ជាតិ
CCHR ជំរុញ​ឲ្យ​មន្ត្រី​សាធារណៈ​គោរព​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា
24, Aug 2015 , 5:38 pm        
រូបភាព
ដោយ: ថ្មីៗ
 
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី២៤ខែសីហា​នេះ ដោយបាន​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ការអត្ថាធិប្បាយ​របស់លោក គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ ដែល​បាន​ពាក្យសម្តី​មិន​សមរម្យ​សំដៅ​ទៅលើ​អ្នក​ប្តូរ​ភេទ។ ពាក្យសម្តី​របស់លោក គួច ចំរើន បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ចាប់ខ្លួន​លើ​ក្រុមមនុស្ស​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៧ខែសីហា​កន្លងទៅ។


 
CCHR បាន​ស្រង់​សម្តី​របស់លោក​អភិបាលខណ្ឌ​ដូនពេញ​ថា៖«មនុស្ស៥១នាក់ រួមទាំង​អ្នករកស៊ី​ផ្លូវភេទ ខ្ទើយ និង​អ្នក​ដែល​គ្មាន​ផ្ទះសម្បែង ត្រូវបាន​ចាប់ខ្លួន​ដោយសារតែ​ពួកគេ​នាំមក​នូវ​ភាពអាម៉ាស់​ដល់​ខ្លួន​ផង និង​សង្គមជាតិ​ផង»។ 
 
បើតាម​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ការអត្ថាធិប្បាយ​បែបនេះ​បាន​បង្ក​នូវ​បញ្ហា ដោយសារ​ទី១ ពាក្យ​ថា​ខ្ទើយ មិនអាច​ទទួលយកបាន​សម្រាប់​អ្នក​ប្តូរ​ភេទ និង​គួរតែ​ចៀសវាង ជាពិសេស​ពី​មន្ត្រី​សាធារណៈ និង​ទី២ ការអត្ថាធិប្បាយ​របស់​លោក គួច ចំរើន ដែលថា​ប៉ូលិស​បានកំណត់​មុខសញ្ញា​ទៅលើ​អ្នក​ប្តូរ​ភេទ ថា​ជា​ក្រុម​ខុសពី​គេ បានបង្ហាញ​ពី​ការរើសអើង​ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​អត្តសញ្ញាណ​យេនឌ័រ។ 
 
CCHR បាន​គូស​បញ្ជាក់ទៀតថា តួអង្គ​សាធារណៈ អាចមាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ការកំណត់​ទិដ្ឋភាព​សង្គម ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​កាន់តែ​ល្អប្រសើរ ឬ​កាន់តែ​អាក្រក់ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​និន្នាការ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ។
 
លោក នួន ស៊ី​ដា​រ៉ា មន្ត្រី​សម្របសម្រួល​គម្រោង​និន្នាការ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ បាន​មានប្រសាសន៍ថា៖«ពាក្យ​ប្រមាថ​អាច​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅ​អ្នក​ប្តូរ​ភេទ ដែល​ប្រឈម​នឹង​ការគាបសង្កត់ ការមិន​អើពើ ហើយ​ពួកគេ​នឹងរង​ការរើសអើង​បែបនេះ​អស់​មួយជីវិត។ ពាក្យ​ទាំងនេះ​ធ្វើ​ឲ្យ​មានការ​ឈឺចាប់ និង​ការបង្ហាញ​ពី​ការខ្វះ​ការគោរព​ដល់​សហគម​ន៍​អ្នក​ប្តូរ​ភេទ និង​សហគមន៍​ង្ន​ក​ស្រឡាញ់​ភេទ​ដូចគ្នា​ជាទូទៅ»។ តែ​យ៉ាងណាក៏ដោយ មន្ត្រី​រួប​នេះ ក៏បាន​សរសើរ នឹង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​សាធារណៈ​ជាច្រើន ក្នុងការ​លើកកម្ពស់​កា​រ​គោរព​សិទ្ធិ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា តែ​ចំពោះ​ករណីនេះ បង្ហាញ​ពី​ការតម្រូវ​ការ​នៃ​ការបង្កើត​ច្បាប់​ប្រឆាំងនឹង​ការរើសអើង​ជាបន្ទាន់ ឲ្យ​បាន​កាន់តែ​ឆាប់ តាម​ដែល​អាច​ធ្វើបាន»។ 
 
CCHR ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន យកចិត្តទុកដាក់​ចំពោះ​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ឲ្យ​ដូចជា​ពលរដ្ឋ​ទូទៅ ព្រោះ​អ្នក​ប្តូរ​ភេទ​មាន​សិទ្ធិ​ទទួលបាន​ការគោរព​ពេញលេញ និង​ស្មើគ្នា​ដូច​ពលរដ្ឋ​កម្ពុ​ជាទូទៅ​នៅក្នុង​សង្គម និង​គាំទ្រ​ចំពោះ​រាល់​សេចក្តី​ថ្លែង​ការពារ​សិទ្ធិ​របស់​អ្នក​ប្តូរ​ភេទ ព្រមទាំង​ជំរុញ​ឲ្យ​មន្ត្រី​សាធារណៈ​ទាំងអស់​ត្រូវអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ៕
 
 

Tag:
 CCHR
© រក្សាសិទ្ធិដោយ thmeythmey.com