ជាតិ
​​​ន​យោ​បាយ​ជាតិ​
ហ៊្វុនស៊ិនប៉ិចបញ្ជូន ព្រះអង្គម្ចាស់ រណឫទ្ធិ និងអ្នក​ម្នាង​ផល្លា ទៅព្យាបាលនៅ​ប្រទេសថៃ​​
26, Apr 2015 , 11:30 am        
រូបភាព
រូបថត​ព្រះអង្គម្ចាស់ រណឫទ្ធិ ពីហ្វេស​ប៊ុក​លោក ធៀង វណ្ណដារ៉ុង​ មន្រ្តី ហ៊្វុនស៊ិនប៉ិច
រូបថត​ព្រះអង្គម្ចាស់ រណឫទ្ធិ ពីហ្វេស​ប៊ុក​លោក ធៀង វណ្ណដារ៉ុង​ មន្រ្តី ហ៊្វុនស៊ិនប៉ិច
ដោយ:
 
ក្រុម​ការងារគណបក្ស​ ហ៊្វុនស៊ិនប៉ិច កំពុងញាប់ដៃញាប់ជើងធ្វើលិខិត​ស្នាម​ផ្សេងៗ ដើម្បីបញ្ជូនព្រះអង្គម្ចាស់​​ នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង​ អ៊ុក ផល្លា តាម​យន្តហោះ ទៅព្យាបាលបន្ត​នៅមន្ទីរ​ពេទ្យ​ក្នុង​ទីក្រុង​បាង​កក ប្រទេសថៃ នៅព្រឹកថ្ងៃ​អាទិត្យនេះ ។ ពាក់​ព័ន្ធ​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ គណបក្ស​ ហ៊្វុន​ស៊ិនប៉ិច សង្ស័យថា ករណី​នះ អាចជា​ប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោ​បាយ ។ នេះបើតាម​អ្នក​នាំពាក្យគណបក្ស​ ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន ។



ស្តាប់សំឡេង លោក ជា ធីរិទ្ធ



ក្រោយសម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​ រ៉ូយាល់ រតនៈ នៅភ្នំពេញ​ បន្ទាប់​ពី​ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កាល​ពីម្សិលមិញ គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច  នឹងបញ្ជូន​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា ទៅព្យាបាលបន្តនៅមន្ទីរពេទ្យ​ក្រៅ​ប្រទេស​  ។ អ្នកនំាពាក្យគណបក្ស​ ហ៊្វុន​ស៊ិនប៉ិច  លោក ញ៉េប ប៊ុនជិន អះអាងថា ពេលនេះ មន្រ្តីគណបក្ស​ ហ៊្វុនស៊ិនប៉ិច កំពុងមមាញឹករៀបចំលិខិតស្នាម ដើម្បីបញ្ជូនព្រះអង្គម្ចាស់ រណឫទ្ធិ និងអ្ន​​​កម្នាង​ផល្លា ទៅព្យាបាល​នៅប្រទេស​ថៃ នៅព្រឹក​ថ្ងៃអាទិត្យនេះ ។ « ខ្ញុំ​មិន​អាច​ប្រាប់​ឈ្មោះមន្ទីរ​ពេទ្យ​ នៅ​ប្រទេស​ថៃ​ទេ ដែល​ព្រះ​អង្គ​ព្យាបាល​ទេ ។ ខ្ញុំ​សូម​បញ្ជាក់​ថា មិនមែនយើងមិនទុកចិត្ត ឬជឿជាក់លើពេទ្យក្នុងស្រុកទេ តែយើងយាងព្រះអង្គទៅព្យាបាលនៅប្រទេសថៃ ព្រោះគេមានឧបករណ៍គ្រប់គ្រាន់ជាងយើង » ។ នេះ​ជាការ​បញ្ជាក់របស់អ្នក​​នាំពាក្យ​ខាងលើ។ 

