ជាតិ
បទវិភាគ
​​​ន​យោ​បាយ​ជាតិ​
ច្រំ​ដែល៖ក្រោយ​អ្នកនយោបាយ​ត្រូវ​គ្នា អ្នកស្លាប់​ក្នុង​ជម្លោះ​នយោបាយ​គ្មាន​អ្នកទទួលខុសត្រូវ!
23, Apr 2015 , 11:52 am        
រូបភាព
ដោយ: ថ្មីៗ
  តើ​មាន​អ្នកស្លាប់​ប៉ុន្មាន​នាក់ របួស​ប៉ុន្មាន​នាក់ និង​អ្នក​ជាប់ពន្ធនាគារ​ប៉ុន្មាន​នាក់​ចាប់តាំងពី​មាន​ភាព​តានតឹង​ក្នុង​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ នៅក្រោយ​ការបោះឆ្នោត? ទីបំផុត គណបក្ស​ទាំងពីរ​ក៏​ព្រមព្រៀងគ្នា​បញ្ចប់​វិបត្តិ​នយោបាយ ហើយ​ដឹក​ដៃ​គ្នា​ចូល​សភា ព្រមទាំង​បង្កើត​ចំណងមិត្តភាព​ជាមួយគ្នា​យ៉ាង​ស្អិតរ​មួ​ត។ ប៉ុន្តែ តើ​អ្នកណា​ទទួលខុស​ត្រូវចំ​ពោះ​ជនរងគ្រោះ​ក្នុង​ជម្លោះ​នយោបាយ​ក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី ៥ កន្លងមកនេះ? នេះ​ជា​មេរៀន​ដែល​ខ្មែរ​គួរតែ​ដក​ពិសោធន៍​ដើម្បី​បញ្ចៀស​ភាព​ច្រំ​ដែល ។

 

ស្តា​ប់លោក ជា ធី​រិ​ទ្ធ!


ជីវិត​មនុស្ស​ទោះជា​អ្នកមាន​ឬ​អ្នកក្រ​មានតម្លៃ​ស្មើគ្នា នេះ​ជា​ទ្រឹស្តី ប៉ុន្តែ ក្នុង​ជីវភាព​ជាក់ស្តែង គ្មាន​ឡើយ​ការពិត។ អ្នកក្រ​ច្រើនតែ​ស្លាប់ទៅ ដោយ​គ្មាន​តម្លៃ​និង​គ្មាន​ន័យ​អ្វី​ទាំងអស់។ នៅក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ មាន​មនុស្ស​ច្រើនណាស់​ដែល​ស្លាប់​ដោយ​អយុត្តិធម៌​និង​ដោយ​គ្មាន​អ្នកទទួលខុសត្រូវ​ជាពិសេស​នៅក្នុង​ជម្លោះ​នយោបាយ​តានតឹង។  

ដោយនិយាយ​ត្រឹមតែ​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​ខែកក្កដា​ឆ្នាំ ២០១៣ ក៏​ជា​ភស្តុតាង​ថ្មី​ទៀត​ដែល​បញ្ជាក់ថា ខ្មែរ​នៅ​មិនទាន់បាន​ដក​បទពិសោធ​គ្រប់គ្រាន់​ពី​ប្រវត្តិសាស្ត្រ​របស់ខ្លួន​នៅឡើយ​ទេ។ ទាំង​អ្នកស្លាប់​កាលពី​យប់​ថ្ងៃទី ១៥ កញ្ញា​ឆ្នាំ ២០១៣ នៅ​ម្តុំ​ស្ពាន​ព្រះមុនីវង្ស​ក្នុង​ថ្ងៃ​មហា​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ស្ត្រី​ម្នាក់ទៀត​នៅ​ស្ទឹងមានជ័យ​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ស្រដៀង​គ្នា​នេះ​កាលពី​ថ្ងៃទី ១២ វិច្ឆិកា​ឆ្នាំ​ដដែល និង​ទាំង​អ្នកស្លាប់​និង​របួស​ក្នុង​ព្រឹត្តិការណ៍​ហិង្សា​កាលពី​ថ្ងៃទី២និង​ទី៣មករា​ឆ្នាំ ២០១៤ នៅលើ​ផ្លូវ​វ៉េងស្រេង​សុទ្ធតែ​មិន​ទទួលបាន​យុត្តិធម៌​នៅឡើយ។  

