សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន ៖ ក្មេង​ពីរ​នាក់​បងប្អូន​ត្រូវ​ជីតា​បង្ខាំង​ទុក​ក្នុង​ទ្រុង​ជាមួយ​ហ្វូង​សត្វ​ឆ្កែ
29, Jul 2015 , 7:59 pm        
រូបភាព
ដោយ: ធីតា
បងប្អូន​ពីរ​នាក់ ប្រុស​អាយុ ៦ ឆ្នាំ​និង​ស្រី​អាយុ ៤ ឆ្នាំ​ដែល​ត្រូវ​ជីតា​របស់ខ្លួន​បង្ខាំង​ទុក​ក្នុង​ទ្រុង​ជាមួយ​ហ្វូង​សត្វ​ឆ្កែ​នៅ​តំបន់ Liuhe ក្រុង Nanjing ត្រូវបាន​អង្គការ​ក្នុងស្រុក​មួយ​ជួយសង្គ្រោះ បន្ទាប់ពី​អ្នកជិតខាង​បាន​ប្រាប់​ពី​ស្ថានភាព​របស់​ក្មេង​ដល់​បណ្តាញ​ព័ត៌មាន។ ពេលនេះ គ្រួសារ​មួយ​បាន​ស្ម័គ្រចិត្ត​ទទួល​ទំនុកបម្រុង​ក្មេង​ទាំងពីរ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Beijing Times ។



នៅពេល​ថ្ងៃ ក្មេង​ទាំងពីរ​ត្រូវ​នៅក្នុង​ទ្រុង​ដ៏​ធំ​មួយ​ជាមួយ​សត្វ​ឆ្កែ ៥០ ក្បាល។ ពេលយប់ ពួកគេ​ដេក​នៅក្នុង​រថយន្ត​ដែល​គេ​បោះបង់ចោល។ ពួកគេ​ត្រូវ​ដណ្តើម​អាហារ​របស់​សត្វ​ឆ្កែ ហើយ​ពេលខ្លះ ពួកគេ​ហូប​ចំណី​ដែល​គេ​បោះចោល​នៅតាម​ផ្សារ និង​ផឹកទឹក​ភ្លៀង​ដក់​នៅតាម​ផ្លូវ ឬ​ទឹកស្ទឹង​នៅក្បែរនោះ។

បើតាម​ការ​ឲ្យ​ដឹង​ពី​អ្នកជិតខាង ក្មេង​ទាំងពីរ​មាន​ដើមកំណើត​នៅ​ខេត្ត Anhui ។ ម្តាយ​របស់​ពួកគេ​បាន​បោះបង់​ពួកគេ​ចោល ចំណែក​ឪពុក​ក៏​លែង​រវល់​នឹង​កូន​ទៀត​ដែរ។ ឪពុក​រូបនេះ​បាន​យក​កូន​ទាំងពីរ​មក​ប្រគល់​ឲ្យ​ជីតា​ឈ្មោះ Yu Congqiu ដែល​គ្រប់គ្រង​កន្លែង​លក់​សត្វ​ឆ្កែ​ខុសច្បាប់​មួយ​នៅ Nanjing ។ ជីតា​រូបនេះ​រកបាន​ប្រាក់ចំណូល​បន្តិចបន្តួច មិន​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​ចៅ​ទាំងពីរ​ទេ។ ដោយសារ​គ្មាន​ផ្ទះសម្បែង​ត្រឹមត្រូវ គាត់​ត្រូវ​ឃុំ​ក្មេង​ទាំងពីរ​ជាមួយ​សត្វ​ឆ្កែ ដើម្បី​សុវត្ថិភាព​ពួកគេ។

បន្ទាប់ពី​បានដឹង​រឿងរ៉ាវ​ដ៏​កំសត់​របស់​កុមារ​ទាំងពីរ អង្គការ​ក្នុងស្រុក​មួយ​បាន​ជួយ​រក​គ្រួសារ​ថ្មី​មួយ​សម្រាប់​ក្មេង​ទាំងពីរ ហើយ​ក៏បាន​ទាក់ទង​ក្រុម​អ្នក​ស្រឡាញ់​សត្វ​ឆ្កែ​ឲ្យ​ទិញ​សត្វ​ឆ្កែ​របស់​ជីតា​ក្មេង ដោយ​ជួយ​ឲ្យ​គាត់​រកប្រាក់​បាន​ជាង ៨ ០០០ ដុល្លារ។ ទន្ទឹមនឹងនេះ អង្គការ​នេះ​បាន​ជួយ​ឪពុក​ក្មេង​ដែល​មិនចេះ​អក្សរ និង​ជីតា​ឲ្យ​បំពេញបែបបទ​ចាំបាច់ ដើម្បី​វិលត្រឡប់​ទៅ​រស់នៅ​ខេត្ត Anhui វិញ។ នៅ​ទីនោះ ពួកគេ​នឹង​ទទួលបាន​ជំនួយ​ពី​រដ្ឋាភិបាល៕


Tag:
 សត្វ​ឆ្កែ
© រក្សាសិទ្ធិដោយ thmeythmey.com