ខៀវ សុខា​រ៉ាវី ថា​គ្មាន​ឧកញ៉ា​ណា​តាម​យកចិត្ត​នាង​ទេ
20, Aug 2015 , 8:39 am        
រូបភាព
ដោយ:
 
ភ្នំពេញ៖ក្រោយពេល​វិល​មក​បង្អួត​សម្រស់​ជាថ្មី​នៅក្នុង​ពិភព​សិល្បៈ តារា​សម្តែង​និង​ចម្រៀង​នាង ខៀវ សុខា​រ៉ាវី ទោះជា​ត្រូវបាន​អ្នកគាំទ្រ​មួយចំនួន​និយាយថា នាង​រាង​ថមថយ​សម្រស់​ជាង​មុន​បន្តិច​ក្តី ប៉ុន្តែថ្មីៗនេះ ស្រាប់​តែមាន​ព័ត៌មាន​ថា មាន​ឧកញ៉ា​លុយ​ក្រាស់ក្រែល​ម្នាក់ កំពុង​ព្យាយាម​តាម​យកចិត្ត​នាង និង​បាន​បោះ​ប្រាក់​ធ្វើជា​ធ្នាក់​ទៀតផង។


តារា​សម្តែង និង​ចម្រៀង​នាង ខៀវ សុខា​រ៉ាវី ក្រោយពេល​ប្រកាស​វិល​មក​ប្រឡូក​សិល្បៈ​ជាថ្មី​មិនទាន់បាន​ប៉ុន្មាន​ផង ស្រាប់​តែមាន​ព័ត៌មាន​ថា មាន​ឧកញ៉ា​ម្នាក់ កំពុង​ព្យាយាម​តាម​យកចិត្ត​នាង និង​ចាយប្រាក់​ធ្វើជា​ធ្នាក់ ក៏​ទាក់​យកក្តី​ស្រឡាញ់​ពី​តារា​ស្រី​រូបនេះ​ថែម​ទៀតផង។ ហើយ​ការតាមប្រមាញ់​បេះដូង​ពី​ឧកញ៉ា​នេះ ខៀវ សុខា​រ៉ាវី ក៏​កំពុង​ខ្វល់ចិត្ត គិត​មិនទាន់​ច្បាស់​ត្រូវ​ឆ្លើយតប​យ៉ាងណា​នោះទេ។
 
នៅពេល​ផ្ទាល់​សម្ភាស​តាម​ទូរស័ព្ទ​ជាមួយ ann នាង ខៀវ សុខា​រ៉ាវី បាន​ប្រាប់​ឲ្យ​ដឹងថា នាង​មិនមាន​ស្នេហា​ជាមួយ​ឧកញ៉ា ដូច​ព័ត៌មាន​ដែល​គេ​និយាយ​នោះទេ ហើយ​នាង​ក៏​មិនបាន​ទទួលយក​ស្នេហា​ពី​បុរស​រូប​ណា ឬ​ឧកញ៉ា​រូប​ណា​ដែរ ដូច្នេះហើយ នាង​មិន​ខ្លាច​ចេញមុខ​ឆ្លើយតប​ជាមួយ​អ្នកព័ត៌មាន​ឡើយ។
 
នាង ខៀវ សុខា​រ៉ាវី បន្តថា ពេលនេះ នាង​មិន​បានគិត​រឿង​ស្នេហា​នោះទេ កុំថាឡើយ​រហូតដល់​ខ្ញុំ​បាន​ដើរលេង​ជាមួយ​ឧកញ៉ា​ណា​ម្នាក់ ដែល​គេ​ល្បី​ថា មាន​ឧកញ៉ា​តាម​ផ្គាប់ចិត្ត​ខ្ញុំ​នោះ។ នាង​បន្តថា រឿងនេះ​នាង​សុំ​បដិសេធ​ដាច់​យ៉ាង​ដាច់ខាត។ ហើយ​ពេលនេះ នាង​កំពុង​មានការ​រវល់​មើ​ល​ថែ​ម្តាយ​ឈឺ រកតែ​ពេល​សំរាក​គ្មាន​ផង តើ​នាង​មាន​ពេល​ឯណា​ទៅ​សាង​ស្នេហ៍​ជាមួយ​អ្នកណាម្នាក់​នោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com