ទាំង​អ្នកធ្វើ​បាតុកម្ម ទាំង​សមត្ថកិច្ច បក្ស​កាន់អំណាច បាន​ត្រឹម​ចង្អុលមុខ​ដាក់គ្នា​ដោយ​គ្មាន​អ្នកណា​ទទួលខុសត្រូវ​ទាំងអស់។ ទីបំផុត ពួកគេ​ក៏ត្រូវ​គ្នា​វិញ​និង​អង្គុយ​ធ្វើការ​ជាមួយគ្នា​ធ្វើ​ព្រងើយ ចែក​អំណាច​គ្នា ហើយ​សរសើរ​គ្នា​ទៅវិញ​ទៅមុខ​ប្រៀបដូចជា​មហាមិត្ត​នឹង​គ្នា ។ នេះ​មិនមែនជា​រឿង​ថ្មីថ្មោង​ទេ​សម្រាប់​សង្គម​កម្ពុជា ដែលមាន​អ្នករងគ្រោះ​ដោយ​មិនដឹង​ខ្លួន​យ៉ាង​អយុត្តិធម៌​ដោយ​គ្មាន​អ្នកទទួលខុសត្រូវ ។ ទីបំផុត អ្វីៗក៏​ស្ងាត់ឈឹង ហើយក៏​ត្រូវគេ​បំភ្លេចចោល។ ជីវិត​មនុស្ស​ដែល​ក្នុង​ស្លាប់​ក្នុង​ជម្លោះ​នយោបាយ គ្មាន​អ្នកទទួលខុសត្រូវ។  

ជាការ​ពិតណាស់ ចរិត​របស់​អ្នកនយោបាយ​ខ្មែរ​ច្រើនតែ​ពូកែ​ខាង​ទទួល​ត្រូវ តែ​មិនដែល​ទទួលខុស ។ សូម្បីតែ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ដែលមាន​វ័យ​ចំណាស់​ដល់​ម្លឹ​ង​ទៅហើយ ក៏​នៅតែ​បដិសេធ​មិន​ទទួលកំហុស​ចំពោះ​អ្វីដែល​បានកើត​ឡើង​ក្នុង​របប​ដែល​ខ្លួន​ដឹកនាំ​ដែរ។ ផ្ទុយទៅវិញ ពួកគេ​បែរជា​ខិតខំ​រក​វិធី​គ្រប់បែបយ៉ាង​ដើម្បី​ការពារ​ខ្លួន​ដោយ​ទម្លាក់កំហុស​តែ​ទៅលើ​អ្នកស្លាប់។  

ងាក​មក​មើល​ជម្លោះ​នយោបាយ​និង​អំពើហិង្សា​ដែល​កើត​ដូច​បានលើកឡើង​ខាងដើម គេ​ក៏​មិនបាន​ឃើញ​ការទទួលខុសត្រូវ​រប​ស់​អ្នកណាម្នាក់​ដែរ។ សមត្ថកិច្ច​បាន​ត្រឹម​ប្រើពាក្យ​ថា ជាការ​ការពារ​ខ្លួន​ប្រឆាំងនឹង​ក្រុម​ឱកាសនិយម ខណៈដែល​អ្នករៀបចំ​បាតុកម្ម​វិញ​បាន​ត្រឹម​ស្រែក​ថ្កោលទោស​សមត្ថកិច្ច​ថា​ជា​អ្នកបាញ់​ប្រហារ​ទៅលើ​ពួកគេ។ តើ​អ្នកណា​ទទួលខុស​ត្រូវចំ​ពោះ​ជនរងគ្រោះ​ទាំង​ភាគី​បាតុករ​ទាំង​សមត្ថកិច្ច?  

ប្រសិនបើ​គេ​វិភាគ​ទៅលើ​ជម្រៅ​ទៅលើ​សាច់រឿង គេ​នឹង​ឃើញថា ដើមហេតុ​មានតែ​ម្យ៉ាង​គត់​គឺ​បណ្តាលមកពី​កង្វះ​វប្បធម៌​ជជែក​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ជាមុន ដែលជា​ជំងឺ​សង្គម​មួយ​គួរតែ​ទទួលបាន​ការព្យាបាល​ជាបន្ទាន់។ បញ្ហា​នេះ​មិនមែន​កើត​តែ​ក្នុង​ពិភព​នយោបាយ​ទេ តែ​ក៏មានដែរ​នៅក្នុង​សង្គម​ទូទៅ។ រឿង​បន្តិចបន្តួច​មិន​ព្រម​អង្គុយ​និយាយ​គ្នា​តាម​សម្រួល តែ​បែរជា​បណ្តោយ​ឲ្យ​រឿង​តូច​ក្លាយជា​រឿង​ធំ​រហូតដល់​កើត​អំពើហិង្សា។ ក៏ប៉ុន្តែ​ចុងក្រោយ បន្ទាប់ពី​មានជីវិត​ពលរដ្ឋ​ខ្មែរ​ស្លាប់ ទើប​នាំគ្នា​បង្កើត​វប្បធម៌​សន្ទនា​គ្នា។   

