ជាតិ
សង្គមជាតិ
សាលាក្រុង​បិទ​ចរាចរណ៍​មួយ​ចំហៀង​ផ្លូវ​សហព័ន្ធរុស្ស៊ី​រយៈពេល៤៥ថ្ងៃ
22, May 2015 , 4:43 pm        
រូបភាព
សាលា​រាជធានី​ភ្នំពេញ នឹង​បិទ​ចរាចរណ៍​មួយ​ចំហៀង​ផ្លូវ នៃ​មហាវិថី​សហព័ន្ធរុស្ស៊ី រយៈពេល៤៥ថ្ងៃ ដើម្បី​សម្រួល​ដល់​ដំណើរការ​នៃ​ការស្ថាបនា​ផ្លូវ​ក្រោម​ដី​តិច​ណូ អាចបញ្ចប់​ទៅតាម​គម្រោង​ពោលគឺ​ក្នុង​រយៈពេល៤៥ថ្ងៃ​ទៀត។ ការបិទ​ចរាចរណ៍​នៃ​មហាវិថី​សហព័ន្ធរុស្ស៊ី នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២៣ខែឧសភា ស្អែក​នេះ។



សាលា​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​មានដំណើរ​ការ​នៃ​ការស្ថាបនា​ផ្លូវ​ក្រោម​ដី​តិច​ណូ ឲ្យ​បញ្ចប់ក្នុង​រយៈពេល៤៥ថ្ងៃ​ទៀត បន្ទាប់មក​នឹងដាក់​ឲ្យ​ចរាចរណ៍​ជា​បណ្តោះអាសន្ន ខណៈ​ការដ្ឋាន​នេះ​ស​ម្រ​ច​បាន៧៥ភាគរយ​នៃ​គម្រោង​សរុប។ ដើម្បី​ឲ្យ​ដំណើរការ​នៃ​ការស្ថាបនា​ផ្លូវ​ក្រោម​ដី​តិច​ណូ បញ្ចប់​ទៅតាម​គម្រោង សាលា​រាជធានី​ភ្នំពេញ នឹង​បិទ​ចរាចរណ៍​មួយ​ចំហៀង​ផ្លូវ នៃ​មហាវិថី​សហព័ន្ធរុស្ស៊ី រយៈពេល៤៥ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី២៣ខែឧសភា ស្អែក​នេះ។

បើតាម​សេចក្តីជូនដំណឹង ចរាចរណ៍​មួយ​ចំហៀង​ផ្លូវ នៃ​មហាវិថី​សហព័ន្ធរុស្ស៊ី​នឹងត្រូវ​បិទ​ត្រង់​កំណាត់​ទី២ចំណុចប្រសព្វ​ស្តុ​ប​ប្រវែង២០ម៉ែត្រ ដើម្បី​ជីក​ស្ថាបនា​ផ្លូវ​ក្រោម​ដី​ភ្ជាប់​កំណាត់​ទី១ និង​កំណាត់​ទី២សងខាង ដែល​សាងសង់​ជិត​រួចរាល់​ហើយ​នោះ។ សាលា​រាជធានី​ភ្នំពេញ ក៏បាន​បង្ហាញ​ពី​ការធ្វើ​ចរាចរណ៍​នៅលើ​មហាវិថី​មួយចំនួន​នៅ​ជុំវិញ​ការដ្ឋាន​សាងសង់​ខាងលើ​ផងដែរ ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍។

បើតាម​សេចក្តីជូនដំណឹង ការធ្វើ​ចរាចរណ៍​នៅលើ​មហាវិថី​សហព័ន្ធរុស្ស៊ី ពី​ស្ពាន​អាកាស៧មករា ឆ្ពោះ​មក​ស្តុ​ប​បេ​កា​សេ ដល់​ត្រង់ចំណុច​ការដ្ឋាន​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ ត្រូវ​បត់​ស្តាំ​តាម​វិថី​មហាវិថី​ម៉ៅ​សេទុង ឆ្ពោះទៅ​វិថី​កម្ពុជា​ក្រោម។  ចំណែក​ការធ្វើ​ចរាចរណ៍ ពី​ស្តុ​ប​បេ​កា​សេ មក​ស្ពាន​អាកាស៧មករា ត្រូវធ្វើ​ចរាចរណ៍​ឆ្លងកាត់ តាម​មហាវិថី​សហព័ន្ធរុស្ស៊ី​ជាធម្មតា។ ចំពោះ​ការធ្វើ​ចរាចរណ៍​ទៅ​មហាវិថី​គីម អ៊ី​ល​សុង ត្រូវ​បត់​ស្តាំ​តាមផ្លូវ​ថ្មី​ទើប​ស្ថាបនា​រួច ដែលមាន​ទីតាំង​ច្រកចូល​ខាងលិច​ក្ខោ​ង​ទ្វារ​វត្ត​នាគ​វ័​ន្ត​ចម្ងាយ១៥០ម៉ែត្រ។

សាលា​រាជធានី​ភ្នំពេញ ក៏បាន​បញ្ជាក់ដែរថា ការធ្វើដំណើរ​លើ​មហាវិថី​ម៉ៅ​សេទុង និង​មហាវិថី​គីម អ៊ី​ល​សុង ត្រូវធ្វើ​ចរាចរណ៍​ទ្វេរ​ទិស​តាម​ធម្មតា ព្រមទាំង​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​យោគយល់​អធ្យាស្រ័យ និង​កុំ​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​ការដ្ឋាន​ខាងលើ ក្នុងករណី​មិនចាំបាច់។ សូមបញ្ជាក់ថា ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ បាន​បើក​ការដ្ឋាន​សាងសង់​ជាង៨ខែ​មកហើយ។ គិត​ត្រឹម​ថ្ងៃទី២០ឧសភា​ ឆ្នាំ​២០១៥ ការងារ​ជារួម​សម្រេចបាន៤០ភាគរយ​នៃ​គម្រោងសរុប៕



© រក្សាសិទ្ធិដោយ thmeythmey.com