ជាតិ
​​​ន​យោ​បាយ​ជាតិ​
បើ​ទទួលបាន​ផែនទី​ពី​UN រដ្ឋាភិបាល​បើកចំហ​ឲ្យ​CNRP និង​NGO ចូលរួម​ផ្ទៀងផ្ទាត់
07, Jul 2015 , 4:58 pm        
រូបភាព
អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បញ្ជាក់ថា រដ្ឋាភិបាល​នឹង​បើកចំហ​ឲ្យ​គណបក្សនយោបាយ សង្គម​ស៊ីវិល និង​អ្នកជំនាញ ចូលរួម​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​ផែនទី​ជាមួយគ្នា នៅពេលដែល​អង្គការសហប្រជាជាតិ ប្រគល់​ផែនទី​តាម​សំណើ​ខ្ចី​របស់​រដ្ឋាភិបាល ។ លោក​ថា ការស្នើ​ខ្ចី​ផែនទី​នេះ គឺ​រដ្ឋាភិបាល​ចង់​បញ្ចប់​ការរិះគន់​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ និង​ជាតិនិយម​ជ្រុល តែ​មិនមែន​ចង់យក​ឈ្នះ​គណបក្សប្រឆាំង​ឡើយ។



បើទោះជា​ផែនទី​កម្ពុជា ដែល​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ​មិនទាន់​មក​ដៃ​រដ្ឋាភិបាល​ក៏ដោយ តែ​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ត្រី អះអាងថា រដ្ឋាភិបាល​នឹង​បើកចំហ​ទូលាយ​សម្រាប់​គ្រប់ភាគី​មកពី​គណបក្សប្រឆាំង សង្គម​ស៊ីវិល និង​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ ចូលរួម​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​ផែនទី​ពី​អង្គការសហប្រជាជាតិ និង​ផែនទី​រដ្ឋាភិបាល​ប្រើប្រាស់​បច្ចុប្បន្ននេះ ដើម្បី​បញ្ឈប់​ការរិះគន់​រដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែងក្លាយ។ លោក​បន្ថែមថា រដ្ឋាភិបាល​ក៏​មិន​ចាប់កំហុស​ឆ្គង​របស់​គ​ណ​បក្សប្រឆាំង​ដែរ បើសិនជា​ត្រួត​ពិនិត្យឃើញថា ផែនទី​ពី​អង្គការសហប្រជាជាតិ​នោះ ដូចនឹង​ផែនទី​របស់​រដ្ឋាភិបាល​ដែល​ប្រើប្រាស់​បច្ចុប្បន្ន។

ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅ​ថ្ងៃ​អង្គារ​នេះ អ្នក​ពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«តាម​ការយល់​របស់ខ្ញុំ​រដ្ឋាភិបាល​លោក​នឹង​បើកចំហ​ឲ្យ​គណបក្សប្រឆាំង សង្គម​ស៊ីវិល​ជាដើម ចូលរួម​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​ផែនទី​ទាំងអស់គ្នា ព្រោះ​សម្ដេច ហ៊ុន សែន ស្នើសុំ​ខ្ចី​ផែនទី​ពី​អង្គការសហប្រជាជាតិ​នេះ មិនមាន​គោលបំណង​យក​ចាញ់​យកឈ្នះ​ខ្មែ​ណា​នោះទេ។ លោក​គ្រាន់តែ​ស្នើសុំ​ខ្ចី​មក​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​របស់​រដ្ឋា​ភិ​បាល និង​បញ្ចប់​អ្នក​តាំងខ្លួន​ស្រលាញ់​ជាតិ ជាតិនិយម​ជ្រុល ព្រោះ​ឲ្យ​តែ​និយាយ​រឿង​ព្រំដែន​ខ្មែរ​យើង​ឈ្លោះ​គ្នា ដូច្នេះ​សម្ដេច​លោក​ចង់​ឲ្យ​ខ្មែរ​ធ្វើការ​ជុំគ្នា កុំ​ឲ្យ​យល់​យលច្រឡំ​គ្នា»។

