ជាតិ
សង្គម​ស៊ីវិល​នៅតែ​មិន​ជឿជាក់​លើ​អាជ្ញាធរ​លើ​ប្រតិបត្តិការ​តាម​ចាប់ខ្លួន ឈូក បណ្ឌិត
29, Jul 2015 , 8:19 pm        
រូបភាព
បើទោះបីជា​សមត្ថកិច្ច​អះអាងថា ខ្លួន​មិនដែល​បោះបង់​ចោលការ​តាម​ចាប់ខ្លួន ទណ្ឌិត ឈូក បណ្ឌិត យកមក​ផ្តន្ទាទោស​ក៏ដោយ តែ​បណ្តាញ​សង្គម​ស៊ីវិល​មួយចំនួន ដែល​ធ្វើការ​ទាក់ទង​នឹង​ការលើកស្ទួយ​សិទ្ធិ​ស្ត្រី​កម្ពុជា នៅ​មិនទាន់មាន​ការជឿជាក់​ទាំ​ង​ស្រុង​នោះឡើយ។



បណ្តាញ​សង្គម​ស៊ីវិល​ធ្វើការ​ដើម្បី​លើកស្ទួយ​សិទ្ធិ​ស្ត្រី​មួយចំនួន នៅតែ​មិនទាន់​ត្រជាក់ចិត្ត ចំពោះ​ការប្រកាស​តាម​ចាប់ខ្លួន លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ដែល​បាន​បាញ់ប្រហារ​កម្មការិនី​រោងចក្រ ៣នាក់ ឲ្យ​រងរបួស មក​ដាក់ទោស​តាមច្បាប់​នោះទេ។ ការដែល​មិនទាន់​ពេញចិត្ត និង​ស្ងប់​អារម្មណ៍​ដូច្នេះ ដោយសារតែ​ក្រុម​សង្គម​ស៊ីវិល​ទាំងនោះ ហាក់ដូចជា​មិនទាន់មាន​ទំនុកចិត្ត​លើ​សមត្ថកិច្ច ដោយ​ពួកគេ​សំអាងថា កន្លងមក​សមត្ថកិច្ច​ក៏​ធ្លាប់​ប្រកាស​តាម​ចាប់ខ្លួន​ជនល្មើស​នេះ​អីចឹង​ដែរ តែ​ក្រោយមក ក៏​ស្ងប់ស្ងាត់​ទៅវិញ។ ក្រុម​សង្គម​ស៊ីវិល​ទាំងនោះ គ្រាន់តែ​សម្តែង​ការគាំទ្រ​ចំពោះ​វិធានការ​របស់​សមត្ថកិច្ច​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​នៅតែ​តាមដាន​មើល​បញ្ហា​នេះ រហូតដល់​ជនល្មើស​ត្រូវបាន​ចាប់​មក​ផ្តន្ទាទោស ជាក់ស្តែង ទើប​ពួកគេ​ស្ងប់ចិត្ត និង​ជឿជាក់​លើ​សមត្ថកិច្ច និង​តុលាការ។

ប្រធាន​អង្គការ យេនឌ័រ និង​អភិវឌ្ឍន៍ ដើម្បី​កម្ពុជា (GADC) លោកស្រី រស់ សុភាព បាន​មានប្រសាសន៍ថា លោកស្រី​សូម​ចូលរួម​គាំទ្រ​ចំពោះ​ការប្តេជ្ញា​របស់​សមត្ថកិច្ច​ក្នុងការ​តាម​ចាប់ លោក ឈូក បណ្ឌិត មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់ តែ​លោកស្រី​មិនទាន់​ត្រជាក់ចិត្ត​នៅឡើយ​ទេ ដរាបណា   ទណ្ឌិត​រូបនេះ នៅតែ​មិនទាន់​ត្រូវបាន​ចាប់យក​មកកាន់​តុលាការ​ជាក់ស្តែង។

