ជាតិ
សេដ្ឋកិច្ច
លោក ហ៊ុន សែន ស្នើ​ឲ្យ​ស្ថាប័ន​ឯករាជ្យ​ដែល​ប្រើ​ថវិការដ្ឋ​កុំ​កំណត់​ថវិកា​តាម​ខ្លួនឯង​ចង់បាន
21, May 2015 , 9:19 am        
រូបភាព
 លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ឯករាជ្យ ចូលរួម​ពិភាក្សា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បី​កំណត់​ការចំណាយ​នៅក្នុង​ស្ថាប័ន​ឯករាជ្យ​ទាំងនោះ ឲ្យ​បាន​ត្រឹមត្រូវ​ច្បាស់លាស់ ។ លោក ហ៊ុន សែន​ស្នើ​ឲ្យ​ស្ថាប័ន​ឯករាជ្យ​ទាំងអស់​ដែល​ចាយលុយ​រដ្ឋ កុំ​កំណត់​ថវិកា​ដែល​ខ្លួន​ចង់បាន​ដោយ​ខ្លួនឯង នៅពេលដែល​ស្នើសុំ​ទៅ​រដ្ឋាភិបាល។លោក​ថា ស្ថាប័ន​ឯករាជ្យ ដូចជា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ក្រុមប្រឹក្សាធម្មនុញ្ញ​ជាដើម​ឯករាជ្យ​តែ​មុខងារ​ប៉ុណ្ណោះ តែ​ថវិកា​ចាយវាយ​មិន​ឯករាជ្យ​ឡើយ។



លោក ហ៊ុន សែន កំពុងតែ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ត្រួត​ពិនិត្យមើល​សំណើសុំ​កញ្ចប់​ថវិកា​របស់​ស្ថាប័ន​ឯករាជ្យ​នៅ​កម្ពុជា ដែល​បានដាក់​មុខ​រដ្ឋាភិបាល។ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​នៃ​កម្មវិធី​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៅ​ថ្ងៃទី២០ ឧសភា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បាន​អត្ថាធិប្បាយ​ដូច្នេះ​ថា៖«ព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ និង​គណៈកម្មាការ​ជាតិ​រៀបចំ​ការបោះឆ្នោត ទើបនឹង​បញ្ជូន​សេចក្ដីសម្រេច​ពីរ​មក​ឲ្យ ខ្ញុំ​កំពុង​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ត្រួត​ពិនិត្យមើល។ កំណត់​ប្រាក់ខែ​ចំនួន​ប៉ុណ្ណេះ ដល់ពេល​ប្រតិបត្តិការ​ប៉ុណ្ណេះ លុយ​ប៉ុណ្ណេះ ហើយ​មិនដឹង​បុគ្គលិក​ប៉ុន្មាន តើ​យើង​ប៉ាន់ស្មាន​បាន​ឬទេ ទៅលើ​ការចំណាយ​អស់ទាំង​នេះ?

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ថែមថា៖«ខ្ញុំ​អំពាវនាវ​ចំពោះ​ស្ថាប័ន​ឯករាជ្យ​ទាំងអស់ កុំ​ផ្អែកទៅលើ​បញ្ហា​ដែលថា​ឯករាជ្យ បើសិនជា​ថា​ឯករាជ្យ វា​ឯករាជ្យ​ទាំងអស់ កុំ​ពាក់ព័ន្ធ​ជាមួយ​លុយ​រដ្ឋាភិបាល ខ្ញុំ​អត់​ខ្វល់​ទេ។ ប៉ុន្ដែ​គាត់​មាន​លុយ​ឯណា គាត់​ឯករាជ្យ​តែ​ក្នុង​មុខងារ ក៏ប៉ុន្ដែ​លុយ​មក​បើក​ពី​ខាង​រដ្ឋាភិបាល​ទេ។បើតាម​ខ្ញុំ​ដឹង​គាត់​ចាយលុយ​អត់​អស់ ហើយ​ប្រគល់​ឲ្យ​ទៅ​គាត់​ចាយលុយ​មិន​អស់ ដល់​ចាយលុយ​មិន​អស់ គាត់​អត់​ប្រគល់​ឲ្យ​មកវិញ។ ហើយ​គាត់​ជា​ស្ថាប័ន​ឯករាជ្យ គាត់​ថា​គាត់​ចាយ​ស្រេច​តែ​គាត់ វា​ទៅជា​ដូច្នេះ​ទៅទៀត»។

ជាមួយគ្នានេះ​លោក ហ៊ុន សែន ក៏​អំពាវនាវ​ឲ្យ​ក្រសួង និង​ស្ថាប័ន​ឯករាជ្យ​ទាំងអស់ ត្រូវមាន​ការកំណត់​ឲ្យ​បាន​ត្រឹមត្រូវ ក្នុងការ​ជ្រើសរើស​បុគ្គ​លិ​ក​ចូល​បម្រើ​ការងារ​នៅក្នុង​ស្ថាប័ន​របស់ខ្លួន ដោយ​ធ្វើ​ទៅតាម​ទំហំ​ការងារ ចៀសវាង​ការជ្រើសរើស​បុគ្គលិក ដើម្បី​បំប៉ោង​ការចំណាយ​នៅក្នុង​ស្ថាប័ន ដែលជា​ការដាក់បន្ទុក​ការចំណាយ​មកលើ​រដ្ឋាភិបាល៕


© រក្សាសិទ្ធិដោយ thmeythmey.com