តំណាង​គណបក្សប្រឆាំង លោក អ៊ុំ សំអាន ដែល​តែងតែ​ចោទ​រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ ប្រាប់​សារព័ត៌មានថ្មីៗកាលពី​ម្សិលមិញ​ថា សំណើ​ខ្ចី​ផែនទី​ពី​អង្គការសហប្រជាជាតិរ​បស់​រដ្ឋាភិបាល​ពេលនេះ គឺជា​សកម្មភាព​បង្ហាញថា ខ្មែរ​ចេះ​រួបរួមគ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាមួយ​វៀតណាម។ លោក​អះអាងថា សកម្មភាព​របស់​គណ​បក្ស​លោក​កន្លងមក គឺជា​ការចូលរួមចំណែក​ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រំដែន ដែលជា​បញ្ហា​ធំ​របស់​ជាតិ មិនមែនជា​ការរិះគន់ និង​ចោទប្រកាន់​ដើម្បី​ទាញយក​ប្រជាប្រិយភាព​នោះទេ។

ដោយឡែក​អ្នកវិភាគ​នយោបាយ លោក អ៊ូ វីរៈ យល់ថា សំណើ​របស់លោក ហ៊ុន សែន សុំ​ផែនទី​ពី​អង្គការសហប្រជាជាតិ​ជា​រឿង​ល្អ​មួយ ដែលជា​ស្ពាន​សម្រាប់​លាតត្រដាង​ពី​ផែនទី​របស់​រដ្ឋាភិបាល ពិត ឬ​មិន​ពិត។ លោក​អត្ថាធិប្បាយ​ថា សកម្មភាព​របស់លោក ហ៊ុន សែន ពេលនេះ ក៏​អាច​ជាការ​បំបាក់មុខ​គ​ណ​បក្សប្រឆាំង​ដែរ ប្រសិនបើ​ការ​ផ្ទៀ​ត​ផ្ទាត់​ផែនទី​នោះ​រកឃើញថា ផែនទី​រដ្ឋាភិបាល​ជា ផែនទី ពិតប្រាកដ​នោះ ខណៈដែល​ខ្លួន​តែងតែ​រិះគន់​រដ្ឋាភិបាល​ថា ប្រើ​ផែនទី​ក្លែងក្លាយ។ « ខ្ញុំ​ថា បក្សប្រឆាំង​អស់​ក្រឡា​លោត​ហើយ។ គណបក្ស​នេះ នឹង​បាត់បង់​ប្រជាប្រិយភាព​ច្រើន ខ្មាស​គេ បាក់មុខ ពី​ព្រោះតែ​ការចោទប្រកាន់​បែប​នយោបាយ​ប្រជា​ភិ​ថុ​ត​របស់ខ្លួន​កន្លងមក។ យើង​នៅ​រង់​ចាំមើល​ដំណើរ​ការវិវត្ត​នៃ​ករណីនេះ​ទាំងអស់គ្នា»។ នេះ​ជាការ​វិភាគ​របស់លោក អ៊ូ វីរៈ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​សុំ​ខ្ចី​ផែនទី​ពី​លោក​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​តិ កាលពី​ថ្ងៃទី០៦កក្កដា ក្នុង​គោលបំណង​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​អនុវត្ត​ការងារ​របស់ខ្លួន សម្រាប់​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេសជិតខាង ដើម្បី​បញ្ចៀស​និង​បញ្ចប់​នូវ​ការ​ញុះញង់​បង្កើត​ស្មារតី​ជាតិនិយម​ជ្រុល។ ជាពិសេស​ការ​កេងចំណេញ​ខាង​នយោបាយ ដោយ​មជ្ឈដ្ឋាន​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អាច​បង្កើតជា​គ្រោះមហន្តរាយ​ដ៏​ធំធេង​ដល់​ជាតិ​កម្ពុជា​ទាំងមូល ៕



© រក្សាសិទ្ធិដោយ thmeythmey.com