អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌូនេស៊ី៖ មី​យ៉ាន់​ម៉ា​មិន​សមជា​សមាជិក​អាស៊ាន បើ​មិន​ទទួលខុសត្រូវ​បញ្ហា​សិទ្ធិមនុស្ស
26, May 2015 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
អនុ​ប្រធានសភា​ឥណ្ឌូនេស៊ី​បានចេញ​មុខ​ស្នើ​ឲ្យ​អាស៊ាន​ដក​សមាជិកភាព​មី​យ៉ាន់​ម៉ា​ក្នុង​ស្ថាប័ន​អាស៊ាន ដោយសារ​រឿងអាស្រូវ​រំលោភសិទ្ធិ​ប្រជាជន​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា។  មី​យ៉ាន់​ម៉ា​កាល​មុន​ធ្វើ​ព្រងើយកន្តើយ​និង​បន្ត​អនុវត្ត​គោលនយោបាយ​ព្រៃផ្សៃ​ដាក់​ជនជាតិភាគតិច តែ​ក្រោយ​វិបត្តិ​ជនភៀសខ្លួន​កើតមានឡើង​កន្លងមក​នេះ សហគមន៍​អន្តរជាតិ និង​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​ថ្កោលទោស និង​ដាក់​សម្ពាធ​ឲ្យ​ប្រទេស​នេះ​គោរព​សិទ្ធិមនុស្ស។


រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ចាប់ផ្តើម​ក្រពុលមុខ​ខ្លាំង​ក្រោយ​ពេលដែល​វិបត្តិ​ជនភៀសខ្លួន​កើតមានឡើង​កន្លងមក។ ជនភៀសខ្លួន​ភាគច្រើន​ចាក​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​រត់គេចខ្លួន​ចេញពី​ការ​ធ្វើទុក្ខបុកម្នេញ​ដែល​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា។ ព្រោះ​បញ្ហា​រំ​លោ​សិទ្ធិមនុស្ស មី​យ៉ាន់​ម៉ា​ទទួលរង​ការរិះគន់​កាន់តែខ្លាំង​ឡើង​នៅលើ​ឆាក​អន្តរជាតិ
អនុ​ប្រធានសភា​ឥណ្ឌូនេស៊ី​លោក FahriHamzah បាន​ចេញមុខ​ប្រកាស​ស្នើសុំ​ឲ្យ​អាស៊ាន​ពិចារណា​ព្យួរ​បេក្ខភាព​មី​យ៉ាន់​ម៉ា​ជា​សមាជិក​ខ្លួន​សិន ដោយសារតែ​ប្រទេស​នេះ​មិន​ព្រម​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស។ លោក​បាន​លើកឡើងថា មី​យ៉ាន់​ម៉ា​មិន​ស័ក្តិ​សមជា​សមាជិក​របស់​អាស៊ាន​ឡើយ ព្រោះ​ប្រទេស​នេះ​មិនដែល​ទទួលខុសត្រូវ​រឿង​រំលោភ​សិទ្ធិមនុស្ស។ លោក​សង្កត់ធ្ងន់ថា មី​យ៉ាន់​ម៉ា​គួរ​ទទួលខុសត្រូវ​រាល់​ការអនុវត្តន៍​គោលនយោបាយ​បោសសម្អាត​ជនជាតិភាគតិច ដែល​គោលនយោបាយ​នេះ​ធ្វើ​ឲ្យ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​រាប់ពាន់នាក់​រត់​ចាក​ចេញពី​ប្រទេស​កំណើត។

អនុប្រធាន​ស្ថាប័ន​នីតិ​បញ្ញា​ត្តិ​ឥណ្ឌូនេស៊ី បានលើកឡើង​ផងដែរ​ថា ក្នុងនាម​ជា​សមាជិក​អាស៊ាន​មួយ​ឥណ្ឌូនេស៊ី​ចាត់ទុក​មី​យ៉ាន់​ម៉ា​ថា​ជា​រដ្ឋ​មួយ​ដែល​មិនគួរ​នៅ​ជា​សមាជិក​អាស៊ាន​ឡើយ។ អ្វីដែល​គួរ​ឲ្យ​ខ្មាសអៀន​សម្រាប់​មី​យ៉ាន់​ម៉ា​នោះ គឺ​ទោះជា​ប្រទេស​ក្នុង​តំបន់​ខំប្រឹង​ជួយ​ខ្លាំង​ប៉ុណ្ណោះ​ក៏ដោយ មី​យ៉ាន់​ម៉ា​មិន​ដែរ​ភ្ងា​ក់រ​លឹក​និង​ព្យាយាម​ដោះស្រាយ​បញ្ហា​ដ៏​រសើប​នេះ​ទេ។

មី​យ៉ាន់​ម៉ា​មិន​ដែរ​ខ្វល់ខ្វាយ​រឿង​រំលោភ​សិទ្ធិមនុស្ស​ឡើយ​កន្លងមក បើ​អ្នកណា​ហ៊ាន​លើកឡើង​ពី​ការរំលោភ​សិទ្ធិមនុស្ស​នេះ មី​យ៉ាន់​ម៉ា​ខឹង​ច្រលោតតោតតូងភ្លាម។ ម្យ៉ាង​ស្ថាប័ន និង​សមាជិក​អាស៊ាន​កន្លងមក ក៏​នាំគ្នា​ជួយ​លាក់បាំង មិន​ហ៊ាន​លើក​បញ្ហា​នេះ​ពិភាក្សា​ក្នុង​វេទិកា​តំបន់​នោះដែរ។ 

ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ច្រើនជាង​មួយ​លាន​នាក់​នៅ​បន្ត​រស់នៅ​ដោយ​គ្មាន​សញ្ជាតិ និង​រង​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​និង​ប្រជាជន​មី​យ៉ាន់​ម៉ា។ ហើយ​ជនជាតិភាគតិច​នេះ​ប្រហែល​ជាង ១៤០០០នាក់​បាន​បង្ខំចិត្ត​ចាក​ចេញពី​ស្រុក​រាប់​ចាប់តាំងពី​ឆ្នាំ ២០១២ ក្រោយ​ជម្លោះសាសនា​កន្លងមក៕



© រក្សាសិទ្ធិដោយ thmeythmey.com