ជាតិ
កណ្តុរស្រែ សម្បូរ​រស់នៅ​កម្ពុជា ឥណ្ឌូនេស៊ី និង​វៀតណាម
25, Apr 2015 , 6:00 pm        
រូបភាព
ដោយ: ថ្មីៗ
កណ្តុរស្រែ (Rats)



ភិនភាគ៖ កណ្តុ​ស្រែ​មាន​ប្រវែង​ក្បាល និង​ដងខ្លួន​ពី ១៣៦-២០៥ម.ម កន្ទុយ​មាន​ប្រវែង​ពី ១៤៩-២១០ម.ម និង​មាន​ទម្ងន់​រហូតដល់ ២៣៩ក្រាម។ ខ្នង​មាន​ពណ៌​ត្នោត​ស្រាល ពោះ​ពណ៌​សលាយ​ប្រផេះ​ដោយមាន​បន្ទាត់​មួយ​ពណ៌​ប្រផេះ​ចាស់​នៅ​ចំ​កណ្តាល​នៃ​ពោះ។ កន្ទុយ​វែង​ជាង​ប្រវែង​ក្បាល-ដងខ្លួន​បន្តិច និង​មាន​ពណ៌​ត្នោត។

ជីវសាស្ត្រ៖ ប្រភេទ​នេះ​ចូលចិត្ត​រស់នៅ​តំបន់​មានទឹក ដែលមាន​ស្មៅ​គ្របពីលើ ហើយ​សម្បូរ​បំផុត​នៅតាម​វាលស្រែ។ គេ​ប្រទះឃើញ​ផងដែរ​នៅតាម​សួនច្បារ និង​ចម្ការ​ផ្លែឈើ​នានា។ វា​ស៊ី​បំផ្លាញ​ដំណាំ​ស្រូវ គ្រាប់ពូជ និង​ស៊ី​ពពួកសត្វ​ដែលមាន​សំបក​រឹង​ដូចជា ក្តាម គ្រំ លៀស​ជាដើម។ សត្វ​កណ្តុរ​នេះ​ត្រូវបាន​គេ​ចាត់ទុកជា​សត្វ​ចង្រៃ​សម្រាម់​កសិកម្ម ពីព្រោះ​វា​បំផ្លាញ​ដំណាំ​ស្រូវ​យ៉ាងច្រើន។ ប្រភេទ​នេះ​មានកូន​ពី៥-១២ក្បាល ហើយ​ជា​ញឹកញាប់ វា​កូន​បី​ដង ឬ​ច្រើនជាង​នេះ​ក្នុង​វដ្ត​ផលិតកម្ម​ដំណាំ​ស្រូវ។

រប៉ាយ​រស់នៅ៖ នៅ​កម្ពុជា​បាន​កត់ត្រា​ថា មាន​វត្តមាន​នៅក្នុង​ទីក្រុង​ភ្នំពេញ ខេត្តកំពង់ចាម កំពង់​ឆ្នាំ តាកែវ តំបន់​ដំណាំ​ស្រូវ​វាលទំនាប និង​ស្ទើរ​គ្រប់​ទីកន្លែង។ ប្រភេទ​នេះ​ត្រូវបាន​គេ​សង្កេតឃើញ​មាន​សម្បូរ​រស់នៅ​ក្នុងប្រទេស​ឥណ្ឌូនេស៊ី និង​វៀតណាម​ផងដែរ។

ស្ថានភាព​អភិរក្ស៖ កណ្តុរស្រែ​សម្បូរ​រស់នៅ​តាម​តំបន់​ដែលមាន​ស្រូវ វា​បំផ្លាញ​ស្រូវ និង​ដំណាំ​របស់​កសិករ ដោយហេតុនេះ ទើប​គេ​ចាត់ទុក​វា​ថា​ជា​សត្វ​ចង្រៃ។ ចំនួន​វា​កើន​ច្រើន​កាលណា​ការបំផ្លាញ​ក៏​កាន់តែ​កើនឡើង​ផងដែរ។ អាស្រ័យហេតុនេះ​ទើប​ប្រជាជន​នៅ​តំបន់​ខ្លះ​ប្រើ​ថ្នាំពុល ឬ​ដាក់​អង្គប់ ដើម្បី​សម្លាប់ និង​បន្ថយ​កំណើន​នៃ​ចំនួន​របស់​វា៕




© រក្សាសិទ្ធិដោយ thmeythmey.com