កីឡាជាតិ
ជាតិ
ជប៉ុន-កម្ពុជា បង្កើតពាន​ហ្វុ​ត​សាល​ដើម្បី​អបអរ​ដល់​ស្ពាន «ត្សឹបាសា» ​ដែល​វែង​ជាងគេ​នៅ​កម្ពុជា
24, Apr 2015 , 11:56 am        
រូបភាព
ដោយ: ថ្មីៗ
ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​សហការគ្នា​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ហ្វុ​ត​សាល​មួយ​ដែលមាន​ឈ្មោះថា «Tsubasa Futsal Cup for Tomorrow» នា​សៅរ៍ ទី២៥ ខែមេសា ខាងមុខ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ព្រឹត្តិការណ៍​នេះ ធ្វើឡើង​ដើម្បី​អបអរ​ការដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​វែង​បំផុត​នៅ​កម្ពុជា គឺ​ស្ពាន «ត្សឹ​បា​សា» ឬ​ស្ពាន «អ្នក​លឿង» ដែលជា​ចំណងដៃ​របស់​រដ្ឋាភិបាល​ជប៉ុន។

 

ក្រុមកីឡា​បាល់ទាត់​ហ្វុ​ត​សាល​ចំនួន៥របស់​កម្ពុជា និង​ក្រុម៥ផ្សេងទៀត​មកពី​ជប៉ុន នឹងចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ «Tsubasa Futsal Cup for Tomorrow» ។ ពានរង្វាន់​ដែល​ផ្តួចផ្តើមឡើង​ដោយ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) នឹង​ប្រព្រឹត្តទៅ​រយៈពេល​ពេញ​មួយថ្ងៃ​នា​ថ្ងៃ​សៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០១៥ នៅក្នុង​សាល​នៃ​ពហុ​កីឡដ្ឋាន​ជាតិ។

  «Tsubasa Futsal Cup for Tomorrow» គឺជា​ព្រឹត្តិការណ៍​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ដើម្បី​រឹតចំណង​ការទូត​រវាង​រាជាណាចក្រ​កម្ពុជា និង​ជប៉ុន បន្ទាប់ពី​ស្ពាន «ត្សឹ​សា​បា» ដែល​គេ​ស្គាល់​ថា ជា​ស្ពាន​អ្នក​លឿង ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​កាលពី​ដើមខែ​កន្លងមក។ ក្រោម​ជំនួយឥតសំណង​ប្រមាណ៩៥លាន​ដុល្លារ​អាមេរិក​ពី​រដ្ឋាភិបាល​ជប៉ុន ត្សឹ​បា​សា លេច​ជា​រូបរាង​ឡើង​ក្នុងនាម​ជា​ស្ពាន​ដែល​វែង​ជាងគេ​នៅ​កម្ពុជា និង​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១ស្ថិតនៅ​ខេត្តព្រៃវែង​ដែល​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បាវិត ព្រំប្រទល់​ប្រទេស​វៀតណាម។

ក្លិប Albirex Niigata Phnom Penh ដែល​បាន​ដកខ្លួន​ចេញពី​ការប្រកួត​ដណ្តើមពាន​រង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ដើម្បី​ផ្តោតលើ​កម្មវិធី​កីឡាបាល់ទាត់​ថ្នាល និង​កម្មវិធី​បណ្តុះបណ្តាលផ្សេងៗ គឺជា​អ្នកទទួលបន្ទុក​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​នេះ។

បើតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC សម្រាប់​ជំនួប​រវាង​ក្រុម​មិនមែន​អាជីព​នេះ ក្រុម​កម្ពុជា និង​ជប៉ុន មាន​កីឡាករ៤ក្រុម និង​កីឡាការិនី១ក្រុមរៀងៗខ្លួន។ ក្រុម​កម្ពុជា មាន​មួយក្រុម​ត្រូវបាន​រើស​ចេញពី​តំបន់​អ្នក​លឿង​នៃ​ខេត្តព្រៃវែង​ដែល​នៅ​ខាងកើត​ស្ពាន Tsubasa ក្រុម​ខេត្តកណ្តាល​ដែល​ស្ថិតនៅ​ដើម​ស្ពាន​ខាងលិច ក្រុម​អង្គការ​ដើម្បី​ភាព​ញញឹម នៃ​កុមារ និង​ក្រុម NOCC ខណៈ​ក្រុម​នារី គឺ​ក្រុម A Yo GG ដែល​បានឈ្នះ​ជើងឯក​ក្នុង​ព្រឹត្តិការណ៍ Cam Ed Women Futsal-Cup 2015 ។

ដោយឡែក​ភាគី​ជប៉ុន បុរស​ទាំង៤ក្រុម​មិនមាន​កីឡាករ​អាជីព​នោះឡើយ ហើយ​ក្រុម​នារី​ជប៉ុន តំណាង​ដោយ​ក្រុម Nankatsu Shooters ដែល​បាន​បង្កើតឡើង​កាលពី​ឆ្នាំ២០០៥  ដោយ​លោក Yoichi Takahashi ដែលជា​អ្នកនិពន្ធ និង​ជា​អ្នក​គូ​រូប​ត្លុក​ដ៏​ល្បីល្បាញ​ម្នាក់​នៅ​ប្រទេស​ជប៉ុន។ វត្តមាន​របស់​ក្រុម​មួយ​នេះ ក៏​ដើម្បី​លើក​កម្ពុជា​វិស័យ​កីឡាបាល់ទាត់​ផ្នែក​នារី​ផងដែរ។

លោក វ៉ា​ត់ ចំរើន បានបញ្ជាក់​ឲ្យ​ដឹងថា ក្រុម​បុរស​ទាំង៨ក្រុម​នឹងធ្វើ​ការប្រកួត​ជា​លក្ខណ:វិលជុំ ដោយ២ប្រកួត​មាន​រយៈពេល២០នាទី ហើយ​ក្រុម៤ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​នឹង​ឈាន​ជា​បន្តបន្ទាប់​រហូតដល់​វគ្គ​ផ្តាច់ព្រ័ត្រ៕    

© រក្សាសិទ្ធិដោយ thmeythmey.com