ពីនេះ ពីនោះ
ជីវិត​ផ្ដើមចេញពី​ចំនុចសូន្យ បញ្ចប់​ក៏​នៅត្រឹម​ចំនុចសូន្យ
07, Oct 2015 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
កើត ចាស់ ឈឺ ស្លាប់ គឺជា​ច្បាប់ធម្មជាតិ​នៃ​ជីវិត​របស់​ភាវៈ​ដែលជា​ទូទៅ​នៅក្នុង​ទ្រឹស្ដី​ព្រះពុទ្ធសាសនា​បាន​លើ​ឡើង​ដើម្បី​រំលឹក​ដាស់តឿន និង​អប់រំ​ចិត្ត​ដល់​ជន​ប្រុស​ស្រី​ទាំងឡាយ កុំ​ឲ្យ​វិលវល​ជាមួយ​របស់​ដែលជា​អនត្តា ដែល​មិន​ថិ​ត​ថេរ។ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​នៅត្រង់ថា​មនុស្ស​គ្រប់រូប​តែងតែ មាន​មោទនភាព​ចំពោះ​ខ្លួនឯង​ថា ខ្លួន​កើតមក​មាន​លក្ខណៈ​អស្ចារ្យ និង​មោទនភាព​ចំពោះ​ជីវិត​ថា កើតមក​មានអ្វីៗគ្រប់យ៉ាង។ តែ​ផ្ទុយទៅវិញ​ជីវិត គឺ​គ្មានអ្វី​ទាំងអស់ ហើយ​បញ្ចប់​ទៅវិញ​ក៏​មិនអាច​នាំ​អ្វី​ទៅជា​មួយ​បានដែរ។



ព្រោះតែ​ជីវិត​កើតមក​គ្មាន​យក​អ្វី​មកជា​មួយបែប​នេះហើយ ទើប​មនុស្ស​ខិតខំ​ស្វែងរកអ្វីៗគ្រប់យ៉ាង ដើម្បី​បំពេញតម្រូវការ​ជីវិត និង​កំដរ​ជីវិត​ដើម្បី​ឆ្ពោះទៅរក​ទីបញ្ចប់​វិញ។ ព្រោះតែ​មិន​ចង់​ឲ្យ​ជីវិត​ទទេ​ស្អាត​ទើប​មនុស្ស​ព្យាយាម​ស្វែងរក​ចំណេះដឹង ធ្វើ​ការងារ កសាង​គ្រួសារ ដើម្បី​ស្វែងរក​សុភមង្គល​ជូន​ជីវិត។ មនុស្ស​ខិតខំ​ស្វែងរក​ទ្រព្យសម្បត្តិ​ដើម្បី​បំពេញតម្រូវការ​ជីវិត។ មនុស្ស​ប្រឹង​កសាង​កេរ្តិ៍ឈ្មោះ កិត្តិយស បង្កើត​ស្នាដៃ ដើម្បី​កុំ​ឲ្យ​ជីវិត​រលត់ទៅវិញ​ទាំង​ឥតន័យ។ មនុស្ស​ស្វែងរក​សិទ្ធិ ស្វែងរក​សេរីភាព ព្រោះ​មិន​ចង់​ឲ្យ​ជីវិត​របស់ខ្លួន​ទទួល​ការរំលោភបំពាន។ មនុស្ស​មាន​ជំនឿ​លើ​សាសនា គោរព​អាទិទេព ព្រោះតែ​មិនដឹងថា អំពើរ​ដែល​ខ្លួន​ធ្វើ​ខុស​ឬ​ត្រូវ មាន​បាប​ឬ​គ្មាន ហើយ​មិនដឹងថា ក្រោយ​ជីវិត​ខ្លួន​សូន្យ​ទៅ ទៅ​នៅទីណា​ឲ្យ​ពិតប្រាកដ ទើប​នាំគ្នា​គោរព និង​ជឿ​លើ​សាសនា និង​អាទិទេព ដោយ​សង្ឃឹម​ក្នុង​ចិត្ត​ថា អាច​នឹង​ជួយ​រំដោះខ្លួន​ពី​សេចក្ដី​ទុក្ខវេទនា​នៅពេល​ខាងមុខ។

ជារួម​មក ទោះបី​ការខិតខំ​ប្រឹងប្រែង​រប​ស់មនុស្ស​គ្រប់បែបយ៉ាង យ៉ាងណាក៏ដោយ ក៏​ដំណើរ​វិ​វត្ត​នៃ​រាងកាយ​ឈានទៅរក​ប្រភពដើម​វិញ នោះ​គឺ​ការ​សូន្យ​អស់​អត្ថិភាព​នៃ​ជីវិត​ពីលើ​លោក​នេះ​គង់តែ​មកដល់។ ចំណែកអ្វីៗដែល​មនុ​ស្សបាន​ប្រឹងប្រែង​រក​ទាំង​ប៉ុន្មាន ក្លាយជា​របស់​ឥតន័យ គ្មាន​តម្លៃ​ក្នុង​ការជួយ​ឲ្យ​ជីវិត​នេះ​បន្តទៅទៀត​បាន។ ចុះបើ​បែបនេះ ហេតុអ្វី​ជន​មួយចំនួន​នៅតែ​បន្តរ​ធ្វើ​នូវ​អំពើ​បាប ឈ្នានីស​អ្នកដទៃ សងសឹក​អ្នកដទៃ ចង់​ឈ្នះ​អ្នកដទៃ​បន្តរ​ទៀត? តើ​ធ្វើបែបនេះ​បាន​អ្វី​មកជា​ប្រយោជន៍​វិញ?


© រក្សាសិទ្ធិដោយ thmeythmey.com