ជាតិ
សង្គមជាតិ
ជនជាតិ​វៀតណាម​ជាង១៧០០នាក់ ត្រូវបាន​បណ្តេញ​ចេញពី​កម្ពុជា
04, Oct 2015 , 2:20 pm        
រូបភាព
រូបភាព៖ហ្វកប៊ុកនាយកដ្ឋានអន្តោប្រវេសន៍
រូបភាព៖ហ្វកប៊ុកនាយកដ្ឋានអន្តោប្រវេសន៍
ដោយ: ថ្មីៗ
អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បាន​រកឃើញ និង​បណ្តេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់ បាន​ចំនួន១,៩១៩នាក់ នៅក្នុង​រយៈពេល៩ខែ ឆ្នាំ២០១៥នេះ។ ក្នុងចំណោម​ជនអន្តោប្រវេសន៍​ទាំងអស់​មាន​ជនជាតិ​វៀតណាម​ចំនួន១,៧៩៤នាក់។


ក្នុង​រយៈពេល៩ខែ​ឆ្នាំ២០១៥នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បាន​រកឃើញ និង​បណ្តេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់ បាន​ចំនួន១,៩១៩នាក់ ស្រី​ចំនួន២៩០ រួមមាន៤៦សញ្ជាតិ។ នេះ​ជាការ​បញ្ជាក់​របស់លោក អ៊ុក ហៃ​សិឡា​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ 
 
លោក បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗបន្តទៀតថា ក្នុងចំណោម​ជនអន្តោប្រវេសន៍​ទាំងនោះ​មាន​ជនជាតិ​វៀតណាម​ចំនួន១,៧៩៤នាក់ ក្នុងនោះ​ស្រី​ចំនួន២៧៧នាក់។ បើតាម​លោក អ៊ុក ហៃ​សិឡា ជនអន្តោប្រវេសន៍​ទាំងនេះ គឺ​បានមក​រស់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់ នៅតាម​ការដ្ឋាន​សំណង់ សិប្បកម្ម​ធ្វើ​តុទូ កាត់​កញ្ចក់ អូស​រទេះ​លក់​អ៊ី​វ៉ាន់ និងទិញ លក់​អេតចាយ​ជាដើម។
 
កន្លងមក​ក៏មាន​ការសហការ​រវាង​ប​ប្រជាពលរដ្ឋ ជាមួយនឹង​កម្លាំង​សមត្ថកិច្ច​ដែរ ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​តាម​ស្វែងរក​ជនអន្តោប្រវេសន៍​ដែល​លួច​មក​ស្នាក់នៅ និង​រកស៊ី​ដោយ​ខុសច្បាប់​នៅ​កម្ពុជា។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី លោក អ៊ុក ហៃ​សិឡា នៅតែ​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បន្ថែម និង​ពង្រឹង​ការសហការ​បន្តទៀត ព្រោះ​ការសហការ​កន្លងមក​នោះ​នៅមាន​តិចតួច​នៅឡើយ។
 
លោក ក៏​អំពាវនាវ​ទៅដល់​ម្ចាស់​រោងចក្រ សហគ្រាស និង​សិប្បកម្ម ឲ្យ​ប្រើប្រាស់​កម្លាំង​ក្នុងស្រុក​ឲ្យ​អស់​លទ្ធភាព មុននឹង​សម្រេចចិត្ត​ជួល​កម្មករ​ជំនាញ​ពី​បរទេស និង​កុំ​ជួល​កម្លាំង​ពលកម្ម​ខុសច្បាប់ ត្រូវ​ឲ្យ​ពួកគាត់​បំពេញបែបបទ​ស្របតាម​ច្បាប់។
 
សូមបញ្ជាក់ថា រយៈពេល​ជាង១ ឆ្នាំ​មកនេះ  អាជ្ញាធរ​រកឃើញ​ជន​អន្តោប្រវេសន៍​ខុសច្បាប់​នៅ​កម្ពុជា​ចំនួន៣,២២៦នាក់ រួមមាន៤៦សញ្ជាតិ ក្នុងនោះ​ស្រី​ចំនួន៥៦៧នាក់។ ប៉ុន្តែ​បើ​រាប់​តែ​ជនជាតិ​វៀតណាម មាន​ចំនួន២,៧៩៤នាក់ ក្នុងនោះ​ស្រី​ចំនួន៥២២នាក់៕
 

Tag:
 ជនអន្តោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com