ជាតិ
សេដ្ឋកិច្ច
ក្រសួងទេសចរណ៍​ដាក់ចេញ​នូវ​គម្រោង «ស្តង់ដា​ផ្ទះ​ស្នាក់» សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ
29, May 2015 , 9:19 pm        
រូបភាព
ស្តង់ដា​ផ្ទះ​ស្នាក់​កម្ពុជា គឺជា​សេវាកម្ម​ផ្ទះ​ស្នាក់ ក្នុង​វិស័យ​ទេសចរណ៍​មួយ​ប្រភេទ​ដែល​ត្រូវបាន​រៀបចំ​ដោយ​ក្រសួងទេសចរណ៍ ដើម្បី​ផ្តល់​កន្លែង​ស្នាក់នៅ​ជា​លក្ខណៈ​គ្រួសារ តាម​សហគមន៍ ជនបទនិង​ទីក្រុង ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ។



ក្រសួងទេសចរណ៍ បានរៀបចំ​ឡើង​នូវ ស្តង់ដា​ផ្ទះ​ស្នាក់ ដើម្បី​ពង្រឹងគុណភាព​សេវាកម្ម​ផ្ទះ​ស្នាក់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ផ្តល់នូវ​សេវាកម្ម​គុណភាព​ខ្ពស់ និង​ភាពកក់ក្តៅ​ដល់​ភ្លៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ ។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ការអនុវត្ត​ស្តង់ដា​ផ្ទះ​ស្នាក់​នេះ គឺមាន​គោលបំណង​ទទួលបាន​ប្រាក់​ចំ​ណួ​ល​បន្ថែម​ដល់​សហគមន៍ និង​ម្ចាស់ផ្ទះ​ស្នាក់ ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ និង​លើកកម្ពស់​វប្បធម៌ ប្រពៃណី អត្តសញ្ញាណ និង​របៀបរបប​រស់​នៅ​របស់​ប្រជា​សហគមន៍ ប្រជាកសិករ និង​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ផ្ទះ​ស្នាក់​ទូទាំងប្រទេស​កម្ពុជា។

ការរៀបចំ​ស្តង់ដា​ផ្ទះ​ស្នាក់​នេះ មាន​បី​ប្រភេទ គឺ ១. ផ្ទះ​ស្នាក់​សហគមន៍ ដែល​បម្រើ​ដល់​សកម្មភាព​ទេសចរណ៍​សហគមន៍ និង​អេកូ​ទេសចរណ៍។ ២. ផ្ទះ​ស្នាក់​ជនបទ ដែល​បម្រើ​ដល់​សកម្មភាព​ទេសចរណ៍​ជនបទ ពិសេស​គឺ​ទេសចរណ៍​ខាង​វិស័យ​កសិកម្ម។ ៣. ផ្ទះ​ស្នាក់​ទីក្រុង ដែល​បម្រើ​ដល់​សកម្មភាព​ទេសចរណ៍​ស្ម​គ្រ​ចិត្ត ទេសចរណ៍​យុវវ័យ និង​ទេសចរណ៍​ទីក្រុង។

ដើម្បី​ជំរុញ​ការអនុវត្ត​ស្តង់ដា​ផ្ទះ​ស្នាក់ ក្រសួងទេសចរណ៍​គ្រោង​នឹងដាក់​ចេញ​នូវ យុទ្ធនាការ​ផ្ទះ​ខ្មែរ ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មានការ​រៀបចំ​សេវាកម្ម​ផ្ទះ​ស្នាក់ ឲ្យ​កាត់​តែ​ទូលំទូលាយ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ៕




© រក្សាសិទ្ធិដោយ thmeythmey.com