ជាតិ
សមត្ថកិច្ច​បដិសេធករណី​មាន​ជនល្មើស​ចាំ​គប់​កញ្ចក់​រថយន្ត​ប្លន់​យក​ទ្រព្យ​សស​ម្ប​តិ្ត នៅ​តំបន់​ពេជ្រនិល
01, Jul 2015 , 9:57 am        
រូបភាព
ដោយ: ថ្មីៗ
សមត្ថកិច្ច​ឈរ​ការពារ​នៅ​តំបន់​ជ្រោះ​ពេជ្រនិល ក្នុង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​បដិសេធ ចំពោះ​ព័ត៌មាន​ថា មាន​មនុស្ស​ចាំ​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ នៅក្នុងតំបន់ពេជ្រនិល នាពេល​យប់។ ថ្មីៗនេះ អ្នកលេង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ហ្វ៊េ​ស​បុក បាន​បង្ហោះ​ចែកចាយ​បន្ត​គ្នា​ថា មាន​ជនល្មើស​បាន​គប់​កញ្ចក់​ឡាន​នៅពេល​យប់​ជ្រៅ ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ។ នេះ​បើតាម​ការផ្សាយ​នៅលើ​គេហទំព័រ​ប៉ូលីស។



បើតាម​ការផ្សាយ​របស់​ប៉ូលីស មន្ត្រី​យោធា​កងពលតូច​ថ្មើរ​ជើង​លេខ៣១ និង​ជា​មេបញ្ជាការ​ទទួល​ទិស​ឈរជើង​ការពារតំបន់ជ្រោះ​យាយ​ម៉ៅ​ពេជ្រនិល លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទូច លីន បាន​និយាយបដិសេធថា ពុំមាន​ករណី​ជនល្មើស​យក​ដុំថ្ម​គប់​ទៅលើ​រថយន្ត​ ក្នុង​គោលបំណង​ប្លន់​យក​ទ្រព្យសម្បត្តិ​នោះទេ ប៉ុន្តែ​លោក​សន្និដ្ឋាន​ករណីនេះ​ថា អាចមាន​មនុស្ស​វិកល​ច​រិ​តមួយចំនួន គប់​មែន ប៉ុន្តែពុំមែនជាករណីប្លន់នោះទេ។ លោកថា ករណីនេះ​កើតមាន​ញឹកញាប់ សូម្បីតែ​លោក​ក៍​ធ្លាប់​ជួបប្រទះ​ផ្ទាល់​ដែរ។

ថ្មីៗនេះ តាម​បណ្តាញ​សង្គម​ហ៊េ្វ​ស​បុក បាន​សរសេ​ថា មនុស្ស​កាន់​ដុំថ្ម​ចាំ​គប់​អ្នកបើកបរ រថយន្ត​ដែល​ធ្វើដំណើរ​ឆ្លងតាម​តំបន់​ជ្រោះ​ពេជ្រនិល នៅពេល​យប់ ដើម្បី​ឲ្យ​អ្នកបើកបរ​របួស​រួច​ប្លន់​តែម្តង។ ប៉ុន្តែ សមត្ថកិច្ច​ការពារ​ក្នុង​តំបន់​នោះ​ថា នេះ​ជា​រឿង​មិន​ពិត។

លោក​ឧ​ត្ត​ម​សេនីយ៍បញ្ជាក់ថា៖«កម្លាំង​សមត្ថកិច្ច​បាន​ផ្លាស់​វេន​គ្នា​ចុះ​ល្បាត ក្នុង​មួយ​ម៉ោង​ម្តង ជា​រៀងរាល់​យប់ ចាប់ពី​គីឡូ​ម៉ែត១០២ ដល់១០៥ ដើម្បី​ការពារ​សន្តិសុខ​ជួន​អ្នកដំណើរ ដោយសារ​ចន្លោះ​នេះ វា​រាង​ស្ងាត់​បន្តិច ហើយ​រឿង​ស្ទាក់​ប្លន់​រថយន្ត ដូច​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​មិនមាន​ទេ»។

ជាមួយគ្នានេះ លោក​បាន​សំណូមពរ​ឱ្យ​អ្នកធ្វើដំណើរ​ពេលយប់ តាមផ្លូវ​ជាតិ​លេខ ៤ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ហើយ​ប្រសិនបើ​អ្នកដំណើរ​ជួប​ករណី​ខាងលើ សូម​លោកអ្នក​ទាក់ទង​ផ្តល់ព័ត៌មាន​ដល់​កម្លាំង​ប្រចាំការ​ត្រង់ចំណុច​ជ្រោះ​ពេជ្រនិល តាមរយៈ​លេខ​ទូរ​សព្ទ ០១៥ ២៤៧ ៦៧៦, ០៩៧ ៩៩៦ ០៩០៨ និង ០១៦ ៨២០ ២៦២ ៕


© រក្សាសិទ្ធិដោយ thmeythmey.com