អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទារក​ប៉ា​ឡេ​ស្ទី​ន​ឆេះ​ស្លាប់​ក្នុងការ​វាយប្រហារ​រប​ស់​ក្រុម​ជ្រុលនិយម​អ៊ីស្រាអែល
01, Aug 2015 , 4:19 pm        
រូបភាព
ដោយ:

ព្រឹក​ព្រហាម​សុក្រ​ម្សិលមិញ នៅ​ភូមិ​Douma ភាគ​ខាងជើង​តំបន់​ស៊ី​ស​ហ្ស៊​កដា​នី ក្រុម​ជ្រុលនិយម​ជ្វី​ហ្វ​បិទមុខ​មួយក្រុម បាន​គប់​ដប​ផ្ទុក​គ្រឿងផ្ទុះ​វាយប្រហារ​ផ្ទះ២ខ្នង​របស់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន បង្ក​ជា​ភ្លើង​ឆាបឆេះ​ទារក​ប៉ា​ឡេ​ស្ទី​ន អាយុ១៨ខែ​ម្នាក់ រហូតដល់​ទារក​រូបនោះ​បាត់បង់​ជីវិត។ អាមេរិក បារាំង អង្គការសហប្រជាជាតិ​និង​សហភាព​អឺរ៉ុប​បាន​ថ្កោលទោស​អំពើ​ព្រៃផ្សៃ​នេះ។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បានចេញ​បញ្ជា​អោយ​តាម​ចាប់​ជនឧក្រិដ្ឋ​មក​កាត់ទោស។



ការដែល​ទារក​ប៉ា​ឡេ​ស្ទី​ន​ស្លាប់​ដោយ​ភ្លើ​េ​ង​ឆេះ​រោល នៅ​ថ្ងៃ​សុក្រ មាន​លក្ខណៈពិសេស​ធ្វើអោយ​ទាំង​សង្គម​អ៊ីស្រាអែល ទាំង​សហគមន៍​អន្តរជាតិ​បរិហារ​ថ្កោលទោស​យ៉ាង​សំបើម។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​យ៉ា​មីន នេ​តា​យ៉ា​ហ៊ូ បាន​ប្រញាប់​ថ្កោលទោស​អំពើ​ព្រៃផ្សៃ​នេះ ថា​ជា​ភេរវកម្ម ហើយ​លោក​ថែមទាំង​បាន​ចុះទៅ​មន្ទីរពេទ្យ​ទៅ​មើល​ឱ​ពុក​ម្តាយ​និង​កុមារ​អាយុ៤ឆ្នាំ​ជា​បងប្រុស​របស់​ទារក ដោយផ្ទាល់​ទៀតផង។ សមាជិកគ្រួសារ​របស់​ទារក​រូបនោះ និង​ក្មេងស្រី​ម្នាក់ទៀត​ក៏បាន​រងគ្រោះ​ធ្ងន់​ផងដែរ ដោយសារ​ការវាយប្រហា​រ​របស់​ក្រុម​ជ្រុលនិយម​អ៊ីស្រាអែល នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ។

ប្រធាន​រដ្ឋអំណាច​ប៉ា​ឡេ​ស្ទី​ន ម៉ា​មូ​ត អាបាស មិន​ជឿ​ការសន្យា​តាម​ទូរ​សព្ទ​របស់​នាយករ​ដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ថា នឹង​បញ្ជូន​ជនល្មើស​មក​កាត់ទោស​តាមច្បាប់​ទេ។ មូលហេតុ​គឺ​ដោយសារតែ បទល្មើស​ភាគច្រើន​ដែល​បង្កដោយ​សកម្មជន​ជ្រុលនិយម​អ៊ីស្រាអែល ទទួលបាន​ការកាត់ទោស​តិចតួច​ពេក។ ប្រធាន​អង្គការសហប្រជាជាតិ បាន គី​មូ​ន បាន​រិះគន់​អ៊ីស្រាអែល​ថា គ្មាន​សមត្ថភាព​ដោយសារតែ​ជនឧក្រិដ្ឋ​នៅតែ​អាច​រួច​ទោស។ លោក​ម៉ា​មូ​ត អាបាស បាន​ចោទ​អ៊ីស្រាអែល​ថា មាន​កំហុស​ផ្ទាល់​ក្នុងការ​ស្លាប់​របស់​ទារ​ក​នេះ។ លោក​អាបាស​ថែមទាំង​ប្រកាសថា ថ្ងៃ​សៅរ៍​នេះ នឹងដាក់​ឯកសារ​ថ្មី​ទៀត ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ប្តឹង​អ៊ីស្រាអែល​ពីបទ​ឧក្រិដ្ឋ​សង្គ្រាម។

ច្រើន​ឆ្នាំ​មកនេះ សកម្មជន​ស្តាំ​ជ្រុលនិយម​អ៊ីស្រាអែល​ជាច្រើន​បាននាំគ្នា​បង្ក​ហិង្សា​ប្រឆាំង​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន វាយប្រហារ​ទីសក្ការៈ​បូជា​របស់​អ្នក​កាន់សាសនា​អ៊ីស្លាម​និង​សាសនា​គ្រិស្ត។ បទល្មើស​ហិង្សា​ភាគច្រើន​មិនត្រូវ​បាន​គេ​ដាក់ទោស​ឡើយ។ មរណភាព​ដ៏​ព្រៃផ្សៃ​របស់​ទារក​ប៉ា​ឡេ​ស្ទី​ន​ថ្ងៃ​សុក្រ​ម្សិលមិញ អាច​នឹងធ្វើ​អោយមាន​ហិង្សា​ធ្ងន់ធ្ងរ​ប្រឆាំង​អ៊ីស្រាអែល​ជាថ្មី​ម្តងទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com