ជាតិ
ពីនេះ ពីនោះ
រឿង​មហស្ចារ្យ​ប្រចាំថ្ងៃ​ទាំង៥ របស់​ពលរដ្ឋជនជាតិ​​រំដួល
28, Jun 2015 , 8:41 pm        
រូបភាព
នៅ​ប្រទេស​រំដួល​មានរឿង​ឆ្ងល់ រឿង​មហស្ចារ្យ ឬ​អច្ឆរិយៈ​រាប់មិនអស់។ គឺ​ពលរដ្ឋ​នៃ​ប្រទេស​នេះ​ដែល​ធ្វើ​រឿងឆ្ងល់ៗ មិន​ឲ្យ​គេ​យល់បាន។ សារព័ត៌មានថ្មីៗ សូម​បង្ហាញ​រឿង​មហស្ចារ្យ​មួយចំនួន​ដែល​ពលរដ្ឋ​នៃ​ប្រទេស​រំដួល​តែង​ធ្វើជា​ប្រចាំថ្ងៃ៖



១/ ឲ្យ​តែ​ស្ងាត់​បន្តិច បាញ់នោម​ដាក់​របង​ផ្ទះ​គេ ទោះ​នៅ​កណ្តាលវាល​ក៏ដោយ។ ដូច្នេះ​ម្ចាស់ផ្ទះ​ត្រូវ​សរសេរ​ស្លាក​បិទ​តាម​របង​ផ្ទះ​ដាក់ថា «ហាម​នោម»។ ម្ចាស់ផ្ទះ​ខ្លះទៀត​សរសេរ​រហូតដល់ «កន្លែង​ឆ្កែ​នោម» ក្នុងន័យ​ប្រាប់ថា បើ​អ្នកណា​នោម គឺ​សត្វ​ឆ្កែ។ តែ​គេ​នៅតែ​ឃើញ​មនុស្ស​នៃ​ប្រទេស​រំដួល​ទៅ​នោម​ដដែល។ រឿង​នោម​ដដែល ពលរដ្ឋ​រំដួល​ខ្លះ​ឈប់​ម៉ូតូ ចត​ឡាន​នៅ​ចិញ្ចើមផ្លូវ បាញ់​ចាំង​ដាក់​ដើមឈើ ដែល​ដុះ​អម​មហាវិថី​ក៏មានដែរ។ អ្នកខ្លះ​ទៀត​បាញ់​ចាំង​ដាក់​គុម្ព​ផ្កា​ក្នុង​ឧទ្យាន​សាធារណៈ។ និយាយ​រួម កន្លែង​ណា​ក៏​នោម​បាន។ បាញ់នោម​គ្មាន​ព្រំដែន។

២/ នៅ​កន្លែង​ដែលមាន​ស្លាក​សញ្ញា​ថា ហាម​ចត ហាម​បត់​ក្រោយ ចំណតរថយន្ត​ក្រុង ជាដើម​នោះ ពលរដ្ឋ​ដ៏​មហាអស្ចារ្យ​នៃ​ប្រទេស​រំដួល ត្រូវតែ​ចត ត្រូវតែ​បត់​ក្រោយ ត្រូវតែ​ចត​លើ​ចំណត​រថយន្តក្រុង។ ភ្លើង​ចរាចរណ៍​ពណ៌​ក្រហម​ដែល​មានន័យថា​ឈប់ តែ​អ្នកបើកបរ​រំដួល បកស្រាយ​ថា «ទៅ»។ ទៅ​ឲ្យ​លឿន​ទៀតផង ព្រោះ​ខ្លាច​គេ​បុក។