ប្រធាន​អង្គការ​រូបនេះ​បញ្ជាក់ថា៖ «សម្រាប់​ខ្ញុំ ខ្ញុំ​ពិតជា​គាំទ្រ​ចំពោះ​សមត្ថកិច្ច ដែល​ប្រកាស​តាម​ចាប់​លោក ឈូក បណ្ឌិត តែ​គ្រាន់តែ​ប៉ុណ្ណឹង​មិនទាន់​ដល់​កម្រិត​ដែល​យើង​ត្រូវ​ជឿទុកចិត្ត​សមត្ថកិច្ច ក៏ដូចជា​តុលាការ​នោះទេ ព្រោះ​កន្លងមក​សមត្ថកិច្ច​ធ្លាប់​អះអាងថា​ចាប់​ជនល្មើស​មក​ដាក់ទោស​អី​ចឹ​ង​ដែរ តែ​បែរជា​ស្ងប់ស្ងាត់​ទៅវិញ។ អីចឹង​ឥឡូវ​យើង​តាមដាន​មើល​ទាំងអស់គ្នា ថា​តើ​សមត្ថកិច្ច​អាចធ្វើ​បាន​មែនឬ​អត់ បើ​ធ្វើបាន​ដូច​ការប្រកាស​មែន ទើប​យើង​ស្ងប់ចិត្ត»។

ស្រដៀង​គ្នា​នេះដែរ លោកស្រី ជឹម ចាន់​នាង អ្នកសម្របសម្រួល ក្នុង​គណៈកម្មាធិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​អនុសញ្ញា​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​លើ​ស្ត្រីភេទ (NGO-CEDAW) បាន​ឲ្យ​ដឹងថា លោកស្រី​ទទួលស្គាល់ថា​ជា​រឿង​ល្អប្រសើរ​សម្រាប់​ជនរងគ្រោះ ដែល​អគ្គស្នងការ​នគ​របាល​ជាតិ​សហការ​ជាមួយ​ប៉ូលីស​អន្តរជាតិ​ជាង១៩០ប្រទេស ដើម្បី​តាម​ចាប់​លោក ឈូក បណ្ឌិត នាំមក​ប្រឈម​ចំពោះមុខ​ច្បាប់ តែ​លោកស្រី​នៅតែ​មិនទាន់​ជឿជាក់​លើ​វិធានការ​របស់​សមត្ថកិច្ច​នោះទេ។

មន្ត្រី​អង្គការ GNO-CEDAW រូបនេះ​បន្ថែម​ដូច្នេះ​ថា៖ «ទោះបីជា​សមត្ថកិច្ច​ប្រកាស​អីចឹង​ក៏ពិតមែន តែ​ខ្ញុំ​នៅតែ​ខ្វល់ និង​មិន​អស់ចិត្ត​ដដែល ហើយ​បើ​ឲ្យ​ស្ងប់ចិត្ត​ចំពោះ​ទង្វើ​របស់លោក ឈូក បណ្ឌិត ដោយ​គ្រាន់តែ​ប៉ូលីស​ប្រកាស​អីចឹង​នោះ គឺ​មិនអាច​នោះទេ។ ហើយ​ម្យ៉ាងទៀត រឿង​ហ្នឹង​កើតឡើង​យូរហើយ ហេតុអ្វី​រហូតមកដល់​ពេលនេះ ជនល្មើស​នៅតែ​មិនទាន់​ចាប់បាន? អីចឹង​ដើម្បី​ឲ្យ​ជនរងគ្រោះ ក៏​ដូច​ប្រជាពលរដ្ឋ​គ្រប់គ្នា​ទទួលយកបាន ទល់​តែ​សមត្ថកិច្ច​ចាប់​លោក ឈូក បណ្ឌិត ឲ្យ​បាន ហើយ​យកមក​ដាក់ទោស​ជាក់ស្តែង​ជាមុនសិន»។

មិន​ខុសពី​ជន​ទាំងពីរ​នាក់​ខាងលើនេះ​ទេ លោកស្រី ចាន់ គ​ន្ធា មន្ត្រី​សម្របសម្រួល​កម្មវិធី​ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍ (JASS) យល់ថា ការប្រែប្រួល​សមត្ថកិច្ច​ពី​ភាពស្ងប់ស្ងាត់ មក​ប្រកាស​តាម​ចាប់​លោក ឈូក បណ្ឌិត​នេះ គឺអាច​បណ្តាលមកពី​ការ​ផុសផុល​ករណី លោក សុខ ប៊ុន និង​កញ្ញា​សា​សា។ លោកស្រី​បន្ថែមថា ការបង្ហាញ​ពី​ចំណាត់ការ​ក្នុង​ចាប់ខ្លួន​លោក ឈូក បណ្ឌិត គឺ​ត្រឹមត្រូវ​ហើយ ព្រោះនេះ​ជា​តួនាទី​របស់​សមត្ថកិច្ច ដែល​ត្រូវតែ​ធ្វើ។

