ជាតិ
អាមេរិក​ផ្តល់​ថវិកា​ចំនួន៤៥ម៉ឺន​ដុល្លា សម្រាប់​អភិរក្ស​ប្រាសាទភ្នំ​បាក់​ខែង
01, Aug 2015 , 3:11 pm        
រូបភាព

មជ្ឈមណ្ឌល​បេតិកភណ្ឌ​វប្បធម៌​របស់​ការិយាល័យ​កិច្ចការ​វប្បធម៌ និង​អប់រំ​នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក បានផ្តល់​ថវិកា​ចំនួន៤៥ម៉ឺន​ដុល្លារ ទៅដល់​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក(World Monuments Fund) សម្រាប់​អភិរក្ស​ប្រាសាទភ្នំ​បាក់​ខែង​ក្នុងដំណាក់កាល​ទី៤ ។ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ជា​អ្នក​បញ្ជាក់​ព័ត៌មាន​នេះ។



ចាប់ពី​ឆ្នាំ២០០៨មក គម្រោង​អភិរក្ស​ប្រាសាទភ្នំ​បាក់​ខែង គឺ​ផ្តោតលើ​ការធ្វើ​ឲ្យ​សំណង់​មាន​លំនឹង ការ​ទប់​មិន​ឲ្យ​លិច​ទឹក​នៅ​ចំហៀង​ខាងកើត​នៃ​ប្រាសាទ​កណ្តាល និង​សកម្មភាព​គ្រប់គ្រង​លើ​ទីតាំង ព្រមទាំង​ការបណ្តុះបណ្តាល។ គម្រោង​ដំណាក់កាល​ទី៤នេះ នឹង​បញ្ចប់​ការជួសជុល​ពេញលេញ​ទៅលើ​ចំហៀង​ខាងកើត​នៃ​ប្រាសាទ​កណ្តាល ស្របតាម​គម្រោង​ប្លង់​ជួសជុល ដែល​បានកំណត់​នៅ​ដំណាក់កាលមុន។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា។

សេចក្តីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា ប្រទេស​កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ចំនួន ៧  ដែល​រួមមាន​ប្រទេស​ប៊ូ​តាន បូ​ស្នី​និង​ហឺ​ហ្សេ​ហ្គោ​វេ​ណា(Bosnia and Herzegovina) ប្រទេស​អេ​ហ្ស៊ី​ប ហ្សកដានី លី​បង់ និង​ស្រីលង្កា ដែល​បានទទួល​ជំនួយ​នៅក្នុង​ឆ្នាំសារពើពន្ធ២០១៥ សម្រាប់​អភិរក្ស​ទីតាំង​បុរាណ និង​ប្រវត្តិសាស្ត្រ តាមរយៈ​កម្មវិធី​ជំនួយ​ថវិកា​ខ្នាត​ធំ​នៃ​មូលនិធិ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​សម្រាប់​ការអភិរក្ស​វប្បធម៌។

ចាប់ពី​ឆ្នាំ២០០៤មក អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​បានទទួល​ថ​វិកា​ជិត៣លាន​ដុល្លារ​អាមេរិក​សម្រាប់​អភិរក្ស​ប្រាសាទភ្នំ​បាក់​ខែង។

មូលនិធិ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​សម្រាប់​ការអភិរក្ស​វប្បធម៌ បង្កើតឡើង​ដើម្បី​អភិរក្ស​ទី តាំង​បេតិកភណ្ឌ​វប្បធម៌ និង​ស្ថាបត្យកម្មសំខាន់ៗនានា​នៅ​ជុំវិញ​ពិភពលោក។ ក្រៅពី​ប្រាសាទភ្នំ​បាក់​ខែង រដ្ឋាភិបាល​អាមេរិក​ក៏បានផ្តល់​ថវិកា ដើម្បី​ជួយ​អភិរក្ស​ទីតាំង​បេតិកភណ្ឌ​វប្បធម៌សំខាន់ៗដទៃទៀត​នៅ​កម្ពុជា ដូចជា​ប្រាសាទភ្នំហាន់ជ័យ នៅ​ខេត្តកំពង់ចាម​ជាដើម។ ជំនួយ​សរុប​របស់​ស​ហ​រដ្ឋ​អាមេរិក​បានផ្តល់​ថវិកា​សរុប​ចំនួន៣លាន៥សែន​ដុល្លារ​សម្រាប់​អភិរក្ស  វប្បធម៌​នៅ​កម្ពុជា ក្នុងនោះ​ថវិកា​ចំនួន២លាន៨សែន​ដុល្លារ ត្រូវបាន​ផ្តល់​ឲ្យ​តាមរយៈ​មូលនិធិ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​សម្រាប់​ការអភិរក្ស​វប្បធម៌៕




© រក្សាសិទ្ធិដោយ thmeythmey.com