អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​ត្រៀម​បញ្ជូន​នាវាចម្បាំង​មកកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង
09, Oct 2015 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
អាមេរិក នឹង​បញ្ជូន​នាវាចម្បាំង​មក​ចូល​ចត​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង នៅពេល​ខាងមុខនេះ។ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​បញ្ហា​ចម្រូងចម្រាស​មួយ​ដែល​កំពុងតែ​ធ្វើ​ឲ្យ​មានការ​ប្រឈមមុខគ្នារ​វាង​រដ្ឋ​ជាប់​ពាក់​ព​ន្ធ័​ដែលមាន​រដ្ឋ​អាស៊ាន​មួយចំនួន ជាមួយ​ចិន។ តាម​របាយការណ៍​រប​ស់​អាមេរិក ការបន្ត​វាតទី​នៅក្នុង​តំបន់​ជម្លោះ និង​សង់​កោះ​សិប្បនិម្មិត​របស់​ចិន កំពុង​ក្លាយជា​ក្តីបារម្ភ​សម្រាប់​រដ្ឋ​ជាប់​ពាក់​ព​ន្ធ័។



នៅ​រយៈពេល២សប្តាហ៍​ខាងមុខ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នឹង​បញ្ជូន​នាវាចម្បាំង​មួយចំនួន​មកកាន់​សមុទ្រ​ចិន​ខាងត្បូង ដែល​ស្ថិតនៅ​ក្បែរ​កោះ​សិប្បនិម្មិត ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​សាងសង់​នៅក្នុង​តំបន់​ជម្លោះ។ នេះ​បើ​យោងតាម​សារព័ត៌មាន Financial Times ដែល​បាន​ស្រង់​សម្តី​របស់​មន្ត្រីជាន់ខ្ពស់​សហរដ្ឋអាមេរិក។

រយៈពេល​ចុងក្រោយ​នេះ ចិន​នៅតែ​បន្តសកម្មភាព​វាតទី​នៅក្នុង​តំបន់​ជម្លោះ ខណៈ​មេដឹកនាំ​អាស៊ាន បន្ត​ដុតដៃដុតជើង​ស្វែងរក​ដំណោះស្រាយ និង​យន្តការ​នានា ដើម្បី​អាច​កាត់បន្ថយ​ភាព​តានតឹង នៃ​ការទាមទារ​លើ​តំបន់​ត្រួតស៊ីគ្នា។

កន្លងមក​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស ចំពោះ​សកម្មភាព​នេះ ដោយបាន​ចាត់ទុក​រដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង ថា​បាន​បំពាន​ទៅនឹង​ច្បាប់​អន្តរជាតិ ដូចជា​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ជាដើម។ ក៏ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​បដិសេធ និង​បាន​អះអាងថា សកម្មភាព និង​ការទាមទារ​របស់ខ្លួន គឺ​ស្របទៅនឹង​តម្រូវការ​បច្ចុប្បន្ន ផែនទី​ប្រវត្តិសាស្ត្រ​របស់​ចិន​ផងដែរ។

ប្រសិនបើ​អាមេរិក​ពិតជា​បញ្ជូន​នាវាចម្បាំង​មកកាន់​តំបន់​ជម្លោះ​មែន​នោះ វា​នឹង​បង្កើត​ឲ្យ​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​បន្ថែមទៀត។ នោះ​ក៏​ព្រោះតែ​កោះ​សិប្បនិម្មិត​ដែល ចិន​បាន​សាងសង់​ហើយ​នោះ បាន​ក្លាយជា​មូលដ្ឋាន​យោធា​ដ៏​សំខាន់​របស់​ចិន។ គេ​ក៏​មិន​ប្រាកដថា តើ​ភាគី​ទាំងពីរ អាច​ធានាបាន​ថា នឹង​គ្មាន​ការប៉ះទង្គិច​គ្នា​ឬ​យ៉ាងណា​នោះទេ? 
សូមបញ្ជាក់ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺ​ជម្លោះ​ដែន​អធិបតេយ្យ​រវាង​ចិន និង​រដ្ឋ​អាស៊ាន ដែល​រួមមាន​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម។  បញ្ហា​ចុង​ក្រោយនេះ គឺ​ហ្វីលីពីន ដែលជា​សម្ព​ន្ធ័​មិត្ត​របស់​អាមេរិក បាន​ប្រឈមមុខគ្នា​ខ្លាំង ជាមួយនឹង​ចិន តាមរយៈ​ការ​សមយុទ្ធ​យោធា​នៅក្នុង​តំបន់  ជម្លោះ។ រដ្ឋាភិបាល​ហ្វីលីពីន ថែមទាំង​បាន​ចំអក​ទៅកាន់​រដ្ឋាភិបាល​ចិន ចំពោះ​ការសុំ​ចរចា​ទ្វេភាគី​ជាមួយនឹង​ហ្វីលីពីន​ផងដែរ៕


Tag:
 អាមេរិក
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com