ជាតិ
«ទិវា​មាតា» កូន​ខ្មែរ​ក៏​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​ម្តាយ​ផង​ដែរ​
10, May 2015 , 6:30 am        
រូបភាព
កូនគោរពម្តាយ។ រូបថត៖ ហ្វេសប៊ុក​វត្តនិគ្រោធវ័ន ហៅគល់ទទឹង
កូនគោរពម្តាយ។ រូបថត៖ ហ្វេសប៊ុក​វត្តនិគ្រោធវ័ន ហៅគល់ទទឹង
វប្បធម៌​បរទេស មិនមែន​សុទ្ធតែ​មិនអាច​ទទួលយកបាន​ទាំងអស់​នោះទេ។ នៅថ្ងៃនេះ យុវជន​កម្ពុជា និង​យុវជន​ដទៃ​នៅលើ​សកលលោក បានបង្ហាញ​នូវ​មនោសញ្ចេតនា​របស់ខ្លួន​ចំពោះ​អ្នក​ម្តាយ​ជាមួយនឹង​ក្តី ស្រឡាញ់ និង​ការដឹងគុណ​ខ្ពស់។



តាមពិត​ទិវា​មាតា (Mother’s Day) មិនមែនជា​ប្រពៃណី​របស់​ខ្មែរ​ឡើយ ប៉ុន្តែ​ចរន្ត​នៃ​ការ​ប្រារព្ធ​ទិវា​នេះ កាន់តែ​មានការ​ផុសផុល​នៅ​កម្ពុជា ហើយ​អារម្មណ៍ និង​មនោសញ្ចេតនាផ្សេងៗរបស់​យុវវ័យ​បាន​ស្តែង​ឲ្យ​ឃើញ​តាមរយៈ​ការសរសេរ ការដាក់​រូបភាព នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ពួកគេ។

ទិវា​មាតា​ត្រូវបាន​ផ្តួចផ្តើម​រៀបចំ​លើកដំបូង​នៅក្នុង​ឆ្នាំ១៩០៨ នៅ​សហរដ្ឋអាមេរិក ដោយ​លោកស្រី Anna Jarvis ដើម្បី​ឧទ្ទិស​ដល់​ពលិកម្ម​គ្រប់​បែបយ៉ាង​របស់​ស្ត្រី​ដែលជា​ម្តាយ​គ្រប់រូប ដោយ​ទិវា​នេះ វិ​វត្ត​មកពី​ទិវា Mothering Sunday របស់​អង់គ្លេស​នា​សតវត្សរ៍​ទី១៥ ។

នៅ​ឆ្នាំ១៩១៤ ចក្រភព​អង់គ្លេស​បានធ្វើ​ឲ្យ​ទិវា​នេះ​មាន​លក្ខណៈ​ផុសផុល រីឯ​អាល្លឺម៉ង់​ចាប់ផ្តើម​ប្រារព្ធ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ១៩២៣ ហើយ​ប្រទេស​បែលហ្ស៊ិក ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់ អ៊ីតាលី តួ​ក​គី និង​អូស្ត្រាលី បាននាំគ្នា​ប្រារព្ធ​ជា​បន្តបន្ទាប់។

ពុំមាន​ការកំណត់​ថ្ងៃ​ជាក់លាក់​ឡើយ​ក្នុងការ​ប្រារព្ធ​ទិវា​នេះ ដោយ​ប្រទេស​ខ្លះ​យក​ចំ​ថ្ងៃ​នៃ​ទិវា​សិទ្ធិនារី​អន្តរជាតិ ប្រទេស​ខ្លះ​មាន​ពេលវេលា និង​ឈ្មោះ​ហៅ​ទិវា​នេះ ប្លែកៗពីគ្នា រីឯ​ប្រទេស​កម្ពុជា​បាន​និយម​តាម​ប្រទេស​មួយចំនួន​ដែល​ប្រារព្ធ​ទិវា​នេះ នៅ​ចំ​ថ្ងៃអាទិត្យ សប្តាហ៍​ទី២នៃ​ខែឧសភា។

មិនមាន​ការ​រិៈ​គន់​បើកចំហរ​ណាមួយ​ឡើយ​ចំពោះ​ចលនា​នៃ​ការ​ប្រារព្ធ​ទិវា បែបនេះ ពីព្រោះ​ទាំងអស់គ្នា​សុទ្ធតែ​យល់ថា វា​មិនមាន​ការខាតបង់​ប្រយោជន៍​អ្វី​ឡើយ ផ្ទុយទៅវិញ វា​ជា​ពេលវេលា​ដ៏​ពិសេស​សម្រាប់​បុត្រ​ធីតា ក្នុងការ​បង្ហាញ​សេចក្តីស្រឡាញ់ និង​គោរព​ដ៏​ជ្រាលជ្រៅ​របស់ខ្លួន​ចំពោះ​អ្នក​ម្តាយ។

សារ​យុវជន​ខ្មែរ​នៅតាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ដែល​សារព័ត៌មានថ្មីៗដកស្រង់​កាលពី​ឆ្នាំមុន

