អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​រិះគន់​សិទ្ធិមនុស្ស​មី​យ៉ាន់​ម៉ា​ក្នុង​UNSCខណៈ​ចិន​និង​រុស្ស៊ី​មិន​ពេញចិត្ត
29, May 2015 , 4:37 pm        
រូបភាព

កិច្ចប្រជុំ​បិទទ្វារ​ក្រុមប្រឹក្សាសន្តិសុខ​ត្រូវ​បានរៀបចំ​ម្សិលមិញ​ដោយ​ផ្តោតលើ​បញ្ហា​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​នៅ​មី​យ៉ាន់​ម៉ា។ តំណាង​សហរដ្ឋអាមេរិក​បាន​រិះគន់​គោលនយោបាយ​រើសអើង​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ក្នុង​កិច្ចប្រជុំ ហើយ​ស្នើសុំ​ឲ្យ​មានការ​ចាត់វិធានការ​បញ្ចប់​ការ​ធ្វើទុក្ខបុកម្នេញ​ជន​ជាតិ​ភាគតិច​ផង។ យ៉ាងណាក៏ដោយ​រុស្ស៊ី និង​ចិន ហាក់ដូចជា​ទើសទាល់​នៅពេល​បញ្ហា​សិទ្ធិមនុស្ស​ត្រូវ​លើក​យកមក​ជជែក​គ្នា​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​នេះ។


មានសំឡេង



នេះ​ជា​លើកដំបូង​ហើយ​ដែល​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឆ្លៀត​លើកយក​រឿងចម្រូងចម្រាស​រំលោភសិទ្ធិ​ប្រជាជន​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​នៅ​មី​យ៉ាន់​ម៉ា​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​បិទទ្វារ​ម្សិលមិញ។

ក្នុង​កិច្ចប្រជុំ​បិទទ្វារ​ផ្តោតលើ​បញ្ហា​ជនជាតិភាគតិច​ដែល​រងទុក្ខវេទនា​ជាងគេ​លើ​លោក តំ ណា​ង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ប្រចាំ​ក្រុមប្រឹក្សាសន្តិសុខ​លោកស្រី Samantha Power បានលើកឡើង​ពី​ក្តីកង្វល់​របស់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​មី​យ៉ាន់​ម៉ា។ មុននឹង​បន្ទោស​រដ្ឋាភិបាល​ក្រុង​ណៃ​ពី​ដ៏​ជុំវិញ​ការអនុវត្តន៍​គោលនយោបាយ​រើស អើ​ង​និង​ព្រៃផ្សៃ​ចំពោះ​ក្រុម​ជនជាតិភាគតិច លោកស្រី Power បាន​ឆ្លៀត​សរសើរ​រឿង​ការបន្ត​កែទម្រង់​និង​ឆន្ទៈ​ចង់​បន្ត​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​របស់​មី​យ៉ាន់​ម៉ា​ផងដែរ។ប៉ុន្តែ​លោកស្រី​បាន​សង្កត់ធ្ងន់ថា​ការកែទម្រង់​និង​បន្ត​ទទួលយក​ការគោរព​សិទ្ធិមនុស្ស​នៅ​មី​យ៉ាន់​ម៉ា​បាន​ក្លាយជា​ឱកាស​របស់​មនុស្ស​មួយក្រុម​ប្រើប្រាស់​ដើម្បី​បង្កើត​គំនិត​ស្អប់ខ្ពើម និង​បញ្ឆេះ​កំហឹង​ឬ​ហិង្សា​ប្រឆាំង​ក្រុម​ណាមួយ​ផងដែរ។ 

អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ បេសកជន​ពិសេស​តំណាង​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ខាងលើ បាន​ពិពណ៌នា​ថា អាជ្ញាធរ​មី​យ៉ាន់​ម៉ា​បានធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិមនុស្ស​របស់​ប្រជាជន​ភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​ធ្លាក់​ក្នុងស្ថានភាព​ធ្ងន់ធ្ង​និង​អមនុស្សធម៌​បំផុត។ លោកស្រី​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ប្រញាប់ប្រញាល់​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​ឆាប់រហ័ស​ដើម្បី​បញ្ចប់​សកម្មភាព​ធ្វើទុក្ខបុកម្នេញ​ជនជាតិ​ភាគតិច​បែបនេះ។

យ៉ាងណាមិញ មហាអំណាច​មួយចំនួន​ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ ដូចជា​រុស្ស៊ី​និង​ចិន នាំគ្នា​ត្អូញត្អែរ​ពី​ការ​លើកយក​បញ្ហា​សិទ្ធិមនុស្ស​មក​ជជែក​គ្នា​ក្នុង​ក្រុមប្រឹក្សា។ អ្នកការទូត​រុស្ស៊ី​ចាត់ទុកថា បញ្ហា​សិទ្ធិមនុស្ស​មិនគួរ​យកមក​ជជែក​ក្នុង​វេទិកា​ប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ទេ។ ចំណែក​ចិន​ឯណោះ​វិញ ជា​សម្ព័ន្ធមិត្ត​មី​យ៉ាន់​ម៉ា​យូរ​មកហើយ បាន​ឆ្លៀត​លើកឡើងថា ក្រុមប្រឹក្សា​មិនគួរ​លូកដៃ​កិច្ចការ​ផ្ទៃក្នុង​មី​យ៉ាន់​ម៉ា​ឡើយ ប៉ុន្តែ​ប្រទេស​នេះ​បង្ហាញ​ក្តីបារម្ភ​ដែរ​ចំពោះ​ស្ថានភាព​ជនភៀសខ្លួន។

បច្ចុប្បន្ននេះ​ប្រជាជន​មី​យ៉ាន់​ម៉ា​នៅតែ​បន្ត​ចាត់ទុក​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់ ហើយ​អាជ្ញាធរ​រឹតត្បិត​សិទ្ធិសេរីភាព​មូលដ្ឋាន​ពួកគេ​សព្វគ្រប់ ហើយ​អ្វី​គួរ​ឲ្យ​អនិច្ចា គឺ​ការ​នៅ​បន្តធ្វើ​ទារុណកម្ម និង​បំពាន​សិទ្ធិ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នេះ។ ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​មាន​ប្រហែល១.៤លាន​នាក់​កំពុង​រស់នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន ប៉ុន្តែ​ពួកគេ​បាន​បន្ត​រត់​ភៀសខ្លួន​ចេញពី​មី​យ៉ាន់​ម៉ា​ដើម្បីរ​ត់រក​ទីកន្លែង​មាន​សុវត្ថិភាព​ដើម្បី​សាង​ជីវិត​ថ្មី។  

បញ្ហា​សិទ្ធិមនុស្ស​នៅ​មី​យ៉ាន់​ម៉ា​ក្លាយជា​រឿងក្តី​និង​ច​ម្រូ​ស​ចម្រាស​ខ្លាំង​បន្ទាប់ពី​ជនភៀសខ្លួន​ជាច្រើន​បាន​ព្យាយាម​រត់ចេញ​ពី​មី​យ៉ាន់​ម៉ា​តាម​ទូក​ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​រដ្ឋ​ផ្សេងទៀត​ទៀត។ ប្រជាជន​ភាគតិច​ឥស្លាម​នេះ ក្លាយជា​ជនរងគ្រោះ​ព្រោះ​ឈ្មួញ​ជួញដូរ​មនុ​សុ្ស ខ្លះទៀត​បាត់បង់​ជិវិត និងរ​សាត់អណ្តែត​តែលតោល​ក្នុង​សមុទ្រ​ផង​ក៏មាន៕


© រក្សាសិទ្ធិដោយ thmeythmey.com