ចែម ស្រី​ល័​ក្ខ ម្ចាស់​ជ័យលាភី​ផ្កាយ​រះ​ក្នុង​សួន​វគ្គ២ និយាយ​ពី​គ្រា​លំបាក​ក្នុងសម័យ​ប្រលង
21, Apr 2015 , 10:06 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ម្ចាស់​ជ័យលាភី​ផ្កាយ​រះ​ក្នុង​សួន​វគ្គ២ កញ្ញា ចែម ស្រី​ល័​ក្ខ ដែល​បាន​គ្រង​ពាន​កិត្តិយស​ផ្នែក​ចម្រៀង​សម័យ​ដែល​រៀបចំឡើង​ដោយ​ស្ថានីយទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ១១ ប្រចាំឆ្នាំ២០១៤ បាន​ឲ្យ​ដឹងថា ទម្រាំ​នាង​ឈាន​មកដល់​ដំណាក់កាល​ផ្តាច់ព្រ័ត្រ​នេះ ត្រូវ​ឆ្លងកាត់​ការលំបាក​សព្វបែបយ៉ាង​គ្រា​ដែល​នាង​ធ្វើដំណើរ​មក​ប្រលង​ក្នុង​មួយវគ្គៗនោះ ដ្បិតអី​នាង​ត្រូវធ្វើ​ដំណើរ​ពី​ខេត្តតាកែវ​មក​ភ្នំពេញ។


ក្រោយពី​ជាប់​ជំរើស​ក្នុង​វគ្គ​ជំ​រុះ​ប្រចាំ​សប្តាហ៍ នៃ​កម្មវិធី​ប្រលង​ចម្រៀង​សម័យ ដែលមាន​ឈ្មោះថា ផ្កាយ​រះ​ក្នុង​សួន ដែល​រៀបចំឡើង​ដោយ​ស្ថានីយទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ១១ ប្រចាំឆ្នាំ២០១៤ កញ្ញា ចែម ស្រី​ល័​ក្ខ ដែលជា​បេ​ក្ខ​នារី​មកពី​ខេត្តតាកែវ បាន​រំលឹក​ឲ្យ​ដឹង​ពី​ការលំបាកផ្សេងៗចំពោះ​នាង​ក្នុង​គ្រា​ប្រលង​នោះ​ថា នាង​ត្រូវ​ធ្វើដំណើរ​ពី​ខេត្តតាកែវ​មក​ចូលរួម​ប្រលង​ឆ្លងកាត់​បញ្ហា​មួយចំនួន ដូចជា​ការធ្វើដំណើ​រវិ​ល​ត្រលប់​ទៅ​ស្រុក​វិញ និង​ពេលខ្លះ​ត្រូវ​ស្នាក់នៅ​ភ្នំពេញ​ដើម្បី​ថត​ចម្រៀង​តាម​ការ​ដាក់ជូន​របស់​លោក ហ្វៃ សំអាង ដែលជា​អ្នកគ្រប់គ្រង​កម្មវិធី។

ចែម ស្រី​ល័​ក្ខ ចូលចិត្ត​ច្រៀង​តាម​សំនៀង​ដើម​របស់​តារាចម្រៀង កញ្ញា អ៊ី​វ៉ា។ ឆ្នាំនេះ ស្រី​ល័​ក្ខ មាន​វ័យ១៨ឆ្នាំ​ហើយ នាង​កំពុង​សិក្សា​ថ្នាក់​ទី១២ នៅ​វិទ្យាល័យ​ឈើ​ទាម​ជ្រុំ ខេត្តតាកែវ។ នាង​បាន​ឲ្យ​ដឹងថា នាង​ស្រលាញ់​វិស័យ​ចម្រៀង​នេះ​តាំងពី​អាយុ៨ឆ្នាំ​មកម្ល៉េះ ប៉ុន្តែ​ដើមឡើយ​នាង​ច្រៀង​ចម្រៀង​ផ្នែក​បុរាណ​ប៉ុណ្ណោះ ព្រោះ​មាន​ឪពុក​ជា​អ្នកលេង​ភ្លេង។ លុះដល់​ធំ​ពេញវ័យ នាង​ក៏​ចាប់យក​ច្រៀង​ចម្រៀង​សម័យ​មួយទៀត។ នៅ​រដូវប្រាំង​ដែលជា​រដូវ​គេ​រៀបការ ស្រី​ល័​ក្ខ តែងតែ​ដើរ​ច្រៀង​ភ្លេង​ការ​ជាមួយ​ឪពុកជារឿយ។

ចែម ស្រី​ល័ក្ខ មាន​បងប្អូន៥នាក់ ស្រី២នាក់ នាង​ជា​កូន​ទី៣។ នាង​មាន​ឪពុក​ឈ្មោះ យ៉ុ​ក សំអឿន មុខរបរ លេងភ្លេង​ការ ម្តាយ​ឈ្មោះ ជឿ​ង រ៉េ​ន មុខរបរ​មេផ្ទះ។ សព្វថ្ងៃ ស្រី​ល័​ក្ខ កំពុង​ជាប់​មមាញឹក​ដើរ​ច្រៀង​ភ្លេង​ការ​ជាមួយ​ឪពុក៕


© រក្សាសិទ្ធិដោយ thmeythmey.com