ជាតិ
ក្រសួង​ព្រមាន​ផ្អាក​អាជីវកម្ម​មណ្ឌល​កំសាន្ត​ដែល​គ្មាន​ច្រក​សុវត្ថិភាព និង​មាន​សំឡេង​រំខាន
31, Mar 2015 , 8:15 pm        
រូបភាព

 
ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នឹង​ចាត់វិធានការ​បញ្ចុះ​ថ្នាក់​អាជ្ញាប័ណ្ណ ឬ​បញ្ឈប់​អាជ្ញាប័ណ្ណ​តែម្តង ចំពោះ​មណ្ឌល​កំសាន្ត​ទេសចរណ៍​មនុស្សពេញវ័យ​ណា​ដែល​មិន​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួង។


ក្រសួងទេសចរណ៍ បានចេញ​សារា​ចរណ៍​ណែនាំ​មួយ​កាលពី​ថ្ងៃទី៣០មីនា ស្តីពី​ពង្រឹង​ការគ្រប់គ្រង​មណ្ឌល​កំសាន្ត​មនុស្សពេញវ័យ។

ការណែនាំ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួងទេសចរណ៍​បាន​ពិនិត្យឃើញថា កន្លងមក​សំណង់​ខុស​ប​ចេ្ច​ក​ទេស និង​អាជីវកម្ម​មណ្ឌល​កំសាន្ត​ទេសចរណ៍​មនុស្សពេញវ័យ​មួយចំនួន បាន​បង្ក​ការរំខាន​ដល់​គ្រឹះស្ថានសាធារណៈ ស្ថានទូត មន្ទីរពេទ្យ សាលារៀន ទីតាំង​សាសនា ការ​ស្នាក់នៅ​របស់​អ្នកទេសចរ និង​ប្រជាពលរដ្ឋ ព្រមទាំង​បង្ក​អគ្គិភ័យ​បណ្តាល​ឲ្យ​បាត់​បង់ជីវិត​ភ្ញៀវ​ទេសចរណ៍ បុគ្គលិក​បំរើការ​ងារ​និង​ខូចខាត​ទ្រព្យសម្បត្តិ​ទៀតផង។

បើតាម​សារា​ចរណ៍​ណែនាំ មណ្ឌល​កំសាន្ត​ទេសចរណ៍​ស​មនុស្សពេញវ័យ​ទាំងអស់ ត្រូវ​កែលំអ​ប្រព័ន្ធ​សំឡេង ដើម្បី​ធានាថា​កុំ​ឲ្យ​រំខាន ដល់​គ្រឹះស្ថានសាធារណៈ ស្ថានទូត មន្ទីរពេទ្យ សាលារៀន ទីតាំង​សាសនា ការ​ស្នាក់នៅ​របស់​អ្នកទេសចរ និង​ប្រជាពលរដ្ឋ។

សារា​ចរណ៍​ដដែល​បន្ត​ថា មណ្ឌល​កំសាន្ត​ត្រូវមាន​ច្រក​សុវត្ថិភាព​គ្រប់គ្រាន់ និង​កែលំអ​ប្រព័ន្ធ​ការពារ​អគ្គិភ័យ​តាម​ស្តង់ដារ​បច្ចេកទេស ដើម្បី​បញ្ចៀស​គ្រោះអាសន្នផ្សេងៗ និង​ត្រូវមាន​ចំណេះដឹង​ពី​វិធី​សង្គ្រោះបន្ទាន់​ក្នុងករណី​មាន​អាសន្ន។

មណ្ឌល​កំសាន្ត​ទាំងអស់​មាន​ពេលវេលា​ចំនួន៣ខែ ក្នុង​អនុវត្តន៍​ការណែនាំ​នេះ បើ​មិន​ដូច្នោះ​ទេ ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នឹង​ចាត់វិធានការ​បញ្ចុះ​ថ្នាក់​អាជ្ញាប័ណ្ណ ឬ​បញ្ឈប់​អាជ្ញាប័ណ្ណ​តែម្តង។

សូមបញ្ជាក់ថា កាលពី​ទៀបភ្លឺ ថ្ងៃទី២៣ ខែមីនា​កន្លងទៅ មាន​ករណី​ឆេះ​បន្ទប់​ខារ៉ាអូខេ និង​ឌី​ស្កូ ក្នុង​ក្លឹប​កំសាន្ត​ស្តារ ស្ថិតនៅ​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង។ អគ្គិភ័យ​នោះបាន​បណ្តាល​ឲ្យ​មនុស្ស ៥នាក់​បាន​ស្លាប់បាត់​បង់ជីវិត ៕



© រក្សាសិទ្ធិដោយ thmeythmey.com