ពិភពតារា៖ ឈិ​ត សុវណ្ណ​បញ្ញា បង្ហើប​ថា​មិនទាន់​ចង់​រៀបការ
26, Jun 2015 , 9:40 am        
រូបភាព
ដោយ:

ភ្នំពេញ៖ តារាចម្រៀង​ប្រចាំ​ផលិតកម្ម ហង្ស​មាស នាង ឈិ​ត សុវណ្ណ​បញ្ញា ដែល​អូសទាញ​ការគាំទ្រ​មិន​ចាញ់​តារា​រួម​ទ្រនំ​នោះ ក៏​លេង​ក្បាច់​រាំ​ដ៏​រស់​រវើក គួរឱ្យ​ចាប់អារម្មណ៍​ផងដែរ។ ចំពោះ​រឿង​ផ្ទាល់ខ្លួន​នាង​បាន​បង្ហើប​ឲ្យ​ដឹងថា​មិនទាន់​ចង់​រៀបការ​ទេ ចង់​ពង្រឹង​ការងារ​សិល្បៈ​ថែមទៀត​សិន។



ស្ថិត​ក្នុងចំណោម​អ្នកចម្រៀង ដែលមាន​ក្បាច់​រាំ​ល្អ​គួរសម​នោះ​ឈិ​ត សុវណ្ណ​បញ្ញា បាន​កាត់​សម្លៀកបំពាក់​លេងខ្លួន​ខុសពី​មុន អមដោយ​ក្រុម​រាំ មាន​ឈុត​ដូចគ្នា ទើប​នៅតាម​វេទិកា តែងតែមាន​ក្រុម​អ្នកគាំទ្រ​ហែហម​គួរកត់សម្គាល់ តែបើ​ប្រៀបធៀប​កេរ្តិ៍ឈ្មោះ តារា​ជ្រកកោន​នៅ​ហង្ស​មាស​បាន ៨ឆ្នាំ​រូបនេះ គឺ​នៅមានកម្រិត​នៅឡើយ មិនទាន់​អាចឈាន​ទៅដល់​កំពូល​បានទេ។ មាន​តារា​ខ្លះ​បាន ចូល​ហង្ស​មាស ក្រោយ​នាង​ទេ តែ​លោត​លើ​ក៏មានដែរ ជាពិសេស​គឺ ឱក សុគន្ធ​កញ្ញា តែម្តង ។

ឈិ​ត សុវណ្ណ​បញ្ញា ថ្វីត្បិតតែ​មិនទាន់ សម្រេច​ក្តី​ប្រាថ្នា​ឈរលើ​គេ នៅ​រស្មី​ហង្ស​មាស​ក្តី តែ​អ្នកចម្រៀង​រូបនេះ អាច​ច្រៀង​បាន​គ្រប់​ប្រភេទ​បទ ដោយ​កន្លងមក តារាចម្រៀង​រូបនេះ តែងតែ​ផ្តោតលើ​ការចេញ​ច្រៀង​រកលុយ​នៅក្រៅ​ប្រទេស​ច្រើនជាង​ក្នុងស្រុក​ខ្មែរ ដោយសារតែ​នាង​អាច​ច្រៀង​បទ​ពីដើមៗបាន​ពីរោះ តែ​នៅ​ឆ្នាំនេះ ឈិ​ត សុវណ្ណ​បញ្ញា បែរជា​សម្ងំ​រកលុយ​នៅក្នុង​ស្រុក មិន​អើពើ​ចេញទៅ​រកលុយ​ដុំ នៅក្រៅ​ស្រុក​ទៅវិញ នេះ​ប្រហែលជា​នាង​មើលឃើញថា ជួញ​ជិត​ប្រសើរ​ជាង​ជួញ​ឆ្ងាយ​ហើយ​មើលទៅ? តារា​ហង្ស​មាស រូបនេះ បាន​តាំង​ជំហរ​ថា ត្រូវតែ​ពង្រឹង​ការងារ​ក្នុងស្រុក​ឱ្យ​ប្រសើរ​សិន អ៊ីចឹង​ត្រូវ​ផ្អាក​ច្រៀង​នៅក្រៅ​មួយរយៈ សិន​ហើយ ដើម្បី​កុំឱ្យ​ស្ងាត់​ក្នុងស្រុក​ពេក ។

ម្ចាស់​បទ “នៅក្រោយ​ខ្នង​បង” រូបនេះ បាន​បង្ហើប​ឲ្យ​ដឹងថា“អា​រឿង​រៀបការ​នោះ គេ​បានដឹង​មុន​ខ្ញុំ​ច្រើនដង​ទៅហើយ ម្តងថា ឆ្នាំនេះ​ឆ្នាំ​នោះ តែ​ខ្ញុំ​ផ្ទាល់ គឺ​ចង់​ប្រាប់ថា ខ្ញុំ​អត់​ទាន់​ចង់​រៀបការ​ទេ ខ្ញុំ​ចង់​ពង្រឹង​ការងារ សិល្បៈ​ថែមទៀត​សិន ចង់បាន​ល្អ​ជាង​នេះ តែបើ​ថ្ងៃ​ណាមួយ ឃើញ​ខ្ញុំ​ស្លៀក​ឈុត​កូនក្រមុំ​អី អាហ្នឹង​ទើប​ការពិត តែ​ឥឡូវ​អត់​ទាន់​មាន ហើយ​បើ​គេ​មិន​ជឿ មានតែ​ទៅតាម​ដំណើរ​ចុះ ៕



© រក្សាសិទ្ធិដោយ thmeythmey.com