មន្ត្រី​អង្គការ JASS រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​យល់ថា វា​រឿង​ល្អប្រសើរ ដែល​សមត្ថកិច្ច​ប្រកាស​ដូច្នេះ តែបើ​ឲ្យ​ស្ងប់ចិត្ត​នោះ ខ្ញុំ​មិនទាន់​ស្ងប់​នោះទេ ហើយក៏​មិន​ទុកចិត្ត​លើ​សមត្ថកិច្ច​ដែល​ប្រកាស​នោះដែរ។ បើ​និយាយ​ទៅ ខ្ញុំ​ដូចជា​មិនសូវមាន​ជំនឿ​លើ សមត្ថកិច្ច​ក៏ដូចជា​តុលាការ​នោះទេ ប្រសិនបើ​មិនឃើញ​ជនល្មើស​ត្រូវបាន​ចាប់​ផ្តន្ទាទោស​ផ្ទាល់​ភ្នែក។ អីចឹង​មានតែ​ដាម​តាមមើល​សិន ថា​តើ​សមត្ថកិច្ច​អាចធ្វើ​បាន​ដូច​អ្វីដែល​ខ្លួន​ប្រកាស​មែនឬ​អត់»។   

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី២៨ ខែកក្កដា ម្សិលមិញ ដោយមាន​បញ្ជា​ពី​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អគ្គ​ស្នង​នគរបាលជាតិ បាន​សហការ​ជាមួយ​ប៉ូលីស​អន្តរជាតិ​ជាង១៩០ប្រទេស ដើម្បី​តាម​ចាប់ លោក ឈូក បណ្ឌិត មក​ផ្តន្ទាទោស។ លើសពីនេះ​ស្ថាប័ន​មាន​សមត្ថកិច្ច​មួយ​នេះ ក៏បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ឲ្យ​ជួយ​ផ្តល់ដំណឹង​ជូន​សមត្ថកិច្ច ប្រសិនបើ​ដឹងថា ទណ្ឌិត​ឈ្មោះ ឈូក បណ្ឌិត​នេះ លាក់ខ្លួន​នៅទីណា។ ការប្រកាស​នេះ​ធ្វើឡើង​ក្រោយពី​កម្មការិនី​ទាំងបី​នាក់ មក​ដាក់​ពាក្យបណ្តឹង​នៅ​រដ្ឋសភា ដើម្បី​ស្នើ​ឲ្យ លោក ហ៊ុន សែន និង​លោក ស ខេង ជួយ​អន្តរាគមន៍ តាម​ចាប់​លោក ឈូក បណ្ឌិត មក​ផ្តន្ទាទោស​តាមច្បាប់​ដូច លោក សុខ ប៊ុន ដែល​បាន​ប្រើ​អំពើហិង្សា​លើក​ញ្ញា សា​សា កាលពីពេលថ្មីៗនេះដែរ។

សូម​រំឭកថា កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ស្ត្រី៣នាក់ មានឈ្មោះ នុត សុខន, កែវ នា និង​ប៊ុន ចិន្តា ជា​កម្មការិនី​រោងចក្រ កៅ​រ៉េ ខេត្តស្វាយរៀង ត្រូវបាន​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត បាញ់ប្រហារ​ដោយ​កាំភ្លើង បណ្តាល​ឲ្យ​រងរបួស​ស្ទើរ​បាត់បង់​ជីវិត។ រហូតមកដល់​ពេលនេះ​សមត្ថកិច្ច​មិនទាន់​ចាប់បាន លោក ឈូក បណ្ឌិត មក​ដាក់ទោស​នោះទេ តែ     ទណ្ឌិទ​រូបនេះ ត្រូវបាន​តុលាការខេត្ត​ស្វាយរៀង សម្រេច​ផ្តន្ទាទោស​ម្តង​រួចមកហើយ ដោយ​សម្រេច ឲ្យ​ជាប់ពន្ធនាគារ​ចំនួន១៨ខែ កាលពី​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៣ ៕



Tag:
 លោក ឈូក បណ្ឌិត
 សង្គម​ស៊ីវិល
© រក្សាសិទ្ធិដោយ thmeythmey.com