នៅពេល​មាន​អំពើហិង្សា​កើតឡើង សកម្មភាព​កម្រោល​ក៏បាន​កើតឡើង​ទាំង​ក្រុមបាតុករ​ទាំង​សមត្ថកិច្ច ដោយម្នាក់ៗបញ្ចេញ​កំហឹង​យក​មួយ​ឈ្នះ​ដៃ។ ជា​លទ្ធផល​ចុងក្រោយ មាន​អ្នកស្លាប់ អ្នករបួស និង​អ្នក​ជាប់ពន្ធនាគារ។ នេះ​នៅ​មិនទាន់​រាប់​ការខូចខាត​ទ្រព្យសម្បតិ្ត​សាធារណៈ​និង​ឯកជន​ជាច្រើន​ទៀតផង​ទេ។  តើ​ខ្មែរ​គួរ​បន្ត​ប្រកាន់​អាកប្បកិរិយា​ខាតបង់​និង​គ្មាន​អ្នកណា​ទទួលខុសត្រូវ​បែបនេះ​តទៅទៀត​ឬ?  

វា​ពិតជា​រឿង​អភ័ព្វ​ណាស់​សម្រាប់​ប្រទេស​កម្ពុជា ប្រសិនបើ​អ្នកនយោបាយ​ជាពិសេស​អាជ្ញា​ធរមាន​ស​ម​ត្ថ​កិច្ច​មិន​ប្រញាប់​ផ្លាស់ប្តូរ​អាកប្បកិរិយា​នេះ​ចេញ​ជាបន្ទាន់​ទេនោះ ពីព្រោះ​បើ​ស្ថានភាព​នេះ​នៅតែ​បន្ត​សង្គម​ខ្មែរ​ពិបាក​រកឃើញ​សន្តិភាព​និង​សុខដុម​រម្យ​នា​ណាស់។ ដើម្បី​ចាកចេញ​ពី​វាល​វដ្ត​សង្សារ​ដ៏​មហា​ធំធេង​នេះ មាន​កត្តាសំខាន់ៗមួយចំនួន​ដែល​ត្រូវ​សម្រេច​ឲ្យ​បាន៖  

ទី១ ខ្មែរ​គ្រប់ភាគី​ត្រូវ​ផ្លាស់ប្តូរ​ផ្នត់គំនិត​ថ្មី​បែប​ទំនើប​ជាង​មុន គឺ​ផ្លាស់ប្តូរ​ពី​ភាព​អស្មិមានះ​យកឈ្នះ​ចាញ់​ដោយ​កម្រោល​មកជា​ការទទួល​យក​វប្បធម៌​ពហុ​គំនិត​ដោយ​ស្តាប់​ហេតុផល​គ្នា​ទៅវិញទៅមក។   

ទី២ អ្នកនយោបាយ​ត្រូវ​បង្កើន​វប្បធម៌​ទទួលខុសត្រូវ​ឲ្យ​បាន​ច្រើន​ជា​អតិបរិមា​ពោលគឺ​ការទទួល​កំហុស​មិនមែនជា​រឿង​គួរ​ឲ្យ​អាម៉ាស់​ទេ តែ​វា​ជា​គុណធម៌​ទៅវិញ​ទេតើ​ពីព្រោះ​ការ​ស្គាល់​កំហុស​មានន័យ​ស្មើនឹង​ការកែខ្លួន​ទៅរក​ផ្លូវត្រូវ។ នៅពេលដែល​មនុស្ស​មាន​ទំនួល​ខុសត្រូវ មនុស្ស​នឹង​ខ្លាច​ការប្រព្រឹត្ត​កំហុស​ជាមិនខាន។  

ទី៣ ត្រូវប្រកាន់យក​ធម៌​អហិង្សា​ក្នុង​គ្រប់​កាលៈទេសៈ ពោលគឺ​បើទោះបីជា​ស្ថិតក្នុង​ស្ថានភាព​តានតឹង​យ៉ាងណាក៏ដោយ ក៏​គេ​មិនគួរ​បណ្តោយ​ឲ្យ​ធម៌​ហិង្សា​ដឹកមុខ​ឡើយ។ ពាក្យចាស់​បូរាណ​ខ្មែរ​ពល​ថា «ខឹង​ខាត ខឹង​ខុស»។ ដូច្នេះ ការព្យាយាម​រំលត់​កំហឹង​តាម​គន្លង​ព្រះពុទ្ធសាសនា គឺជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ស្វែងរក​សេចក្តីសុខ​ជូន​សង្គម៕  

© រក្សាសិទ្ធិដោយ thmeythmey.com