ជាតិ
មរតក​អ្នកស្រុក​អង្គរ​នឹងត្រូវ​តាំងពិព័រណ៍​ក្បែរ​ប្រាសាទបន្ទាយក្តី​ពីថ្ងៃ​ទី១៨សីហា
13, Aug 2015 , 6:15 am        
រូបភាព
ដោយ: ថ្មីៗ
រូប និង​សំឡេង (Photovoice) ជា​កម្មវិធី​ស្រាវជ្រាវ​កេរ​មរតក​វប្បធម៌​ខ្មែរ តាមរយៈ​ការថតរូប និង​ពន្យល់​ខ្លឹមសារ​នៃ​រូបថត​ដោយផ្ទាល់ ពី​សំណាក់​ប្រជាជន ដែល​កំពុង​រស់នៅក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក​អង្គរ។ កម្មវិធី​នេះ​ផ្តោត​សំខាន់​ទៅលើ​ការងារ​អភិរក្ស​មរតក​អរូបី ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​នាំ​សំឡេង​របស់​អ្នកស្រុក​អង្គរ​ទៅកាន់​សាធារណជន​ទាំងអស់ អំពី​ការព្រួយបារម្ភ ការសប្បាយរីករាយ​និង​ក្តីសង្ឃឹម​ចំពោះ​អនាគត​ដ៏​ប្រសើរ​ជាង​មុន​របស់​ពួកគាត់។



ពិព័រណ៍​រូប​និង​សំឡេង ក្រោម​ប្រធានបទ «ស្ត្រី​ខ្មែរ​នៅពេល​អតីត បច្ចុប្បន្ន និង​អនាគត» នឹងត្រូវ​រៀបចំឡើង​នៅ​មណ្ឌល​លំនៅដ្ឋាន​ខ្មែរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ក្បែរ​ប្រាសាទបន្ទាយក្តី ស្ថិតនៅ​ក្នុងភូមិ​រហាល សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប។ ពិព័រណ៍​នេះ​នឹង​ចាប់ដំណើរការ​ពីថ្ងៃ​ទី១៨ ខែសីហា ដល់​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ ពិធី​សម្ពោធ​ជា​ផ្លូវការ​នឹងធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី១៨ ខែសីហា វេលា​ម៉ោង៩:០០នាទី​ព្រឹក ក្រោម​អធិបតីភាព​ឯកឧត្តម ប៊ុន ណា​រិ​ទ្ធ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា។

កញ្ញា ឆោម គ​ន្ធា នាយិកា​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ និង​ជា​អ្នកសម្របសម្រួល​កម្មវិធី ពន្យល់ថា គម្រោង​ពិព័រណ៍​ក្រោម​ប្រធានបទ «ស្ត្រី​ខ្មែរ​នៅពេល អតីត បច្ចុប្បន្ន និង​អនាគត» នេះ​នឹង​ដាក់តាំង​បង្ហាញ​ពី រូបថត និង​សំឡេង របស់​អ្នកភូមិ​ចំនួន៧ ដែល​រស់នៅក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក​អង្គរ។ រូបថត និង​សំឡេង​នេះ ធ្វើ​ឡើងលើ​ប្រធានបទ៤ផ្សេងគ្នា​គឺ ស្ត្រី​និង​ការផ្ទេរ​ចំណេះដឹង ស្ត្រី​និង​ការងារ​កសិកម្ម ស្ត្រី​និង​សម្លៀកបំពាក់ ស្ត្រី​និង​ជំនឿ​អរូបី។

កញ្ញា​បន្ថែមថា កម្មវិធី​រូប និង​សំឡេង​នេះ អនុវត្ត​ដោយសារ​មន្ទីរ​ចំនួន៤នៃ​កម្ពុជា​គឺ សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា សារមន្ទីរ​ជាតិ​អង្គរ សារមន្ទី​ជាតិ​កម្ពុជា​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​សារមន្ទីរ​ធម្មជាតិ​សកល​សម្តេច​តេ​ជោ​ហ៊ុនសែន​ព្រះវិហារ​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​យូណេស្កូ និង​រដ្ឋាភិបាល​ជប៉ុន។
សូមបញ្ជាក់ថា ចាប់ពី​ឆ្នាំ២០១១មក អង្គការ​យូណេស្កូ និង​តំបន់​បេតិកភណ្ឌ​ពិភពលោក​ចំនួន៦ ដែល​ស្ថិតនៅ​ក្នុងប្រទេស​កម្ពុជា វៀតណាម ឡាវ បាន​បង្កើត​កិច្ចសហការ​ស្រាវជ្រាវ​បេតិកភណ្ឌ អរូបី​ថ្នាក់​អនុតំបន់​មួយ ដែល​មិន​ធ្លាប់មាន​ពីមុនមក​ក្រោម​ចំណងជើង​ថា៖ «មរតក​យើងទាំងអស់គ្នា ដើម្បី​ស្វែងយល់​ពី​រមណីយដ្ឋាន បេតិកភណ្ឌ​ពិភពលោក​នៅ​ប្រទេស​កម្ពុជា វៀតណាម ឡាវ» ដោយមាន​ការរៀបចំ​ពិព័រណ៍​ចំនួន៩កន្លែង​រួចមកហើយ ជាមួយនឹង​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​ផងដែរ។ ពិព័រណ៍ រូប និង​សំឡេង​នៅពេលនេះ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សំខាន់​មួយ​នេះ។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​ជាតិ អន្តរជាតិ មគ្គុទ្ទេសក៍​ទេសចរណ៍ និង​សាធារណជន​ទាំងអស់​ចូលរួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​រួមចំណែក​លើក​តម្លៃ​មរតក​អរូបី នៃ​រមណីយដ្ឋាន​អង្គរ និង​ចូលរួម​ថែរក្សា​ឲ្យ​បាន​គង់វង្ស​ទាំងអស់គ្នា៕



Tag:
 អង្គរ; បន្ទាយក្តី
  រូប និងសំឡេង
 
© រក្សាសិទ្ធិដោយ thmeythmey.com