យុវជន ភិ​រុណ ឧ​ត្ត​ម បាន​សរសេរ​ដោយ​ខ្លី​ថា «ខ្ញុំ​ស្រឡាញ់​អ្នក​ម្តាយ​របស់ខ្ញុំ» ហើយ​ភ្ជាប់​ដោយ​រូបថត​ដ៏​សម្បូរបែប​របស់​ម្តាយ​ខ្លួន។ អ្នកស្រី ហុក សុក​ញ្ញា បានបង្ហាញ​មនោសញ្ចេតនា​ចំពោះ​ម្តាយ​របស់ខ្លួន​ថា «រីករាយ​ទិវា​មាតា ម៉ាក់ អ្នកជា​ម៉ាក់​ដ៏​ល្អ ដែល​ធ្វើការ​យ៉ាងខ្លាំង​ក្លា​ដើម្បី​ចិញ្ចឹម​ពួកយើង។ យើងទាំងអស់គ្នា​រីករាយ​ណាស់​ដែល​បាន​ក្លាយជា​កូន​របស់​អ្នក ថ្ងៃនេះ ខ្ញុំ​សូម​ជូនពរ​ម៉ាក់​ឲ្យ​មាន​សុខ​ភាពល្អ»។

ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ឈ្មោះ សាក់ រស្មី បានលើកឡើង​ផងដែរ​ថា «ខ្ញុំ​ស្រឡាញ់​ម៉ាក់​ខ្លាំងណាស់។ គាត់​គឺជាអ្វីៗទាំងអស់​របស់ខ្ញុំ។ ខ្ញុំ​សូម​ជូនពរ​ម៉ាក់ និង​ម្តាយ​ទាំងអស់​លើ​ពិភពលោក​ជួបតែ​សំណាងល្អ»។ អត្ថន័យ​ប្រហាក់ប្រហែលគ្នា ក៏​លេចឡើង​ផងដែរ​នៅលើ​គណនី​របស់​កញ្ញា​ឈ្មោះ អ៊ឹង ចាន់​ណាវី ដោយ​កញ្ញា​បានសរសេរថា «សេចក្តីស្រឡាញ់​របស់​ម្តាយ​គឺ​តែងតែមាន​ភាព​ឥតខ្ចោះ ដែល​មិនមាន​ការប្រែប្រួល ឬ​ឈានដល់​ទីបញ្ចប់​ឡើយ។ អរគុណ​សម្រាប់​ពេលវេលា​ដ៏​លំបាក​ដោយសារ​ពួកយើង។ បើ​គ្មាន​រូបអ្នក ក៏​គ្មាន​កូន​ដែរ​នៅថ្ងៃនេះ។ ខ្ញុំ​ស្រឡាញ់​អ្នកខ្លាំង​ណាស់ អ្នក​ម៉ែ»។

លោក កង រិទ្ធី​សាល បាន​រំលឹកថា «ពេល​ព្យុះ​បក់​ខ្លាំង ម៉ែ​បាំង​ប្រឆាំង​ទេវតា ម៉ែ​ប្រាប់​កូន​ថា កូនប្រុស​សម្លឹង​ឲ្យ​ឆ្ងាយ»។ ម្ចាស់​គណនី​ឈ្មោះ កាន់​ហ៊ី​ត រ៉ា​វ៉ា​ត់ ផ្ញើរ​ចម្រៀង​មួយ​បទ​ដែល​រៀបរាប់​អំពី​ម្តាយ​ជូន​ដល់​មិត្ត​ទាំងអស់ របស់ខ្លួន តាមរយៈ​ការ​សរសេរថា « អ្នក​ម្ដាយ​ជា​អ្នកមានគុណ​ចំពោះកូនៗ ទាំងអស់គ្នា! កូនៗទាំងអស់គ្នា គួរ​ធ្វើអ្វីៗ អោយ​អ្នក​ម្ដាយ សប្បាយចិត្ត នៅពេលដែល​គាត់​នៅមាន​ដង្ហើម​ដក ហើយ​ប្រ​យ​ត្ន័​ស្ដាយក្រោយ ដូច​បង​ចម្រៀង​មួយ​បទ​នេះ​ណា មិត្ត​ទាំងអស់គ្នា»។

សម្រាប់​អ្នកស្រី ទី បូ​នី​តា អ្នក​ម្តាយ​គឺជា​គំរូ​ដ៏​ល្អ​របស់ខ្លួន។ គាត់​បានសរសេរថា «ខ្ញុំ​មាន​មោទនភាព​ណាស់​ដែលមាន​អ្នក​ក្នុង​ជីវិត​របស់ខ្ញុំ ហើយ​ខ្ញុំ​បាន​រៀន​អំពី​អ្នក​ក្នុងការ​ធ្វើខ្លួន​ឲ្យ​ក្លាយជា​មាតា​ដ៏​ល្អ ម្នាក់។ សូមអ្នក​ម្តាយ​ទាំងអស់ រីករាយ​ជាមួយ​ថ្ងៃ​ដ៏​ប្រពៃ​នេះ»។

ដោយឡែក អ្នកស្រី មុំ គ​ន្ធា បាន​សរសេរ​យ៉ាងខ្លី​ថា « ទោះបីជា​គ្មាន​ទិវា​អ្នក​ម្តាយ ក៏​ខ្ញុំ​នៅតែ​ស្រឡាញ់​ម្តាយ​ខ្ញុំ»។ ឃ្លា​នេះ​ក៏​ស្រប​ផងដែរ​ទៅនឹង​គំនិត​របស់ អ៊ឹង តុង​ឈាង ដោយ​គេ​បាន​ផ្តែផ្តាំ​ថា «កុំ​និយាយថា ម៉ែ​ខ្ញុំ​ស្រឡាញ់​ម៉ែ​ត្រឹមតែ​ថ្ងៃនេះ ឬ​ក្នុង​ទិវា​មាតា​អី។ ហេតុ​អី​បានជា​យើង​មិន​នាំគ្នា​និយាយ ជា​រៀងរាល់ថ្ងៃ យើង​មាន​មោទនភាព​ណាស់»៕




© រក្សាសិទ្ធិដោយ thmeythmey.com