ជាតិ
គ្រូ និង​សិស្ស AII ផ្តល់​អំណោយ​ដល់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ពោធិ៍​សែន​ជ័យ
30, Jul 2015 , 2:50 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពី​សប្តាហ៍​កន្លងទៅ​នេះ ក្រុម​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ នៃ​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង បាន​នាំយក​អំណោយ​សប្បុរសធម៌​ដែល​រួមមាន ៖ អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកបរិសុទ្ធ សៀវភៅ​ផាត់​ពណ៌ និង​ខ្មៅ​ដៃ​ពណ៌​ជាច្រើន ព្រមទាំង​នំ​កញ្ចប់ផ្សេងៗ សម្រាប់​បរិច្ចាគ​ជូនក្មេងៗ ជនពិការ និង​ចាស់ជរា នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ពោធិ៍​សែន​ជ័យ ហៅ​កាត់​ថា មណ្ឌល​ព្រៃ​ស្ពឺ ក្រោម​ការរៀបចំ​របស់ មូលនិធិ ម៉េង​លី ជេ. គួច។ មណ្ឌល​ព្រៃ​ស្ពឺ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។



លោក វ៉ាន់ ង៉ា​ត់ ប្រធាន​មណ្ឌល​ព្រៃ​ស្ពឺ​បានឱ្យដឹងថា មណ្ឌល​លោក​នៅមាន​ការខ្វះខាត​ខាង​ស្បៀងអាហារ សម្លៀកបំពាក់ និង​ថ្នាំពេទ្យ។ បច្ចុប្បន្ន​មាន​មន្ទីរពេទ្យ​ចំនួន​ពីរ (មន្ទីរពេទ្យ​សម្ភព​ក្រុង និង​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង) ដែល​ទទួល​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​អ្នកស្នាក់នៅ​មណ្ឌល​ដោយ​ឥតគិតថ្លៃ។ លោក​បន្តថា “នៅពេល​មាន​អ្នកជំងឺ​ឈឺ​ថ្កាត់ម្តងៗ ជាពិសេស​នៅពេល​យប់ គឺមាន​ផល​លំបាក​ខ្លាំង ក្នុងការ​បញ្ជូន​ពួកគាត់​ទៅពិនិត្យ និង​ព្យាបាល​ជំងឺ​នៅឯ​មន្ទីរពេទ្យ​ខាងលើ ដោយហេតុតែ​ខ្វះ​នូវ​មធ្យោបាយ​ដឹកជញ្ជូន” ។



ចំណែក​លោកគ្រូ សាយ ភិរម្យ ដែលជា​អ្នកដឹកនាំ និង​បង្កើតឱ្យមាន​កម្មវិធី​សប្បុរសធម៌​នេះ​បានឱ្យដឹងថា លោក​ពិត​ជាមាន​ភាពសប្បាយ​រីករាយ​យ៉ាងខ្លាំង នៅពេលដែល​លោក​បានរួម​ចំណែក​ជួយ​សង្គម និង​បានឃើញ​ពី​ការលះបង់​របស់​សិស្សានុសិស្ស ដែល​បាន​ចំណាយ​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត ព្រមទាំង​ពេលវេលា​ក្នុងការ​ចូលរួម​សកម្មភាព​យ៉ាង​សស្រាក់សស្រាំ។

លោក​បាន​ឱ្យដឹងទៀតថា នេះ​ជា​លើក​ទី២ហើយ ដែល​ថ្នាក់​របស់លោក​បានរៀបចំ​នូវ​កម្មវិធី​សប្បុរសធម៌​នេះ​ឡើង ក្នុង​គោលបំណង​ប្រមូល​ថវិកា​សប្បុរសធម៌ ដើម្បី​យកទៅ​បរិច្ចាគ​ជូន​ដល់​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ ព្រមទាំង​ចង់ឱ្យប្អូនៗសិស្សានុសិស្ស​រៀនធ្វើការ​ងារ​ជា​ក្រុម ដែល​ធ្វើឱ្យ​ពួកគេ​មានការ​រីកចម្រើន​ទាំង​ការសិក្សា​ក្នុង​សាលា និង​ការបម្រើ​ដល់​ផលប្រយោជន៍​សង្គម​ផងដែរ។

លោក​នឹង​ព្យាយាម​បង្កើត​នូវ​កម្មវិធី​សប្បុរសធម៌ផ្សេងៗ ក្នុង​រូបភាព​បែបនេះ នៅ​រៀងរាល់​ត្រីមាសនីមួយៗ និង​ដើម្បី​រួមចំណែក​ជាមួយ មូលនិធិ ម៉េង​លី ជេ. គួច ផងដែរ។ ស្របពេល​ជាមួយគ្នា​នោះដែរ លោក​ក៏​សូម​ផ្តាំផ្ញើ​ដល់​អ្នក​ដែល​ពុំ​ធ្លាប់បាន​ចូលរួម​សកម្មភាព​សង្គម​ពីមុនមក ឱ្យ​ងាក​មក​ចូលរួម ដោយ​កុំ​គិតថា​សកម្មភាព​ទាំងនោះ គឺជា​ការ​ធ្វើឡើង​ដើម្បី​មុខមាត់​បុគ្គល ឬ ជនណាម្នាក់ តែ​ផ្ទុយទៅវិញ នេះ​គឺជា​ការជួយ​គ្នា​ទៅវិញទៅមក ជាពិសេស​ជួយ​ដល់​អ្នក​ដែល​កំពុង​ត្រូវការ​ជំនួយ​ពី​យើង។

រីឯ​យុវ​សិស្ស ទក មារ​តី ក៏បាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយរីករាយ​របស់ខ្លួន​ផងដែរ ព្រោះនេះ​ជា​លើក​ទី១ហើយ ដែល​មារ​តី​បាន​ចូលរួម​សហការ​ជាមួយ​លោកគ្រូ រៀបចំ​ឱ្យមាន​ជា​កម្មវិធី​សប្បុរសធម៌​នេះ​ឡើង។ ដោយសារតែ​មើលឃើញ​ពី​ភាពលំបាក​របស់​ប្រជាជន​ក្រីក្រ​មាន​ភាពកើនឡើង​ជា​បន្តបន្ទាប់ ទើប​ធ្វើឱ្យ​មារ​តី​សម្រេចចិត្ត​ធ្វើ​សកម្មភាព​នេះ​ឡើង ក្នុង​គោលបំណង​ចែករំលែក​សេចក្តីស្រឡាញ់​រវាង​គ្នា និង​គ្នា តាម​ដែល​អាចធ្វើ​ទៅបាន។ ដោយ​បន្តទៀតថា “ខ្ញុំ​សង្ឃឹមថា ខ្ញុំ​នឹង​អាច​ចូលរួម​ការងារ​សង្គម​បែបនេះ​នាឱកាសក្រោយៗទៀត ដើម្បី​បន្ត​នូវ​វប្បធម៌​ចែករំលែក​របស់​ខ្មែរ ដែលជា​វប្បធម៌​ផ្តល់ជូន​ដោយ​មិន​គិត​ចង់បាន​នូវ​ការ​តបស្នង​សងគុណ​មកវិញ អ​ញ្ជឹ​ង​ដែរ”៕



Tag:
 AII
  AIS
© រក្សាសិទ្ធិដោយ thmeythmey.com