ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច១៤ទៀត ត្រូវ​រដ្ឋាភិបាល​បន្ថយ​ពេល​វិនិយោគ​មក​ត្រឹម៥០ឆ្នាំ
27, Aug 2015 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងបរិស្ថាន​បានសម្រេច​កាត់បន្ថយរ​យៈ​ពេល​វិនិយោគ​របស់​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន១៤ក្រុមហ៊ុន ពី៩៩ឆ្នាំ ៨០ឆ្នាំ និង៧០ឆ្នាំ មក​នៅត្រឹម៥០ឆ្នាំ។ ក្រុមហ៊ុន​ទាំ​អ​នោះ ជា​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ អភិវឌ្ឍន៍​សម្បទាន​ដី​សេដ្ឋកិច្ច​ទំហំ៥៩,២៤២ហិច​តា ស្ថិតនៅក្នុង​ខេត្ត​ចំនួន៤ គឺ​ខេត្តក្រចេះ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ និង​ខេត្តរតនគិរី ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន។

 

 
យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន ចេញផ្សាយ​នៅ​ថ្ងៃទី២៦ខែសីហា ក្រុមហ៊ុន​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​អនុវត្តន៍​គម្រោង និង​បំពេញ​នីតិវិធី​ដែល​បាន​ដោះស្រាយ​ផលប៉ះពាល់​រួច មាន​ក្រុមហ៊ុន​ចំនួន៨ ទទួលបាន​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​នៃ​ដែនជម្រកសត្វព្រៃ​ស្នួល ក្នុង​ខេត្តក្រចេះ និង​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ស្នួល ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំនួន៤ក្រុមហ៊ុន ទទួលបាន​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​ដែនជម្រកសត្វព្រៃ​គូលែន-ព្រហ្ម​ទេព ខេត្តព្រះវិហារ និង២ក្រុមហ៊ុន​ទៀត​ដែល​ទទួលបាន​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​នៃ​ឧទ្យាន​ជាតិ​វីរ​ជ័យ ខេត្តរតនគិរី។
 
សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ ក្រសួងបរិស្ថាន​បាន​ពិនិត្យ និង​វាយតម្លៃ​គម្រោង​វិនិយោគ អភិវឌ្ឍន៍​ទាំងអស់​ចំនួន១១៣ ក្នុង​ទំហំ​ផ្ទៃដី៦១០,២៩៦.៧៥ហិច​តា ក្នុងចំណោម​នោះ គម្រោង​ចំនួន៩០ ត្រូវបាន​ដាក់​ឆ្លង​អង្គប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ពិភាក្សា និង​លើកសំណើ​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច។ ជា​លទ្ធផល​គម្រោង ២៣ ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ដ​ក​ហូត​សិទ្ធិ​វិនិយោគ គម្រោង​ចំនួន ៤ បាន​ស្ម័គ្រចិត្ត​ប្រគល់​ឲ្យ​រាជរដ្ឋាភិបាល​គ្រប់គ្រង​វិញ គម្រោង​ចំនួន ៤ ត្រូវ​កាត់បន្ថយ​ទំហំ​វិនិយោគ គម្រោង​វិនិយោគ​ចំនួន២០ ត្រូវ​រដ្ឋាភិបាល​ទុកពេល​ពី ៦ខែ ទៅ១ឆ្នាំ បន្តធ្វើ​ការតាមដាន និង​ចំនួន២៨ទៀត ត្រូវបាន​រដ្ឋាភិបាល​ស​ម្រេច​បន្ត​អនុវត្តន៍​គម្រោង​លើ​ផ្ទៃដី​ដែល​បាន​ដោះស្រាយ​ផលប៉ះពាល់​រួច ដោយ​កាត់បន្ថយ​រយៈពេល​កិច្ចសន្យា​មក​ត្រឹម៥០ឆ្នាំ។
 
បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល គណៈកម្មការ​អន្តរក្រសួង ក៏​កំពុង​ពិនិត្យ និង​វាយតម្លៃ​លើ​គម្រោង​វិនិយោគ​ចំនួន១១ទៀត។ ចំណែក២៣គម្រោង​ទៀត នឹងត្រូវ​ឆ្លង​គណៈកម្មការ​អន្តរក្រសួង​នាពេលឆាប់ៗខាងមុខ។  
 
ក្រសួងបរិស្ថាន​ក៏បាន​គួសបញ្ជាក់​នៅក្នុង​សេចក្តី ប្រកាស​ព័ត៌មាន​ថា ការត្រួតពិនិត្យ​វាស់វែង និង​វាយតម្លៃ​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច​ដែល​ស្ថិតក្រោម​ការ​គ្រប់​គ្រង់​របស់​ក្រសួងបរិស្ថាន​ឡើងវិញ​នេះ គឺ​ដើម្បី​ពង្រឹង​ការ​គ្រប់​គ្រង់​គម្រោង​វិនិយោគ អភិវឌ្ឍន៍​សម្បទាន​ដី​សេដ្ឋកិច្ច​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ផ្តល់​ភាពកក់ក្តៅ​ដល់​អ្នកវិនិយោគ ដោះស្រាយ​លើ​ផលប៉ះពាល់​ទាំងឡាយ​ឲ្យ​បាន​ត្រឹមត្រូវ និង​កំណត់​ច្បាស់លាស់​ថា​សម្បទាន​ដី​សេដ្ឋកិច្ច​ទាំងអស់ និង​មិនមាន​ការប៉ះពាល់​ដល់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com