ជាតិ
វិហារ​សួគ៌ នឹងមាន​ការប្រកួត​កីឡា​ទ្រង់ទ្រាយ​ធំ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ
08, Oct 2015 , 3:19 pm        
រូបភាព
ដោយ:
 នៅក្នុង​បរិវេណ​វត្ត​វិហារ​សួគ៌ ក្នុងស្រុក​ខ្សាច់កណ្ដាល ខេត្ដ​កណ្ដាល នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ នឹងមាន​ការប្រកួត​កីឡា​ប្រពៃណី ចំបាប់​បុរាណ​ខ្មែរ គុនដំបង ប្រណាំងសេះ និង​ប្រណាំង​ក្របី ក្រៅពីនេះ​ក៏មាន​លេងល្បែង​ប្រជាប្រិយ​ជា​ដូចជា ការឡើង​សរសរ​ខ្លាញ់ លោត​បាវ រាំ​ដណ្តើម​កៅអី បូមទឹក​ដាក់​ដប និង​ល្បែង​ប្រជាប្រិយ​ជាច្រើន​ទៀត ។

 
ការប្រណាំង ក្របី និង​សេះ នឹង​ប្រព្រឹត្តទៅនៅ​ថ្ងៃទី​១២ ខែ​តុលា​​ចាប់ពី​ម៉ោង ៧ព្រឹក ដល់​ម៉ោង ៩ព្រឹក ចំណែក​ការប្រកួត ក្បាច់​ចំបាប់​បុរាណ​ខ្មែរ និង​គុណដំបង នឹង​ប្រព្រឹត្តទៅ ចាប់  ពី​ម៉ោង ៩:១៥នាទី​ដល់​ម៉ោង១២ថ្ងៃត្រង់ ហើយ​សម្រាប់​អ្នកចូលរួម​ប្រកួត និង​ប្រណាំង​លើក​នេះ​មិនអាច​កំណត់​បានទេ ដោយសារ​ការប្រកួត​នេះ​ជា​លក្ខណៈ​ប្រពៃណី ហើយ​ជាការ​បើកទូលាយ គ្រាន់តែ​ដឹងថា​មាន​អ្នកចូលរួម​ប្រកួត​ច្រើនជាង​ឆ្នាំមុន។ នេះ​បើតាម លោក ថែ ថាំង គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​នៅក្នុង​វត្ត​វិហារ​សួគ៌។ 
 
លោក ថែ ថាំង បន្តទៀតថា សម្រាប់​ការប្រកួត​នេះ​យើង​ធ្វើជា​លក្ខណៈ​វិលជុំ ប្រកួត​ជំ​រុះ​រក​អ្នកឈ្នះ ឱ្យ​ប្រកួត​ជាមួយ​អ្នកឈ្នះ ដើម្បី​ចំ​រ៉ា​ញ់​រក​អ្នកទទួល​ជ័យលាភី​ទៅតាម​ប្រភេទ​កីឡានីមួយៗ ប៉ុន្តែ​សម្រាប់​ប្រាក់រង្វាន់​យើង​មិនអាច​កំណត់​បានទេ វា​អាស្រ័យទៅលើ​អ្នក ឧបត្ថម្ភ និង​ក្រសួង​ផ្តល់ឱ្យ។
 
 គួរ​រំ​ឮ​ក​ផងដែរ​ថា នៅក្នុង​វត្ត​វិហារ​សួគ៌​កាលពី​ឆ្នាំមុន​មានការ​ប្រណាំង ក្របី​ចំនួន ២៦គូ សេះ ១៥គូ គុនដំបង ៤គូ និង​ក្បាច់​ចំបាប់​ពី ៣០ ទៅ ៥០គូ។ សម្រាប់​អ្នក​ដែល​ទទួល​ជ័យលាភី​ក្នុងការ​ប្រកួត​លើក​នោះ​មានការ​ជួយឧបត្ថម្ភ ពី​ក្រសួងទេសចរណ៍ និង​ជនបរទេស​ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com