អន្តរជាតិ
អាមេរិក​ចាប់​ទម្លាក់​ជំនួយ​សង្គ្រោះ​ប្រជាជន​នេ​ប៉ាល់ ខណៈ​អ្នកស្លាប់​ចេះតែ​កើនឡើង
26, Apr 2015 , 1:04 pm        
រូបភាព
រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចាប់ផ្តើម​បញ្ជូន​ក្រុម​ឆ្លើយតប​គ្រោះមហន្តរាយ ទៅកាន់​ប្រទេស នេ​ប៉ាល់ ដើម្បី​ជួយ​សហការ​ដោះស្រាយ​បញ្ហា​វិបត្តិ និង បញ្ហា​នានា​ក្រោយ​កើតមាន​គ្រោះ មហន្តរាយ​រញ្ជួយ​ដី​ដែល​សម្លាប់​មនុស្ស​រហូត​ដល់​ជិត២០០០នាក់។ ក្រៅពីនេះ ក៏មាន​ការអនុម័ត កញ្ចប់​ថវិកា​សម្រាប់​ផ្គត់ផ្គង់ និង​ដោះស្រាយ​បន្ទាន់​បង្ខំ​នានា​សម្រាប់​នេ​ប៉ាល់​ផងដែរ។



ជាបឋម​រដ្ឋាភិបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បញ្ជា​អោយ​ស្ថាប័ន​ពាក់ព័ន្ធ បញ្ជូន​ក្រុម​ឆ្លើយ តប​នឹង​គ្រោះមហន្តរាយ​ទៅកាន់​ប្រទេស​នេ​ប៉ាល់ ដើម្បី​សហការ​ជួយសង្គ្រោះ​ប្រជាជន​ដែល រងគ្រោះ និង​ត្រូវការ​ជំនួយ។ ការបញ្ជូន​ក្រុម​ឆ្លើយតប​គ្រោះមហន្តរាយ​នេះ​ត្រូវ​រៀបចំឡើង ក្រោយ​កើតមានឡើង​គ្រោះមហន្តរាយ​រញ្ជួយ​ដី​នៅ​នេ​ប៉ាល់ ដែល​បាន​ឆក់​អាយុជីវិត​មនុស្ស ជិត២០០០នាក់ និង​បំផ្លិចបំផ្លាញ​នេ​ប៉ាល់​យ៉ាងដំណំ។

បច្ចុប្បន្នេះ ក្រៅពី​បញ្ជូន​ក្រុម​អ្នកជំនាញ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក៏បាន​សម្រេច​ទម្លាក់ កញ្ចប់​ថវិកា ១លាន​ដុល្លារ​អាមេរិក​ផងដែរ ដើម្បី​ផ្តល់​ឲ្យ​រដ្ឋាភិបាល​ក្រុង​កាត់​ម៉ាន់​ឌូ​ប្រើប្រាស់ ក្នុង​កាលៈទេសៈ​ចាំបាច់ ឆ្លើយតប​នឹង​ត្រូវការ​បន្ទាន់​បង្ខំ​នានា។

បើតាម​ភ្នាក់ងារ​អាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ ក្រុមការងារ​កំពុង​ដុតដៃដុតជើង​ដើម្បី ជួយ​សម្រួល​ដល់​ការផ្តល់​ជំនួយ​ទៅកាន់​ប្រជាជន​ដែល​ប្រឈម​គ្រោះថ្នាក់ និង​ដែល​ត្រូវការ ជំនួយ​ខ្លាំង។ ហើយ​កញ្ចប់​ថវិកា​ចំនួន ១លាន​ដុល្លារ​នោះ​នឹង​ត្រូវគេ​យកទៅ​ប្រើប្រាស់ ឆ្លើយតប​រាល់​តម្រូវកា​រ​ចាំបាច់​និង​ប្រញាប់​ផងដែរ។ បើទោះជា​ទំហំ​ថវិកា​បឋម​នេះ​មិន​ច្រើន ប៉ុន្មាន​ក៏ពិតមែន ជំនួយ​នេះ​អាច​នឹង​ជួយ​ច្រើន​ដល់​ការដោះស្រាយ​ផ្នែក​ស្បៀងអាហារ​លំនៅ ដ្ឋា​ន​បណ្តោះអាសន្ន និង​ប្រើប្រាស់​ដើម្បី​សម្រួល​ទុក្ខលំបាក​ផ្សេងទៀត​របស់​ប្រជាជន នេ​ប៉ាល់។

គេ​រំពឹងថា​បណ្តា​ប្រទេស​មហាអំណាច​ប្រទេសជិតខាង និង​ស្ថាប័ន​មនុស្សធម៌​នានា​នឹង ចាត់វិធានការ​ចាំបាច់​និង​ជួយ​គាំទ្រ​ទាំង​ស្មារតី និង​ជំនួយ​មនុស្សធម៌​ទៅដល់​រដ្ឋាភិបាល នេ​ប៉ាល់ និង​ប្រជាជន​នេ​ប៉ាល់​ដែល​កំពុង​រងគ្រោះ​ផងដែរ។ មកទល់ពេលនេះ ប្រទេស​មហា យក្ស​អាស៊ី​ខាងត្បូង និង​ជា​ប្រទេសជិតខាង​នេ​ប៉ាល់ ឥណ្ឌា និង​ប៉ា​គី​ស្ថាន ក៏បាន​ខ្វែង​ដៃ​ខ្វែង ជើង បញ្ជូន​ជំនួយ​មនុស្សធម៌​ចាំបាច់​ទៅកាន់​ប្រទេស​នេ​ប៉ាល់ ដើម្បី​សម្រាលទុក្ខ​លំបាក​របស់ ប្រជាជន​មួយកម្រិត។

គួរ​បញ្ជាក់ថា ប្រទេស​នេ​ប៉ាល់​រងគ្រោះថ្នាក់​ដោយសារ​គ្រោះធម្មជាតិ​រញ្ជួយ​ដី​កម្រិត​ខ្ពស់ រហូតដល់ ៧.៩ រ៉ិ​ច​ទ័​រ ហើយ​គ្រោះមហន្តរាយ​នេះ​មិន​ត្រឹមតែ​ឆក់យក​អាយុជីវិត​មនុស្ស រាប់ពាន់នាក់​ប៉ុណ្ណោះ​ទេវា​ក៏បាន​បំផ្លិចបំផ្លាញ​អាគារ ផ្ទះសម្បែង សំណង់​បុរាណ​ជា បេ​តិក​ភ័​ណ្ឌ​ពិភពលោក​ជាច្រើន​ផ្សេងទៀត​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com