្នាក់ ដែល​អាច​ទូល​ផែនដី ក្បាល​ទល់​មេឃ ជើង​ជាន់ដី។

ម្យ៉ាងទៀត​យើង​ក៏ត្រូវ​យល់ចិត្ត​ថ្នាក់ដឹកនាំ​នយោបាយ​គណបក្ស​ប្រជាជន​ដែរ គឺ​ពីមុន«គជប» នៅក្នុង​កណ្តាប់ដៃ​យ៉ាង​ណែន​របស់ខ្លួន តាំងពី​ថ្នាក់មូលដ្ឋាន​រហូតដល់​ថ្នាក់ជាតិ។ ជាក់ស្តែង ក្នុងពេល​បោះឆ្នោត២០១៣កន្លងមកនេះ គឺមាន​ទាំង​ភស្តុតាង មាន​ទាំង​សាក្សី​ពី​ភាពមិនប្រក្រតី តែ​ទី​ចុង​បំផុត«គជប»នៅតែ​សម្រេចចិត្ត​ប្រកាស​លទ្ធផល​តាម​លោក ខៀវ កញ្ញា​រិ​ទ្ធិ ដែល​បានប្រកាស​នៅលើ​ទំព័រ​Facebookរបស់លោក​ដដែល។ ដូច្នេះហើយ​បក្ស​កាន់អំណាច​ម៉េច​នឹង​សុខចិត្ត​ឲ្យ​របូត​ពី​ដៃ​បាន​ដោយងាយៗនោះ។តែ​អាច​លាដៃ​បន្តិចបន្តួច ឬ​ច្រើន​ទៅតាម​សមត្ថភាព និង​កម្លាំង​អ្នក​ដែល​ទាមទារ​អស់ទាំងនោះ។

រឿង​ទៅសុំ​កែប្រែ«គជប» គឺ​ដូច​ទៅ​ខ្វេះ​នំ​ប៉ាវ​ពី​មាត់​ឆ្កែចចក ។ ម៉េច​នឹងភ្លាមៗខ្វេះ​បាន​ទាំងអស់នោះ…?

ត្រឡប់មក​ការវិភាគ ឬ​ទស្សនៈ​របស់លោក​ប​ណ្ឌិ​ត​វិញ​គឺថា​មាន​ចំណុច​ជាច្រើន ដែល​ប្រជាពលរដ្ឋ​ដូចជា​យើងខ្ញុំ​មានការ​កោតសរសើរ​និង​ការគោរព​ចំពោះ​គំនិត​ដ៍​មាន​សុភ​វិនិច្ឆ័យ​របស់​អស់លោក។ តែ​ត្រង់ចំណុច​នេះ​យើងខ្ញុំ​គិតថា៖លោក​បណ្ឌិត​ហាក់បីដូចជា​មានគំនិត​ទុទិដ្ឋិនិយម​ជ្រុល​ពេក​គឺ​ដូចជា​យក​ដើមឈើ​មួយ​ដើម​មក​ធ្វើជា​ព្រៃ ឬ​យក​បន្លា​រំពា​ក់មួយ​គុម្ព ដែល​ដាក់​បាំង​ផ្លូវ​មក​ធ្វើជា​ភ្នំ​កាំបិត​អ៊ីចឹង។និយាយ​ដោយ​ខ្លី​គឺ​លោក​បណ្ឌិត​ចង់បាន«គជប»មួយ ដែល​ល្អឥតខ្ចោះ ឯ​ប្រជារាស្ត្រ​ខ្មែរ​ត្រូវការ«គជប»មួយ ដែល​អាច​ជឿ​ទុកចិត្តបាន។

ជូន​ចំពោះ​លោកស្រី ពុង ឈី​វ​ហ្គេ​ក!


បើ​លោកស្រី​ស្ទាក់ស្ទើរ​ក្នុងការ​សម្រេចចិត្ត​ដោយ​ស្តាប់​ការវិនិច្ឆ័យ​របស់លោក​បណ្ឌិត​ទាំងនោះ លោកស្រី​អាច​រក​អង្គភាព​ណាមួយ ដែល​លោកស្រី​ទុកចិត្ត ឲ្យ​ធ្វើ​ប្រជាមតិ​ទៅ​មើលថា៖តើ​ប្រជាពលរដ្ឋ​ទុកចិត្ត និង​យល់ព្រម​ឲ្យ​លោកស្រី​ចូល​ជា​សមាសភាព​អ្នក​ទី៩នោះ ប៉ុន្មាន​ភាគរយ។ បើ​តិចជាង៧០% មិន​យល់ព្រម អ៊ីចឹង​គឺ​មិនគួរ​ចូលក្នុង«គជប»នេះ​ទេ។ តែ​ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​លើសលប់​នឹង​គាំទ្រ​លោកស្រី​ក្នុងកា ធ្វើជា​អ្នក​ទី៩ក្នុង«គជប»ថ្មី​នេះ។

ជាថ្មី​ម្តងទៀត! អ្នកណា​ឲ្យ​លោកស្រី​កើតមក​ជា​កូន​ខ្មែរ ហើយ​ជាទី​សង្ឃឹម​ចុងក្រោយ​ដល់​រាស្ត្រ​ខ្មែរ​ធ្វើ​អី…?




© រក្សាសិទ្ធិដោយ thmeythmey.com