ជាតិ
សង្គមជាតិ
ជនជាតិ​គួ​យ៖ ពី​ម្ចាស់​ដី​មាស ក្លាយជា​កម្មករ​ស៊ី​ឈ្នួល​ជីក​មាស
26, May 2015 , 9:38 am        
រូបភាព
ដោយ:

ព្រះវិហារ៖ ជនជាតិដើម​ភាគតិច​គួ​យ​នៅក្នុង​ឃុំ​រមណី និង​ឃុំ​រមទម នៃ​ស្រុក​រវៀង ខេត្តព្រះវិហារ  ធ្លាប់​រស់នៅក្នុង​ជីវភាព​ធូរធា​ដោយបាន​ប្រាក់ចំណូល​មកពី​ការធ្វើ​ស្រែចម្ការ និង​ជីក​យក​មាស។ ប៉ុន្តែ ក្រោយពី​ក្រុមហ៊ុនធំៗពីរ​របស់​ចិន និង​វៀតណាម ចូលមក​រុករក​រ៉ែ​មាស​នៅ​អំឡុង​ឆ្នាំ២០០២ និង​មាន​អ្នក​ចំណូលថ្មីៗមកពី​តាម​បណ្តាល​ខេត្ត​នានា សហគមន៍​ជនជាតិភាគតិច​គួ​យ​ក៏​ក្លាយជា​កម្មករ​របស់​ក្រុមហ៊ុន ហើយ​អ្នក​ខ្លះទៀត​ក៏​ធ្វើ​ចំណាកស្រុក ចាកចោល​គ្រួសារ។


មុន​ការមកដល់​នៃ​ប្រជាជន​ថ្មី និង ក្រុមហ៊ុន​រុករក​រ៉ែ​មាស​របស់​ប្រទេស​ចិន និង​វៀតណាម អ្នកភូមិ​ជនជាតិភាគតិច​គួ​យ សុទ្ធតែ​អាច​រកប្រាក់​បាន​ពី១០ ទៅ២០ដុល្លារ​ក្នុង​មួយថ្ងៃ តាមរយៈ​ការជីក​រ៉ែ​ជា​លក្ខណៈ​គ្រួសារ។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ២០០២មក ស្ថានភាព​របស់​ពួកគេ​បានចាប់ផ្តើម​ប្រែប្រួល​ជា​អវិជ្ជមាន។

សហគមន៍​ជនជាតិភាគតិច​គួ​យ​មិនអាច​រក​ចំណូល​ចិញ្ចឹម​គ្រួសារ​បាន​ដូច​មុន​ទៀតឡើយ។ ប្រជាជន​ថ្មី​ដែល​មកពី​ខេត្តផ្សេងៗដូចជា​ខេត្តកំពង់ធំ កំពង់ចាម កណ្តាល និង​ស្វាយរៀង​ជាដើម បាន​ចាប់ដី​បោះទីតាំង​រស់នៅក្នុង​ឃុំ​រមណី និង​ឃុំ​រមទម​ផង ហើយ​អ្នក​ខ្លះទៀត ជា​អ្នក​ដែលមាន​លទ្ធភាព​បើក​អាជីវកម្ម​ជីក​រក​រ៉ែ​ក្នុង​ទ្រង់ទ្រាយ​ធំ។នេះ​ដោយ​មិន​និយាយ​អំពី​ក្រុមហ៊ុន​ជីក​រ៉ែ​ង​របស់​ប្រទេស​ចិន និង​របស់​ប្រទេស​វៀតណាម ដែល​បាន​ពង្រីក​ប្រតិបត្តិការ​របស់​ពួកគេ​ចាប់ពី​ឆ្នាំ២០០៦មក​នោះឡើយ។

ក្រុមហ៊ុន​ទាំងពីរ​បានធ្វើ​ប្រតិបត្តិ​ជីក​រ៉ែ​នៅលើ​ចម្ការ​វិលជុំ ហើយ​ថែមទាំង​មាន​ទាហាន​យាមល្បាត​យ៉ាង​តឹងរ៉ឹង​នៅ​ជុំវិញ​តំបន់​នោះ​ទៀតផង។នេះ​បើតាម​ការរៀប​រាប់រប​ស់លោក ផាន់ សុភាព មន្ត្រី​អង្គការ​អនុផល​ព្រៃឈើ​នៅក្នុង​ខេត្តព្រះវិហារ។

«ក្រៅពី​ការធ្លាក់​ចំណូល​ប្រចាំថ្ងៃ ដោយសារ​ការបាត់បង់​ដីធ្លី សហគមន៍​គួ​យ​ក៏​កំពុង​ប្រឈម​បញ្ហា​សុខភាព​ខ្លាំង​ដែរ។ សកម្មភាព​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស​របស់​ក្រុមហ៊ុនធំៗទាំងពីរ​នេះ កំពុង​បំផ្លាញ​ព្រៃឈើ បរិស្ថាន និង​ហើយ​ពួកគេ​ប្រើ​ថ្នាំ​គីមី​ទាញយក​មាស​ធ្វើ​ប៉ះពាល់​ដល់​សុខភាព​របស់​ជនជាតិ​ភាគតិច​គួ​យ​នៅ​ឃុំ​រមទម និង​រមណី»។ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​អង្គការ​ដដែល ដែល​បន្ត​បញ្ជាក់ថា អាជ្ញាធរ​មូលដ្ឋាន​បានអនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចំណូល​ថ្មី​តាំង​ទីលំនៅ​ដោយ​ងាយស្រួល​នៅ​លើដី​ភូមិ​ជនជាតិ ដោយ​លោក​សន្និដ្ឋានថា គឺ​ព្រោះតែ​ហេតុផល​សន្លឹកឆ្នោត​តែប៉ុណ្ណោះ។

មន្ត្រី​អង្គការ​អនុផល​ព្រៃឈើ​រូបនេះ​បាន​បន្តទៀតថា​សព្វថ្ងៃ​ជនជាតិដើម​ភាគតិច​រស់នៅ​ទីនេះ ក្រៅពី​ធ្វើស្រែ​ចម្ការ​បាន​បន្តិចបន្តួច គឺ​ពួកគាត់​មួយចំនួន​បានសម្រេច​ចិត្ត​ចំណាក់ស្រុក​ទៅធ្វើ​ការ​សំណង់​នៅ​ភ្នំពេញ និង​មួយចំនួនទៀត ទៅធ្វើ​ការ​ជា​កម្មករ​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី និង​មួយចំនួនធំ​ទៀត​សម្រេចចិត្ត​ធ្វើជា​កម្មករ​ជីក​មាស​នៅលើ​ដី​មាស​របស់ខ្លួន​ក្នុង​ប្រាក់កម្រៃ២ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ៕



© រក្សាសិទ្ធិដោយ thmeythmey.com