ជាតិ
រូបសំណាក​ព្រះបាទ​ជ័យ​វរ្ម័នទី៧ នៅ​វៀងចន្ទន៍
14, Oct 2015 , 6:30 pm        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​បរិវេណ​នៃ​វត្ត​ថា​ត​ហ្លួង (វត្ត​ធាតុ​ស្តេច) នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស លាវ/ឡាវ​បច្ចុប្បន្ន យើង បានឃើញ​នូវ​ចម្លាក់​ថ្ម​មួយ​ឆ្លាក់​ជា​ក្បាច់​ក្រឡោត តំណាង​ព្រះបាទ​ជ័យ​វរ្ម័នទី៧ (គ.ស. ១១៨១- ១២១៨ ?) ស្ថិតក្នុង​ឥរិយាបទ​សមាធិ ដោយមាន​ព្រះ​ហ​ស្ថ​ទាំងពីរ​លា ហើយ​ដាក់​គងលើគ្នា​លើ​ភ្លៅ ពោលគឺ​មិនមែនជា​កាយវិការ​កំពុង​ប្រណម ឬ​អញ្ជលី​ឡើយ។



បើ​គេ​ពិនិត្យ​ព្រះ​រូបនេះ​ឲ្យ​បាន​ហ្មត់ ចត់​បន្តិច​ទៅ គេ​នឹង​ឃើញថា ព្រះ​កេស​របស់​ចម្លាក់​របស់​យើង ត្រូវបាន​ជួសជុល​ឡើងវិញ ដោយ ហេតុថា ឆ្នូត​ដើម​នៃ​ព្រះកេសា ត្រូវ​វិចិត្រ​ករលាវ/ឡាវ នៅ​ស.វ​ទី១៤ ប​ញ្ឈូ​ស ហើយ​ជំនួស​ដោយ ក្បាច់​គួច​ត្របាញ់ដុំ។ រីឯ ផ្នួងសក់​នៅលើ​ព្រះ​កេស ត្រូវបាន​ជំនួស​ដោយ កន្តុប ឬ​ពក របស់​ព្រះ ពុទ្ធអង្គ​វិញ ដែល​តំណាង​ឲ្យ​ឥទ្ធិពល​ពិសិដ្ឋ និង​ភាពឆ្លាសវៃ​គ្មាន​ព្រំដែន​របស់​ព្រះសម្មាសម្ពុទ្ធ។ ក្រៅពីនេះ ចម្លាក់​នេះ​ថែមទាំង​ត្រូវបាន​លាប​ម្រ័ក្សណ៍​ខ្មៅ​រលោង​ថែម​ទៀតផង ក្នុងខណៈដែល ព្រះបាទ ផា​ងុំ ស្តេច​លាវ​ដំបូងបង្អស់​បាន​កាន់កា​ប់​ភូមិភាគ​នេះ។

ដោយ​ឥត​សង្ស័យ គេ​អាច​និយាយបានថា ការកែប្រែ ឬ​ការច្នៃ​រូបសំណាក់​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ខាងលើនេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​រូប​របស់​ទ្រង់​ឲ្យ​ក្លាយទៅជា​ព្រះពុទ្ធ​អង្គ ជាទីគោរព​សក្ការៈ ដើម្បី​មូល ហេតុ​សាសនា។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​ព្រះ​បដិមា​ដ៏​សំខាន់​សម្រាប់​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​បុរាណ បាន​រក្សា​នៅឡើយ​នូវ​លក្ខណៈ​មួយចំនួន ដែល​បង្ហាញ​អំពី​មនុស្ស​ភាព​នៃ ចម្លាក់ ដូចជា សំពត់​ខ្មែរ និង ផ្នួងសក់​ជាដើម ដូចដែល​មាននៅ​លើ​ចម្លាក់​មួយ​នៅ​សារមន្ទីរ​ជាតិ ភ្នំពេញ។

នៅមាន​ឧទាហរណ៍​សំខាន់​មួយទៀត ដែល​អនុញ្ញាត​ឲ្យ​យើង​អាចសន្និដ្ឋាន​យ៉ាង​ត្រឹមត្រូវ បាន​ថា ព្រះ​រូប​នៅ​វត្ត​ថា​ត​ហ្លួង គឺ​ពិតជា​រូបសំណាក​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី៧យ៉ាង​ប្រាកដ​មែន គឺ ភាពរឹងមាំ​នៃ​ដងខ្លួន ដែល​បង្ហាញ​តាមរយៈ​ព្រះ​ហ​ស្ថ និង ព្រះ​បាទា ដែល​ប្រកបដោយ​កម្លាំង​មាំមួន ដូច​ករណី​នៃ​ចម្លាក់​មកពី​ប្រាសាទព្រះខ័ន កំពង់ស្វាយ នៅ​ខេត្តព្រះវិហារ ដែល​លោក​អួ​ង វន និង រូបយើង​ផ្ទាល់​បាន​រកឃើញ​កន្លងមក។

ដោយយោង​លើ លក្ខណៈសម្បត្តិ​ទាំង​ប៉ុន្មាន​ខាងលើនេះ យើង​អាច​សន្និដ្ឋានបានថា រូបសំណាក់ ព្រះបាទ​ជ័យវរ្ម័ន ទី៧ ដ៏​ខ្លាំងពូកែ ដែល​យើង​ទើបតែ​បាន​ពិពណ៌នា​នៅ​ខាងលើនេះ ពិតជា​ស្ថិតក្នុង ឥរិយាបទ​សមាធិ ដូច​ករណី​ចម្លាក់​មួយ​ដែល​យើង​បាន​រកឃើញ​នៅ​ប្រាសាទព្រះខ័ន​កំពង់ស្វាយ ក្នុង​ខេត្តព្រះវិហារ​កន្លងមក ហើយ​ដែល​សព្វថ្ងៃ​រក្សាទុក​ក្នុង​សារមន្ទីរ​ជាតិ​ភ្នំពេញ។

ដូច្នេះ ពាក់ព័ន្ធ​ទៅនឹង​លក្ខណៈ​ដើម​នៃ​ព្រះ​រូប​របស់​យើង គេ​មិនត្រូវ​មានការ​មន្ទិលសង្ស័យ តទៅទៀតឡើយ៕

ដោយ បណ្ឌិត មី​សែ​ល ត្រា​ណេ
ដកស្រង់​ចេញពី​គេហទំព័រ www.khemaravidya.com




Tag:
 ខេមរវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com