អន្តរជាតិ
រូបភាព​ក្មេង​ស៊ី​រី​បងប្អូន​លង់ទឹក​ពេល​ភៀសខ្លួន​ធ្វើ​ឲ្យ​ពិភពលោក​ស្លុតចិត្ត
04, Sep 2015 , 8:43 am        
រូបភាព
ក្មេង​ប្រុស Aylan Kurdi ដេកស្លាប់នៅ​លើឆ្នេរក្រោយលង់ទឹក (រូបភាព៖ The Guardian)
ក្មេង​ប្រុស Aylan Kurdi ដេកស្លាប់នៅ​លើឆ្នេរក្រោយលង់ទឹក (រូបភាព៖ The Guardian)
ក្មេង​ប្រុស​ Aylan Kurdi ជាមួយបង​ប្រុស​ (រូបភាព៖ The Guardian)
ក្មេង​ប្រុស​ Aylan Kurdi ជាមួយបង​ប្រុស​ (រូបភាព៖ The Guardian)
រូបភាព​ក្មេងប្រុស​តូច​ម្នាក់​ដែល​ដេក​ផ្កាប់​មុខក្រោយ​អណ្តែត​មក​ទើរ​លើ​ឆ្នេរ​នោះបាន​ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​ស្លុតចិត្ត​និង​សោកសង្រេង​ជាខ្លាំង។ ក្មេង​តូច​នោះ​មាន​វ័យ៣ឆ្នាំ​ប៉ុណ្ណោះ​ហើយ​គេ​ភៀសខ្លួន​ចេញពី​ប្រទេស​ស៊ី​រី​ជាមួយ​ឳ​ពុក​ម្តាយ​និង​ជនភៀសខ្លួន​រាប់ពាន់នាក់​ទៀត​ដោយ​ផ្សងព្រេង​តាម​ទួ​ករក​កន្លែង​កសាង​ជីវិត​ថ្មី​នៅ​អឺរ៉ុប។ តែ​អកុសល​ក្មេងប្រុស​នេះ​បាន​ស្លាប់​ព្រោះ​លង់ទឹកជាមួយបង​ប្រុស​គេ​វ័យ​៥ឆ្នាំ។


រូបភាព​ក្មេងប្រុស​ដេក​ស្តូកស្តឹង​ផ្កាប់មុខ​នៅលើ​ឆ្នេរ​ដែល​ស្គាល់​ថា​ជា​ឆ្នេរ​នៅ​ប្រទេស​តួ​ក​គី​នោះបាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​និង​ស្លុត​អារម្មណ៍​ជាខ្លាំង។ក្មេងប្រុស​ម្នាក់​នោះ​ពាក់អាវ​យឺត​ពណ៌​ក្រហម​ហើយ យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភពលោក​ជាច្រើន ក្មេង​នោះ​មាន​ឈ្មោះថា Alyan Kurdi មាន​វ័យ​ត្រឹម៣ឆ្នាំ​ប៉ុណ្ណោះ។

ក្មេង​តូច​គួរ​ឲ្យ​អាណិត​ម្នាក់នេះ​បាន​ផ្សងព្រេង​ប្រថុយ​ជីវិត​ជាមួយ​បណ្តាជន​ភៀសខ្លួន​ឯង​មកពី​ប្រទេស​ស៊ី​រី​ដោយ​ជិះទូក​ឆ្លងកាត់​មហាសមុទ្រ និង​គ្រោះថ្នាក់​រាប់រយ​ជំ​ពួក​ផង។ គួរ​ឲ្យ​អនិច្ចា ក្មេង​តូច​ម្នាក់នេះ​ក្លាយជា​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​ជនភៀសខ្លួន​ប្រទេស​ស៊ី​រី៧នាក់​ដែល​បាន​លង់ទឹក​ស្លាប់​ក្នុងពេល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ក្រិ​ក។

ចំណែក​បងប្រុស​ក្មេង​តូច​នេះ​មាន​វ័យ៥ឆ្នាំ​នោះ ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​ក្រោយ​លង់ទឹក​ស្លាប់​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឆ្នេរ​ដែល​ប្អូនប្រុស​គេ​ឡើយ។ បើតាម​ការ​ឲ្យ​ដឹង​ពី​ឆ្នាំ​សមុទ្រ​តួ​ក​គី ទូក​ពីរ​គ្រឿង​បាន​លិច​នៅពេល​ធ្វើដំណើរ​ឆ្ពោះទៅ​ប្រទេស​ក្រិ​ក ហើយ​វា​ក៏​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ មាន​ក្មេង៥នាក់ និង​ស្ត្រី​ម្នាក់​ផង។ ជន១៥នាក់​ផ្សេងទៀត​ត្រូវគេ​ជួយសង្គ្រោះ​ទាន់ពេល។

គេ​រំពឹងថា​រូបភាព​ច្រើន​សន្លឹក​ដែល​ធ្វើ​ឲ្យ​ពិភពលោក​តក់ស្លុត ឈឹ​ចាប់ និង​សោកសង្រេង​ខ្លោចផ្សា​យ៉ាងខ្លាំង​នេះ​ក៏​នឹង​អាចធ្វើ​ឲ្យ​អឺរ៉ុប​ផ្លាស់ប្តូរ​ឥរិយាបទ និង​ព្រម​ដាក់​វិធានការ​ដោះស្រាយ​គ្រោះមហន្តរាយ​មនុស្សជាតិ​ដែល​កំពុង​កើត​ឡើ​ន​ពេលបច្ចុប្បន្ន​នេះ​ផង។

ទោះជា​យ៉ាងណា​ក៏​ក្តី នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ នាយករដ្ឋមន្ត្រី​អង់គ្លេស ដេវីដ កា​មេ​រ៉ូ​ន បានប្រកាស​ព្រម​ទទួលយក​ជនភៀសខ្លួន​ស៊ី​រី​បន្ថែមទៀត​ឲ្យ​មក​ស្នាក់នៅ។ ការសម្រេច​បែបនេះ​ក៏​ដោយសារ​ប្រទេសធំៗនៅ​អឺរ៉ុប​ជាពិសេស​អង់គ្លេស បារាំង អា​ល្លឺ​ម់​ង៉​រង​សម្ពាធ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​កន្លងមក​ដោយ​សារ​តែ​ភាព​យឺ​រ​យ៉ាវ​ក្នុងការ​ដាក់​ចេះ​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នេះដែរ។

បច្ចុប្បន្ននេះ​ទាំង​ជនភៀសខ្លួន​និង​អន្តោប្រវេសន៍​បាន​បន្ត​ផ្សងព្រេង​ដោយ​ទូក​ចេញពី​ប្រទេស​ជាច្រើន​មាន​ទាំង​លី​ប៊ី ស៊ី​រី អា​ហ្វ​ហ្កា​នី​ស្ថាន អេ​រី​ទ្រា សូ​ម៉ាលី អ៊ីរ៉ាក់ និង​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត​នៅ​មជ្ឈិមបូព៌ា​និង​អាហ្វ្រិក។ ពួកគេ​មិន​រាថយ​នឹង​បញ្ហា​គ្រោះថ្នាក់ ដោយ​ត្រូវ​ប្រថុយ​ជីវិត​លើ​សមុទ្រ​ឡើយ។ ពួកគេ​ត្រឹម​ចង់​គេច​ឲ្យ​ផុតពី​ភ្លើងសង្គ្រាម ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល ភាពក្រីក្រ និង​អាច​ដោយសារ​បញ្ហា​ច្រើន​ផ្សេង​ទៀតផង៕


© រក្សាសិទ្ធិដោយ thmeythmey.com