៣/ រឿង​សំរាម​វិញ​ម្តង។ នៅតាម​អាហារ​ដ្ឋា​ន។ បើ​មាន​ធុងសំរាម​នៅក្រោម​តុ ពលរដ្ឋ​រំដួល ឲ្យ​និយមន័យ​ថា «ត្រូវ​បោះ​សំរាម​ចោល​ក្បែរ​ធុងសំរាម»។ ពលរដ្ឋ​រំដួល​បោះចោល​សំរាម​គ្មាន​ព្រំដែន៖ មុខផ្ទះ​អ្នកដទៃ បោះ​ចូល​លូ ដាក់​នៅ​មាត់​លូ ដាក់​កណ្តាល​ថ្នល់ ចោល​គ្រវែង​ពី​ផ្ទះ​ជាន់​លើ ។ល។ បើ​ទីណា​មាន​ដាក់​ស្លាក «ហាម​ចោល​សំរាម» គឺ​នៅ​ទីនោះ​ហើយ ដែលមាន​សំរាម​គរ​ដូច​កូនភ្នំ​នោះ។

៤/ រឿង​ចត​ឡាន​ម្តង។ ឡានធំ ឡាន​ថ្លៃ ម្ចាស់​ឡាន​ដែលជា​ជនជាតិ​រំដួល ដូច​មាន​បុព្វសិទ្ធិ​ពី​ព្រះឥន្ទ្រ​អ៊ីចឹង។ ពួកគេ​ចត​នៅ​កណ្តាលផ្លូវ​ដើម្បី​ចុះ​ទិញ​លៀស​ហាល ចត​បញ្ច្រាសទិស​ដើម្បី​ឈប់​ទិញ​ទឹកអំពៅ ចត​មុខ​ច្រកចេញចូល​ផ្ទះ​អ្នកដទៃ​ដោយ​មិន​ខ្វល់​បន្តិច​សោះឡើយ។

៥/ ការបំផ្លាញ​សម្បត្តិ​សាធារណៈ។ ពលរដ្ឋ​ជនជាតិ​រំដួល​ឲ្យ​និយមន័យ​នៃ​ពាក្យ «សម្បត្តិ​សាធារណៈ» ត្រឹមតែ​ថា មិនមែនជា​របស់ខ្លួន។ ប៉ុន្តែ​ពួកគេ​មិនបាន​យល់ថា សម្បត្តិ​សាធារណៈ គឺជា​សម្បត្តិ​រួម​ឡើយ។ ដូច្នេះ បើ​មិនមែនជា​របស់ខ្លួន គឺ​ខ្លួន​មិន​រក្សា ហើយ​បំផ្លាញ​ក៏បាន។ អគ្គិសនី​របស់​រដ្ឋ មន្ត្រី​រំដួល​បើកភ្លើង ម៉ាស៊ីនត្រជាក់ កង្ហារ​ចោល។ ស្លាក​សញ្ញា​ចរាចរណ៍ ធុងសំរាម បង្គន់​សាធារណៈ ត្រូវតែ​បាត់ បាក់បែក ជា​បន្តបន្ទាប់។ កុំថាឡើយ​សម្បត្តិ​សាធារណៈ​ក្នុង​រូបភាព​ទូលាយ​អ៊ីចឹង ទោះ​សម្បត្តិ​រួម​នៅក្នុង​ក្រសួង សាលារៀន ក្រុមហ៊ុន​ឯកជន ក៏​ពលរដ្ឋ​រំដួល​មិនអាច​ចូលរួម​ថែរក្សា​ឡើយ។

សរុប​មកវិញ រឿង​មហស្ចារ្យ​ខាងលើនេះ មិនមែន​មានន័យថា ពលរដ្ឋ​រំដួល​មិនដឹង មិន​យល់​នោះទេ។ ពួកគេ​ដឹងថា ភ្លើង​ចរាចរណ៍​ពណ៌​ក្រហម មានន័យថា​ឈប់ មិនត្រូវ​ចោល​សំរាម​ក្នុង​លូ មិន​ឈប់​រថយន្ត​បញ្ច្រាសទិស មិនត្រូវ​បាញ់នោម​ដាក់​របង​ផ្ទះ​អ្នកដទៃ ។ល។ ប៉ុន្តែ​ពលរដ្ឋ​រំដួល​នៅតែ​បំពាន៕



© រក្សាសិទ្ធិដោយ thmeythmey.com