សង្គមអន្តរជាតិ
អន្តរជាតិ
អង់គ្លេស៖ ក្មេងស្រីសិស្សសាលា ២នាក់ត្រូវបុរស ៦០ នាក់ចាប់រំលោភជាបន្តបន្ទាប់ ពីឆ្វេងទៅស្តាំ៖ ជនជាប់ចោទឈ្មោះ Harmohan Nangpal, Vikram Singh និង Sajid Ali ក្នុងចំណោមអ្នកដែលត្រូវបានគេកំណត់ភិនភាគ
× ព្រះរាជអាជ្ញាតុលាការនៅក្នុង ទីក្រុង Buckinghamshireប្រទេសអង់គ្លេស បានឲ្យដឹងថា ក្មេងស្រីជាសិស្សសាលាអាយុ ១២ ឆ្នាំម្នាក់ ត្រូវបានបុរសយ៉ាងហោចណាស់ ៦០ នាក់ ផ្លាស់ប្ដូរគ្នារំលោភជាបន្តបន្ទាប់។ ហេតុការណ៍នេះគឺជាផ្នែកនៃរឿងក្ដីផ្លូវភេទលើកុមារដ៏គួរឱ្យរន្ធត់ដែលតុលាការនៅក្នុងប្រទេសមិនធ្លាប់បានជួបពីមុនមក។ នេះបើយោងតាមកាសែត Daily Mirror បានរាយការណ៍។
ប្រភពដដែលនេះបានផ្សាយឲ្យដឹងថា មានក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ទៀត ដែលជាមិត្តភក្ដិរបស់ក្មេងស្រីរងគ្រោះខាងលើនោះ ក៏ត្រូវបានបុរស ២ នាក់ក្នុងចំណោមបុរស ៦០ នាក់ខាងលើចាប់រំលោភនាងផងដែរ។ ស្ថិតនៅក្នុងអង្គសវនាការកាត់ទោសក្នុងរឿងក្ដីនេះ ព្រះរាជអាជ្ញាតុលាការ Old Bailey ក្នុងតំបន់ Aylesbury បានហៅថារឿងក្ដីនេះថា ជាករណីចាប់រំលោភទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន។
បើតាមការបញ្ជាក់របស់តុលាការ មានបុរសជាជនល្មើស ១១ នាក់ ត្រូវបានចោទប្រកាន់ និងកាត់ទោស ពីបទរំលោភផ្លូវភេទការសមគំនិតក្នុងការប្រព្រឹត្តហិង្សាផ្លូវភេទលើកុមារ និងឃុបឃិតដើម្បីសម្រួលដល់ការធ្វើពេស្យាកម្មកុមារ។ តុលាការក៏បានឲ្យដឹងទៀតថា រឿងហេតុនេះនៃការរំលោភក្មេងស្រីទាំង ២ នាក់នេះ ត្រូវបានក្រុមជនល្មើសប្រព្រឹត្តនៅចន្លោះឆ្នាំ ២០០៦រហូតដល់ឆ្នាំ២០១២ដោយពួកគេបានផ្លាស់ប្ដូរវេនគ្នារំលោភមួយថ្ងៃម្នាក់ៗ ហើយមានពេលខ្លះពួកគេក៏ចាប់រំលោភជាក្រុមផងដែរ។
លោក Oliver Saxby ព្រះរាជអាជ្ញាតុលាការបាននិយាយថាក្មេងស្រីទាំង ២ នាក់នោះ រស់នៅក្នុងផ្ទះបាក់បែក គ្មានបងប្អូន ហេតុនេះហើយទើបក្រុមបុរសទាំងនោះ អាចលួងលោមឲ្យពួកនាងផឹកគ្រឿងស្រវឹងថ្នាំញៀននិងបានផ្ដល់អំណោយផ្សេងទៀតដូចជាឌីវីឌីនិងម្ហូបអាហារ។ បន្ទាប់ពីក្មេងស្រីទាំងពីរបានទុកចិត្តលើពួកគេហើយនោះ ជនល្មើសទាំងនោះក៏លួងលោមចាប់រំលោភនាងជាបន្តបន្ទាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com