ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តើគ្រូចៅអធិការ, គ្រូសូត្រស្តាំ-ឆ្វេង, និងអាចារ្យវត្ត មានតួនាទីធ្វើអ្វីខ្លះ?
× កំពង់ស្ពឺ៖ ព្រះតេជគុណវិចារប្បញ្ញោ ខឹម ប៊ុនថេត វ័យ២២ព្រះវស្សា មានសង្ឃដីកាថា តួនាទីគ្រូចៅអធិការវត្ត គឺជាអ្នកគ្រប់គ្រងទូទៅនៅក្នុងវត្តអារាម ដូចជា មើលការខុសត្រូវទាំងការសាងសង់, ការបណ្តុះបណ្តាលធនធានព្រះសង្ឃ, និងពុទ្ធបរិស័ទចេញចូលនៅក្នុងទីវត្តអារាមជាដើម។ ប៉ុន្តែការគ្រប់គ្រងថវិកានៅក្នុងវត្ត ត្រូវបានលោកគ្រូចៅអធិការវត្តពុទ្ធវង្សារាម ហៅវត្តអន្លង់ក្របី ខឹម ប៊ុនថេត មានសង្ឃដីកាថា ការគ្រប់គ្រងថវិកានៅក្នុងវត្តនីមួយៗ គឺអាស្រ័យលើការស្រុះស្រួលគ្នារវាងចៅអធិការវត្ត និងគណៈកម្មការវត្ត ថាត្រូវឲ្យអ្នកណាជាអ្នកទុកដាក់ថវិកាទាំងនោះ។
រីឯ គ្រូសូត្រស្តាំ និងគ្រូសូត្រឆ្វេង គឺជាជំនួយការរបស់គ្រូចៅអធិការវត្ត។ តួនាទីរបស់គ្រូសូត្រស្តាំ និងគ្រូសូត្រឆ្វេង គឺអាស្រ័យទៅតាមគ្រូចៅអធិការវត្តនីមួយៗ ជាអ្នកបែងចែក។ឧបមាថា បើគ្រូសូត្រស្តាំតម្រូវឲ្យជួយបង្រៀនព្រះសង្ឃនៅក្នុងវត្ត, គ្រូសូត្រឆ្វេងត្រូវជួយមើលការខុសត្រូវលើការសម្អាតទីធ្លាវត្ត, មើលការខុសត្រូវលើជាងដែលសាងសង់នៅក្នុងវត្ត។ល។ នេះជាសង្ឃដីកាពន្យល់របស់គ្រូចៅអធិការវត្តអន្លង់ក្របីស្តីពីតួនាទីរបស់គ្រូសូត្រស្តាំ-ឆ្វេង។
ចំណែកឯ តួនាទីលោកអាចារ្យវត្ត ព្រះតេជគុណខឹម ប៊ុនថេត ពន្យល់ថា តួនាទីរបស់លោកអាចារ្យវត្ត គឺជាអ្នកដឹកនាំពុទ្ធបស័ទសូត្រធម៌ សមាទានសីល និងដឹកនាំពុទ្ធបស័ទធ្វើនូវកិច្ចពិធីផ្សេងៗទាំងនៅក្នុងវត្ត និងនៅតាមភូមិនានា។ល៕
សូមនិមន្ត និងអញ្ជើញស្តាប់សេចក្តីពន្យល់របស់ព្រះតេជព្រះគុណវិចារប្បញ្ញោ ខឹម ប៊ុនថេត ចៅអធិការវត្តពុទ្ធវង្សារាម ហៅវត្តអន្លង់ក្របី ដែលស្ថិតនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជាមួយនឹងការសាកសួររបស់លោក ជាវ សំណាង អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com