ជាតិ
បវរកញ្ញា​ខ្មែរ-អាមេរិក Prak Virginia ជាប់​លេខ​ពីរ​ក្នុង​ការប្រកួត Miss Global 2015
25, Oct 2015 , 9:00 am        
រូបភាព
ដោយ: ធីតា
បវរកញ្ញា​ខ្មែរ-អាមេរិក Prak Virginia បានទទួល​ចំណាត់ថ្នាក់​លេខ​ពីរ​ក្នុង​កម្មវិធី​ប្រកួត​បវរកញ្ញា​អន្តរជាតិ Miss Global 2015 ដែល​ត្រូវបាន​ឡើង​នៅ Newport Performing Arts Theater នៅក្នុង​ទីក្រុង Pasay នៃ​ប្រទេស​ហ្វីលីពីន កាលពី​រាត្រី​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ។ 



ក្នុងចំណោម​បេ​ក្ខ​នារី ៥០នាក់​មកពី​ជុំវិញ​ពិភពលោក បវរកញ្ញា​អូស្ត្រាលី Jessica Peart អាយុ២១ឆ្នាំ បាន​ក្លាយជា​ម្ចាស់​មកុដ Miss Global ប្រចាំឆ្នាំ២០១៥ ដោយ​បន្ត​តំណែង​ពី​បវរកញ្ញា​កាណាដា Ela Mino ។ បវរកញ្ញា Prak Virginia ដែល​តំណាង​ឲ្យ​កម្ពុជា បាន​ចំណាត់ថ្នាក់​លេខ​ពីរ (ជើងឯក​រង​ទីមួយ) ខណៈ​បវ​កញ្ញា​អៀរ​ឡង់ Lorna Murphy បាន​លេខ​បី បវរកញ្ញា​ប៊ុលហ្គារី Gergana Doncheva បាន​លេខ​បួន និង​បវរកញ្ញា​ហ្វីលីពីន Candice Ramos បាន​លេខ​ប្រាំ។

បវរកញ្ញា​ដែល​ទទួលបាន​រង្វាន់ផ្សេងៗទៀត​រួមមាន Miss Photogenic បាន​ទៅលើ​បវ​កញ្ញា​អាហ្វ្រិក​ខាងត្បូង Miss Fitness បាន​ទៅលើ​បវរកញ្ញា​ហ្វីលីពីន Miss Talent បាន​លើ​បវរកញ្ញា​ប៊ុលហ្គារី Miss Fashion បាន​លើ​បវរកញ្ញា​មី​យ៉ាន់​ម៉ា Miss Goodwill បាន​ទៅលើ​បវរកញ្ញា​កាណាដា និង Miss Congeniality បាន​ទៅលើ​បវរកញ្ញា​តៃវ៉ាន់។

បវរកញ្ញា​ដែលជា​ម្ចាស់​មកុដ​ប្រចាំ​ព្រឹត្តិការណ៍ Miss Global ត្រូវបាន​ចាត់ទុកថា ជា​បវរកញ្ញា​ផ្នែក​សប្បុរសធម៌ «The Charity Queen» ដោយ​ដើរតួនាទី​ជា​អ្នកដឹកនាំ ជា​ទូត​សុ​ឆ​ន្ទះ​ជួយ​ដល់​យុវជន​នៅតាម​សហគមន៍​នានា។

កញ្ញា Prak Virginia ដែលមាន​ដើមកំណើត​នៅ​រដ្ឋ Lowell ហើយ​បច្ចុប្បន្ន​រស់នៅ​ក្រុង Nashua រដ្ឋ New Hampshire ទើប​ទទួលបាន​មកុដ Miss Cambodian-American Northeast Pageant ដែល​រៀបចំ​ដោយ​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋអាមេរិក។ បវរកញ្ញា​វ័យ២២ឆ្នាំ​រូបនេះ ជា​សមាជិក និង​ជា​គ្រូបង្ហាត់​នៅ​ក្រុម​របាំ​អង្គរ (Angkor Dance Troupe) ហើយ​បច្ចុប្បន្ន នាង​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ Middlesex Community College ហើយ​គ្រោង​បន្ត​ការសិក្សា​ផ្នែក​ឪ​សថ​សាស្ត្រ​នៅ​សាកលវិទ្យាល័យ UMass Lowell ។ ក្រៅពី​ឈ្នះ​លេខ​មួយ​ក្នុង​ព្រឹត្តិការណ៍ Miss Cambodian-American Northeast កញ្ញា Virginia ក៏​ធ្លាប់​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍ Miss New Hampshire Teen USA កាលពី​អាយុ១៦ឆ្នាំ​ផងដែរ។

នៅមុន​ការប្រកួត Miss Global 2015 Virginia បាន​បង្ហើប​ពី​គម្រោង​ជួយ​ដល់​អង្គការ​មួយ​ដែល​ស្ថិតនៅក្នុង​ខេត្តសៀមរាប៕


ប្រភពរូបថត៖ Emdun Chua Photography




Tag:
 Miss Global 2015
  Prak Virginia
© រក្សាសិទ្ធិដោយ thmeythmey.com