អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រជាជន​ថៃ​ចាប់ផ្តើម​ពេញចិត្ត​លោក ​ប្រា​យុទ្ធ ​ក្រោយ​លោក​លើកមុខ​មាត់​ថៃ​នៅ​UN
04, Oct 2015 , 1:07 pm        
រូបភាព
ដោយ:
វត្តមាន​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ​ចាន់​អូ​ចា​ទៅកាន់​អង្គការសហប្រជាជាតិ​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី៧០ទទួលបាន​ទាំង​ការស្វាគមន៍​ផង​និង​ការរិះគន់​ផង។យ៉ាងណាក៏ដោយ​ក្រោយពី​បានឃើញ​ពី​ចំណាត់ការ​និង​តួនាទី​របស់លោក​ប្រា​យុទ្ធ​នៅក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​ប្រជាជន​ថៃ​ភាគច្រើន​បាន​សម្តែង​ការរីករាយ​និង​ចាប់ផ្តើម​មាន​យោគយល់​រដ្ឋាភិបាល​រប​ប​សឹក។


 
ប្រជាជន​ថៃ​ភាគច្រើន បាន​សម្តែង​ការស្វាគមន៍ និង ការយោគយល់​ទៅលើ​លោកនាយក​រដ្ឋមន្ត្រី​រដ្ឋ​ប្រហារ ប្រា​យុទ្ធ ចាន់​អូ​ចា ក្រោយ​ពួកគេ បានឃើញ​ពី​ចំណាត់ការ​ជាពិសេស​សន្ទរកថា​រប​ស់លោក​ប្រា​យុទ្ធ​នៅ​អង្គការសហប្រជាជាតិ។ នេះ​បើ​យោង​ការ​ស្ទាបស្ទង់​មួយ​ដែលមាន​ឈ្មោះថា Suan Dusit Poll ដែល​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃ២៨ ខែកញ្ញា រហូតដល់​ថ្ងៃទី០១ ខែ តុលា​កន្លងទៅនេះ។
 
តាម​ការ​ស្ទាប់ស្ទង់​ដែល​យក​ចេញពី​ប្រជាជន​ជាង​មួយ​ពាន់​នាក់​ទូទាំងប្រទេស​មានតែ​សម្លេង​មិន​គាំទ្រ​លោក​ប្រា​យុទ្ធ​ប្រមាណ​ប្រាំមួយ​ភាគរយ​តែប៉ុណ្ណោះ។ថ្វី​ដ្បិត​តួលេខ​នេះ​មិន​តំណាង​ឲ្យ​ប្រជាជន​ថៃ​ទាំងអស់​មែន​តែ​វា​ជាស​ញ្ញា​វិជ្ជមាន​មួយ​ក្នុងការ​ដឹកនាំ​ថៃ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ។
 
សូម​រម្លឹក​ផងដែរ​ថា ថ្មីៗនេះ​លោកនាយក​រដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ​ចាន់​អូ​ចា​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​ប្រ​វ​ចាំ​លើក៧០ជា​លើកដំបូង​ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល​ថៃ។ក្នុងឱកាស​នេះ​លោក​ប្រា​យុទ្ធ​បាន​បកស្រាយ​ពី​បញ្ហានយោបាយ​ចុងក្រោយ​របស់​ថៃ​ទៅកាន់​សហគមន៍​អន្តរជាតិ​ដែល​តែងតែ​រិះគន់​របប​សឹក​កាលពី​កន្លងមក។បន្ថែម​ពីនេះ​លោក​ក៏បាន​អះអាង​ទៅកាន់​មេដឹកនាំ​ពិភពលោក​ពី​ដំណើរការ​នៃ​ការវិល​ត្រលប់​ទៅរក​លទ្ធិប្រជាធិបតេយ្យ​ថៃ​នាពេលខាងមុខ។
 
អ្វី​ដែលជា​ចំណុច​ដែល​ប្រជាជន​ថៃ​ចាប់អារម្មណ៍​ខ្លាំង​នោះ​ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល​ថៃ​លោក​ប្រា​យុទ្ធ​ក៏បាន​ចាប់ផ្តើម​បញ្ចុះបញ្ចូល​មេដឹកនាំ​ពិភពលោក​មួយចំនួន​ដើម្បី​គាំទ្រ​ថៃ​ក្នុងការ​ប្រជែង​តំណែង​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ។ប្រសិនបើ​ថៃ​ពិតជា​អាចជា​ប់​តំណែង​នេះ​មែន​នោះ​លោក​ប្រា​យុទ្ធ​ពិតជា​បាន​លើក​មុខមាត់​ប្រទេស​ក្នុង​ឆាក​អន្តរជាតិ។
 
សូមបញ្ជាក់​ផងដែរ​ថា​មកទល់ពេលនេះ​គឺ​រយៈពេល​ជាង​មួយឆ្នាំ​ហើយ​ដែល​របប​សឹក​ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ​ចាន់​អូ​ចា។នេះ​ក៏​មានន័យថា​រយៈពេល​ជាង​មួយឆ្នាំ​ហើយ​ដែល​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​ធ្លាក់​ដល់​កម្រិត​សូន្យ។មានមតិ​ជាច្រើន​បានលើកឡើង​ថា​លោក​ប្រា​យុទ្ធ​ព្យាយាម​ក្រាញ​អំណាច ដ្បិត​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី​ត្រូវបាន​ពន្យា​ពេល​ជា​បន្តបន្ទាប់។យ៉ាងណាក៏ដោយ​លោក​ប្រា​យុទ្ធ​បានបញ្ជាក់​ជាច្រើន​ដង​ហើយ​ថា​លោក​នឹង​ចុះ​ចេញពី​តំណែង​ប្រសិនបើ​មាន​អ្នកនយោបាយ​ថៃ​ចេះ​ទទួលខុសត្រូវ៕
 

Tag:
 ថៃ
  ប្រាយុទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com