អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​អង់គ្លេស​គ្រោង​បិទ​គេហទំព័រ​សិច​ទាំងអស់​មិន​ឲ្យ​ប្រជាជន​ចូល​មើល​បាន
29, May 2015 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ

នាយករដ្ឋមន្ត្រី​របស់​ចក្រភព​អង់គ្លេស លោក David Cameron គ្រោង​នឹងធ្វើ​ការរារាំង​មិន​ឲ្យ​ប្រជាជន​ខ្លួន អាច​ចូល​មើល​រូបភាព​អាសអាភាស​នៅលើ​បណ្ដាញ​អ៊ី​ន​ធើ​ណែ​ត​បាន​ទៀត​នោះទេ ដែល​ផែនការ​នេះ​គឺ​វា​ខុស​នឹង​ច្បាប់​របស់​សហភាព​អឺរ៉ុប។ នេះ​បើ​យោងតាម​សារព័ត៌មាន RT ។



ប្រភព​ដដែល​នេះ បាន​ដកស្រង់​ខ្លឹមសារ​នៃ​ផែនការ​សំងាត់​មួយ ដែល​ត្រូវគេ​លួចលាក់​ចេញផ្សាយ​មក​ក្រៅ​កាលពី​ថ្ងៃទី១៧ ខែឧសភា​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​ដែល​ក្នុង​ឯកសារ​គោលនយោបាយ​សំងាត់​នោះ លោក Cameron បានស្នើ​ឲ្យ​មានការ​បង្កើត​ច្បាប់ ដើម្បី​ចាប់បង្ខំ​ឱ្យ​អ្នកផ្តល់​សេវា​អ៊ី​ន​ធើ​ណិ​ត (ISP) បិទ​មិន​ឲ្យ​មនុស្សពេញវ័យ​អាច​ចូលទៅ​មើលរូប​អាសអាភាស នៅតាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​បាន​ទៀត​ទេ។

លោក John Carr ទីប្រឹក្សា​រដ្ឋាភិបាល​លើ​សុវត្ថិភាព​អ៊ី​ន​ធើ​ណែ​ត​កុមារ​បានឱ្យដឹងថា​អង្គការ​ធ្វើការ​ជាមួយ​កុមារ​ជាច្រើន បានធ្វើ​យុទ្ធនាការ​ដើម្បី​គាំទ្រ​ច្បាប់​ថ្មី​នេះ។ ជាមួយគ្នានេះ​ផងដែរ កាលពី​ខែកក្កដា​ឆ្នាំ ២០១៣ លោក Cameron បាន​អំពាវនាវ​ឱ្យ​ឪពុកម្តាយ​ទាំងអស់ ត្រូវមាន​តួនាទី​យ៉ាងសកម្ម​ក្នុងការ​កំណត់​ពី​ការប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​នៅក្នុង​គ្រួសារ​របស់​ពួកគេ។

វិធាន​ការដែល​បានស្នើ​ឡើង​ដោយ​លោក Cameron នេះ គឺ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​នៅក្នុង​គណបក្ស​អភិរក្សនិយម។សេចក្ដីប្រកាស​មួយ​របស់​ក្រុម​អ្នក​អភិរក្ស​បាន​បញ្ជាក់ថា ដើម្បី​បញ្ឈប់​ការប៉ះពាល់​ផ្លូវភេទ​កុមារ​បាន​គឺ​ត្រូវតែមាន​ការផ្ទៀងផ្ទាត់​ពី​អាយុ​របស់​អ្នក​ចូលទៅ​មើល​គេហទំព័រ​អាសអាភាស​នា​នា ដើម្បី​កំណត់ថា​តើ​អ្នក​ចូល​មើល​ត្រូវមាន​អាយុ​ប៉ុន្មាន ទើប​អាច​អនុញ្ញាត៕





© រក្សាសិទ្ធិដោយ thmeythmey.com