សង្គមអន្តរជាតិ​
អន្តរជាតិ
បងប្អូន​ស្រី​ឥណ្ឌា២នាក់​ត្រូវ​កាត់ទោស​ឲ្យ​រង​ការចាប់រំលោភ និង​ស្រាត​បង្ហាញ​សាធារណជន
29, Aug 2015 , 12:00 pm        
រូបភាព
ដោយ:
 
ក្នុងភូមិ​មួយ នៅ​ឥណ្ឌាថ្មីៗនេះ មាន​បងប្អូន​ស្រី២នាក់ អាយុ២៣ឆ្នាំ និង១៥ឆ្នាំ ត្រូវបាន​ក្រុមប្រឹក្សា​ភូមិ​ដាក់ទោស​អោយ​រង​ការចាប់រំលោភ និង​ស្រាត​សម្លៀកបំពាក់​បង្ហាញ​សាធារណជន។ អង្គការ​Amnesty International  បាន​ចាត់​អោយមាន​ញ្ញត្តិ​ក្នុង​វេ​ប​សាយ ដើម្បី​ទាត់ចោល​ការកាត់ទោស​ដ៏​អយុត្តិធម៌។

 
មូលហេតុ​ដែលនាំអោយ​ក្រុមប្រឹក្សា​ភូមិ​នោះ​កាត់ទោស​ដូច្នេះ គឺ​ដោយសារតែ​បងប្រុស​របស់​ស្ត្រី​ទាំង២នាក់ បាននាំគ្នា​រត់គេចខ្លួន​ជាមួយ​ស្ត្រី​ម្នាក់ ដែលមាន​ស្វាមី​រួចមកហើយ។ ស្ត្រី​ដែល​រត់គេចខ្លួន​នោះ មកពី​គ្រួសារ​វណ្ណៈ​ខ្ពង់ខ្ពស់។ គាត់​ប្រហែល​កំពុងមាន​ផ្ទៃពោះ​ជាមួយ​បុរស​ជា​បងប្រុស​នោះ។ ដូច្នេះ ស្រី​ទាំង២នាក់​ដែល​ត្រូវជា​ប្អូន​របស់​បុរស​សា​ហាយ ត្រូវតែ​អោយគេ​រំលោភ ត្រូវ​លាបមុខ​ពណ៌​ខ្មៅ និង​ស្រាត​ននលគក​នៅ​ចំពោះមុខ​សាធារណជន។
 
អង្គការ​Amnesty International បរិហារ​ថា ក្នុងការ​កាត់ទោស​នេះ សមាជិក​ក្រុមប្រឹក្សា​ភូមិ​សុទ្ធតែជា​មនុស្ស​ប្រុស ហើយ​មាន​សមាជិក​ម្នាក់​មកពី​វណ្ណៈ​ខ្ពស់​Jat ដូច​វណ្ណៈ​របស់​ស្ត្រី​ដែល​រត់គេចខ្លួន​ជាមួយ​បងប្រុស​ជនរងគ្រោះ​ទាំង២ដែរ។ ម្ល៉ោះហើយ ទើប​ពួកគេ​សម្រេច​បែបនេះ ជាការ​ដាក់ទោស​ដល់​ប​ង​ប្រុស​នារី​ទាំង២នាក់។ អង្គការ​Amnesty International សុំអោយ​អាជ្ញាធរ​ឥណ្ឌា​អន្តរាគមន៍​អោយបាន​ឆាប់រហ័ស ដើម្បី​ជួយ​នារី​រងគ្រោះ​ទាំង។
 
ជាទូទៅ ក្រុមប្រឹក្សា​ភូមិ​ដាច់ស្រយាល​នានា​នៅ​ឥណ្ឌា​តែង​ធ្វើការ​សម្រេច​ទោស ដោះស្រាយ​បញ្ហា​ក្នុងភូមិ។ សមាជិក​ក្រុមប្រឹក្សា​សុទ្ធតែជា​បុរស​វ័យ​ចំណាស់ ហើយ​ការកាត់ទោស​ធ្វើឡើង​អាស្រ័យ​តាម​វណ្ណៈ​សង្គម​ដែលមាន​ក្នុង​ប្រពៃណី​ពី​ដើម​មក។ ប៉ុន្តែ រដ្ឋាភិបាល​ឥណ្ឌា​មិន​ទទួលស្គាល់​ការកាត់ទោស​របស់​ពួកគេ​ទេ។ ទោះ​យ៉ាងនេះ​ក្តី ក៏​ជន​ដែល​ជាប់ទោស ពី​ក្រុមប្រឹក្សា​ខុសច្បាប់ នៅតែ​ទទួលទោស​ដដែល។
 
ឱ​ពុក​យុវតី​ឥណ្ឌា​ទាំង២បានដាក់​ពាក្យ​ប្តឹងទៅ​ស្ថាប័ន​ជាតិ​ចំនួន២ ដើម្បី​ការពារ​ក្រុមគ្រួសារ​ពួកគាត់​ដែល​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​គ្រួសារ​របស់​ស្ត្រី​ដែល​រត់គេចខ្លួន​ជាមួយ​កូនប្រុស​គាត់ និង​ពី​ប៉ូលិស​ផងដែរ។ យុវតី​រងគ្រោះ​ម្នាក់​ជា​ប្អូនស្រី​ក៏បាន​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ​កំពូល​ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com