អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អូស្ត្រាលី កំពុង​ស្វែងរក​ប្រទេស​ថ្មី​សម្រាប់​តាំង​លំនៅ​ជនភៀសខ្លួន បន្ទាប់ពី​កម្ពុជា
07, Oct 2015 , 3:39 pm        
រូបភាព
 
រដ្ឋាភិបាល​អូស្ត្រាលី អះអាងថា​អូស្ត្រាលី កំពុង​ស្វែងរក​ប្រទេស​ផ្សេងទៀត​សម្រាប់​ជនភៀសខ្លួន​តាំងទី​លំនៅ។ ការអះអាង​នេះ ធ្វើឡើង​ខណៈពេលដែល​កិច្ចព្រមព្រៀង​បញ្ជូន​ជនភៀសខ្លួន​អូស្ត្រាលី និង កម្ពុជា​កំពុងតែ​អនុវត្ត​នៅឡើយ​នោះទេ។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ


ម្សិលមិញ​នេះ រដ្ឋាភិបាល​អូស្ត្រាលី បាន​បញ្ជាក់ថា​អូស្ត្រាលី​កំពុង​ពិចារណា​ក្នុងការ​ស្វែងរក​ប្រទេស​ផ្សេងទៀត​បន្ទាប់ពី​កម្ពុជា ដើម្បី​ផ្តល់​ទីតាំង​សម្រាប់​ជនភៀសខ្លួន​ដើម្បី​រស់នៅ។ 
 
លោក Peter Dutton រដ្ឋមន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី បាន​អះអាងថា អូស្ត្រាលី​បាន​ដោះស្រាយ​លើ​បញ្ហា​ជនភៀសខ្លួន​ជា​យូរ​មកហើយ និង កំពុងតែ​ចរចា​លើ​កិច្ចព្រមព្រៀងទ្វេភាគី​ជាមួយ​រដ្ឋ​ផ្សេងទៀត​ក្នុងការ​ផ្តល់​ទីតាំង​សម្រាប់​ជនភៀសខ្លួន។ ក៏ប៉ុន្តែ លោក មិនបាន​បញ្ជាក់​ពី​ប្រទេស​ណាមួយ​ដែល​អូស្ត្រាលី​កំពុងធ្វើការ​ជាមួយ​នោះទេ។
 
សូម​រម្លឹក​ផងដែរ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មាន​ជនភៀសខ្លួន​រាប់ពាន់នាក់ បានធ្វើ​ដំណើរ​ទៅកាន់​អូស្ត្រាលី​ដោយ​រំពឹងថា​ពួកគេ​អាច​តាំង​ទីលំនៅ​នៅ​ទី​នោះបាន។ ការ​រពឹង​នេះ មិន​ទទួលបាន​ដូច​ក្តី​ប្រាថ្នា​នោះទេ ដ្បិត​អាជ្ញាធរ​អូស្ត្រាលី បាន​បញ្ឈប់​ទូក​ពួកគេ និង បញ្ជូន​ទៅកាន់​កោះ​ណូ​រូ​និង ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​វិញ។ 
 
កោះ​ណូ​រូ ត្រូវបាន​គេ​ស្គាល់​ថា​ជា​រដ្ឋ​មួយ​ដែល​អូស្ត្រាលី បាន​ចំណាយលុយ​រាប់លាន​ដុល្លា​សហរដ្ឋអាមេរិក​ដើម្បី​ជា​កន្លែង​សម្រាប់​បញ្ជូន​ជនភៀសខ្លួន​ដែល​ធ្វើដំណើរ​ទៅកាន់​អូស្ត្រាលី។  កោះ​នេះដែរ ក៏ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កន្លែង​ឃុំឃាំង​ជនភៀសខ្លួន​ប្រមាណ១ម៉ឺន​នាក់​ផងដែរ។ យ៉ាងណាមិញ កាលពី​ថ្ងៃ​ច​ន្ទ័​កន្លង​នេះ រដ្ឋាភិបាល​ណូ​រូ បាន​បើកចំហរ និង ផ្តល់​សិទ្ធិ​ចំពោះ​ជនភៀសខ្លួន​នៅ​ទីនោះ​ដោយ​ពួកគេ​អាច​ចេញចូល​កោះ​ដោយ​សេរី។ 
 
ក្រៅពី​កោះ​ណូ​រូ និង ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ រដ្ឋាភិបាល​អូស្ត្រាលី ក៏បាន​ចុះ​កិច្ចព្រមព្រៀង​មួយ ជាមួយនឹង​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ជំនួយ​រាប់លាន​ដុល្លា​សហរដ្ឋអាមេរិក​ដើម្បី​បញ្ជូន​ជនភៀសខ្លួន​មកកាន់ កម្ពុជា។ ហើយ​មកទល់ពេលនេះ មាន​ជនភៀសខ្លួន​ពី​កោះ​ណូ​រូ ៤នាក់​ហើយ​មកកាន់​កម្ពុជា។ 
 
យ៉ាងណាក៏ដោយ ភាពស្របគ្នា​នៃ​ការបើកចំហរ​កោះ​ណូ​រូ និង ការចរចា​ជាមួយ​រដ្ឋ​ផ្សេងទៀត​ដើម្បី​បញ្ជូន​ជន​ភៀស គឺជា​រឿង​មួយ​ដែល​គួរ​ឲ្យ​កត់សម្គាល់។ នេះ ទំនង​អាចជា​អូស្ត្រាលី​កំពុង​ចរចា​ជាមួយនឹង​រដ្ឋ​ផ្សេងទៀត​ដែល​អាច​ទទួលយក​ជន​ភៀសខ្លួន​ពី​កោះ​ណូ​រូ​ច្រើនជាង​កម្ពុជា​និង ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ៕ 
 

Tag:
 ជនភៀសខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com