អន្តរជាតិ
កណ្តុរ​មួយ​ក្បាល​ធ្វើ​ឲ្យ​យន្តហោះ​ក្រុមហ៊ុន Air India បក​ក្រោយ​ពាក់​កណ្តាលផ្លូវ
02, Aug 2015 , 12:36 pm        
រូបភាព
ដោយ: ធីតា

យន្តហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន Air India ដែល​ធ្វើដំណើរ​ពី​ក្រុង New Dehli ទៅ Milan ត្រូវ​បក​ក្រោយ​វិញ បន្ទាប់ពី​ហោះហើរ​បាន​រយៈពេល​ពីរ​ម៉ោង ដោយសារតែ​សង្ស័យថា មាន​សត្វ​កណ្តុរ​មួយ​ក្បាល​នៅក្នុង​បន្ទប់​បញ្ជា​ម៉ាស៊ីន នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកទទួលខុសត្រូវ​មួយរូប​របស់​ក្រុមហ៊ុន កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ។ សត្វ​ចង្រៃ​ដែល​ចូលចិត្ត​កកេរ​ខ្សែកាប​នេះ មាន​គ្រោះថ្នាក់​ខ្លាំងណាស់​សម្រាប់​ការហោះហើរ ព្រោះថា​វា​អាច​បំផ្លាញ​ប្រព័ន្ធ​ហោះហើរ​បាន។



បើតាម​ការអះអាង​រប​ស់​អ្នកទទួលខុសត្រូវ​រូបនេះ ពុំមាន​ការបញ្ជាក់​ពី​វត្តមាន​ពិតប្រាកដ​នៃ​សត្វ​កណ្តុរ​ទេ ប៉ុន្តែ ដោយសារតែ​ការ​គិតដល់​បញ្ហា​សុវត្ថិភាព​របស់​អ្នកដំណើរ​ជា​ចម្បង យន្តហោះ AI ១២៣ ដែល​បានធ្វើការ​ហោះហើរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ត្រឡប់​មកកាន់​ក្រុង New Dehli វិញ។

នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែលមាន​រឿងអាស្រូវ​ប្រភេទ​នេះ​កើតឡើង សម្រាប់​ក្រុមហ៊ុន​រដ្ឋ​ឥណ្ឌា​មួយ​នេះ​ដែល​កំពុងតែ​ជួប​នូវ​បញ្ហា​ហិរញ្ញវត្ថុ​ចាប់តាំងពី​ឆ្នាំ ២០០៧ មក។ ជារឿយៗ សត្វ​គ្រប់​ប្រភេទ​តែងតែ​លេច​ចេញពី​ក្នុង​រទេះ​ផ្ទុក​អាហារ។ កាលពី​ខែមីនា​កន្លងទៅ យន្តហោះ​ក្នុង​ជើងហោះហើរ​ក្នុងស្រុក​មួយ​ត្រូវបាន​បង្ខំចិត្ត​ចុះចត បន្ទាប់ពី​ក្រុមការងារ​ប្រទះឃើញ​សត្វ​កណ្តុរ​រត់​ប្រសេចប្រសាច​ក្នុង​យន្តហោះ។

ក្រៅពី​រឿងអាស្រូវ​ទាក់ទិន​នឹង​សត្វ Air India ទើបតែ​ប្រឈមមុខ​នឹង​រឿងចម្រូងចម្រាស់​បង្កឡើង​ដោយ​បុគ្គលិក​របស់ខ្លួន​កាលពី​ខែកក្កដា​កន្លងទៅថ្មីៗនេះ។ បុគ្គលិក​ពីរ​នាក់​របស់​ក្រុមហ៊ុន​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​មនុស្ស នៅ​ព្រលានយន្តហោះ New Dehli ៕



© រក្សាសិទ្ធិដោយ thmeythmey.com