ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ជំរុញ​ឲ្យ​ភាគី​ថៃ រក្សា​ស្ថេរភាព​ព្រំដែន ដើម្បី​សេដ្ឋកិច្ច​ប្រទេស​ទាំងពីរ
29, May 2015 , 5:00 pm        
រូបភាព
ដោយ: ថ្មីៗ
 
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​ភាគី​ថៃ រក្សា​ស្ថានភាព​នៅតាម​បណ្ដោយ​ព្រំដែន​បច្ចុប្បន្ន​ដែល​កំពុងតែ​ល្អប្រសើរ​នេះ​ឲ្យ​មាន​ស្ថេរភាព ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មានការ​រីកចម្រើន​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ទាំងពីរ។ ការជំរុញ​របស់លោក ហ៊ុន សែន​នេះ​ធ្វើឡើង នៅក្នុង​ជាមួយ​លោក NuttaVudhPho Tisaroឯកអគ្គរាជទូត​ថៃ​តែងតាំង​ថ្មី ប្រចាំ​នៅ​កម្ពុជា នៅ​វិមាន​សន្តិភាព កាលពី​ព្រឹក​ថ្ងៃទី២៩ខែឧសភា។



លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់ថា កម្ពុជា​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​បញ្ហា​ព្រំដែន ដើម្បី​រៀបចំ​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន​ទទួលបាន​នូវ​សន្តិភាព សុវត្ថិភាព និង​ការកើនឡើង​ពាណិជ្ជកម្ម ។ ជាមួយគ្នានេះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​ស្នើ​ឲ្យ ឯកអគ្គរាជទូត​ថៃ ជំរុញ​អ្នកវិនិយោគ​ថៃ​ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើនឡើង​ផងដែរ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក អ៊ាង សុផល​ល្លែ​ត ជំនួយការ​លោក ហ៊ុន សែន។

ជាការ​ឆ្លើយតប​លោក  NuttaVudh Pho Tisaroឯកអគ្គរាជទូត​ថៃ បញ្ជាក់ថា បេសកកម្ម​របស់លោក​នៅពេលនេះ គឺ​ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​កម្ពុ​ជា-ថៃ ឲ្យ​កាន់តែ​ល្អ​ថែមទៀត។ទន្ទឹមនឹងនេះ ឯកអគ្គរាជទូត​ថៃ​រូបនេះ ក៏​បញ្ជាក់ថា​រូបលោក​នឹង​សហការ​ភាពជា​ដៃគូ​លើ​គ្រប់​វិស័យ​ជាមួយ​កម្ពុជា ជាពិសេស​វិស័យសេដ្ឋកិច្ច សង្គមកិច្ច វិនិយោគ និង​វប្បធម៌​ជាដើម ៕



© រក្សាសិទ្ធិដោយ thmeythmey.com