បើតាមលោក ញ៉េប ប៊ុនជិន មកដល់ពេលស្ថានភាពរបួសរបស់ព្រះអង្គម្ចាស់ រណឫទ្ធិ និងអ្នក​ម្នាង​ ផល្លា មានភាពធូរស្រាលជាងមុន ។ «តាមពិត​ទៅ​សម្តេចក្រុមព្រះ ព្រះអង្គគ្មានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែប៉ះពាល់​បន្តិច​ប៉ុណ្ណោះ ហើយ​អ្នក​ម្នាង​ ផល្លា រង​របួសក្បាល​។ តែយើង​យាង​ព្រះអង្គ​ទៅ​ព្យាបាល​នៅថៃទៅ ដើម្បី​ឲ្យ​អស់​ចិត្ត ព្រោះ​យើង​បារម្ភ​ពី​ព្រះអង្គ​  »  ។  

ព្រះអង្គ​ម្ចាស់​នរោត្តម រណ​ឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា ស្ថិត​ក្នុង​ចំណោម​ជន​រងគ្រោះ៦នាក់​ក្នុងហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ទៅ​លើក្បួន​រថយន្ត​របស់ព្រះអង្គ​ម្ចាស់នរោត្តម រណឫទ្ធិ ប្រធានគណ​បក្ស​ហ៊្វុន​ស៊ិនប៉ិច នា​វេលា​ម៉ោង​ជិត​១រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៥​នេះ។ ហេតុការណ៍​គ្រោះ​ថ្នាក់​បាន​កើតឡើង​នៅ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧ ក្នុងភូមិព្រៃ​ខ្វិត ឃុំខ្វិតធំ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ដោយ​រថយន្ត​ដឹកដី​បាន​ចូល​កាត់​ក្បួន​រថយន្ត​ព្រះអង្គ​ម្ចាស់​ នរោត្តម រណ​ឫទ្ធិ ក្នុងដំណើរ​មក​កាន់​រាជ​ធានីភ្នំពេញ។

ទាក់ទង​ករណីគ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ​លោក ញ៉េប ប៊ុនជិន បាន​បញ្ជាក់​ប្រាប់​សារព័ត៌មានថ្មីៗថា រឿងនេះមិន​មែន​ជារឿង​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ធម្មតា​នោះឡើយ​ ដោយ​លោក​សង្ស័យ​ថា មានពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​។​ អ្នក​នាំពាក្យ​រូប​នេះ​បញ្ជាក់​យ៉ាងនេះថា ៖ « ពេលនេះមេធាវីរបស់​យើង​កំពុង​រៀបចំ​នីតិវិធី​ ដើម្បី​ដាក់​ពាក្យបណ្តឹង​ហើយ។ រឿងនេះ មិនធម្មតាទេ វាអាចជារឿង​នយោបាយ ព្រោះ​ក្បួនរថយន្ត​សម្តេច​ក្រុម​ព្រះ ធ្វើដំណើរមានឡានស៊ីរ៉ែន ដែលបើក​បរយឺតតែ ៣០ គីឡូ​ម៉ែត្រក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ ហេតុ​អ្វីឡាន​ដឹកដៃ​នោះ​មក​បុក ? សុទ្ធតែមានចេត​នា​ទុក​ជាមុន​ហើយ ។ ខ្ញុំមិនអាចនិយាយថា គណបក្សនយោបាយ​ ឬ​ក្រុម​ណាមួយ​ចង់​ធ្វើ​ឃាត​សម្តេ​ចក្រុម​ព្រះ​​ បានទេ ទុកឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រឿង​នេះ​រក​ការពិត​ ។

សូម​បញ្ជាក់​ផង​ដែរ នៅព្រឹក​ថ្ងៃទី​២៥ ខែមេសា នេះ ព្រះអង្គ​ម្ចាស់ នរោត្តម រណ​ឫទ្ធិ ប្រធានគណបក្ស​ហ៊្វុនស៊ិនប៉ិច រួមជាមួយ​លោក ញឹក ប៊ុនឆៃ លោក កែវ ពុទ្ធរស្មី នឹង​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត បាន​ចូល​រួម​ក្នុងពិធី​សំណេះសំណាល​ជាមួួយ​ថ្នាក់​ដឹកនាំក្រោម​ជាតិ និងពល​រដ្ឋដែលគាំទ្រ​គណបក្ស​នៅក្នុងមូលដ្ឋានស្រុកព្រៃឈ ខេត្តកំពង់ចាម។



© រក្សាសិទ្ធិដោយ thmeythmey.com