ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
ក្រុមអ្នកវិទ្យាសាស្ត្រវ័យក្មេងថាខ្លួនខ្វះការយកចិត្តទុកដាក់ពីក្រសួងអប់រំ
14, Dec 2015 ,
4:06 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ក្រុមអ្នកវិទ្យាសាស្ត្រវ័យក្មេង បានធ្វើឲ្យសាធារណជនមានការភ្ញាក់ផ្អើល។ ពួកគេបានបង្កើតសម្ភារមួយចំនួន ដែលអាចផលិតជាថាមពលអគ្គិសនីបាន។ សម្ភារដែលពួកគេបានបង្កើតរួមមាន តួប៊ីនចំហាយទឹក កង្ហារទាញថាមពល វិទ្យុ ទូរសព្ទ។ល។ ជាក្រុមសិស្សវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ខេត្តសៀមរាប ក្រុមអ្នកវិទ្យាសាស្ត្រវ័យក្មេងទាំងនោះ មានមោទនភាពចំពោះស្នាដៃដែលពួកគេបាននិងកំពុងបង្កើត បើទោះបីស្នាដៃទាំងនោះ មានអ្នកខ្លះមិនឲ្យតម្លៃយ៉ាងណាក៏ដោយ។ យ៉ាងណា ក្រុមយុវជនដែលមានទេពកោសល្យខាងផលិតថាមពល អះអាងថា ពួកគេមិនបោះបង់ការខិតខំប្រឹងប្រែងខ្លួនឡើយ បើទោះជាពួកគេខ្វះការយកចិត្តទុកដាក់ពីក្រសួងអប់រំក៏ដោយ។
ក្រុមវិទ្យាសាស្ត្រ និងវិស្វកម្ម គឺជាឈ្មោះរបស់ក្រុមយុវជនវ័យក្មេងមួយក្រុម ដែលមានទេពកោសល្យខាងផលិតថាមពលអគ្គិសនី។ ពួកគេមានសមាជិកចំនួន ១៧នាក់ ដែលកំពុងសិក្សានៅថ្នាក់ទី៨ ទី៩ ទី១០ និងទី១១ នៃវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ក្រុងសៀមរាប និងមានអាយុចន្លោះពី ១៣ ទៅ១៦ឆ្នាំ។ ថ្នាក់គ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ បានប្រគល់បន្ទប់រៀនមួយបន្ទប់ ដើម្បីសម្រួលដល់ការពិសោធន៍ និងទុកដាក់សម្ភារ របស់ក្រុមវិទ្យាសាស្ត្រវ័យក្មេង ក្រោយពីក្រុមនេះបានបង្កើតជាផ្លូវការ នៅដើមឆ្នាំ២០១៤ ។
ប្រធានក្រុមវិទ្យាសាស្ត្រ និងវិស្វកម្ម យុវសិស្ស ស ហុកលី បានរម្លឹកពីប្រវត្តិក្រុមខ្លួន មុននឹងទីតាំងត្រឹមត្រូវមកដល់បច្ចុប្បន្ននេះ។ ហុកលី រម្លឹកថា ខ្លួននិងមិត្តភក្តិ ដែលស្រឡាញ់ និងមានឆន្ទះដូចគ្នា តែងតែជួបគ្នានៅពេលសម្រាកពីការសិក្សា ដើម្បីបង្កើតសម្ភារគ្រឿងអេឡិចត្រូនិច និងគ្រឿងដើរដោយថាមពលអគ្គិសនី។ យ៉ាងណានៅពេលនោះ ពួកគេដើរឆ្លាស់ពីផ្ទះមិត្តភក្តិមួយទៅផ្ទះមិត្តភក្តិមួយ ដោយពុំមានកន្លែងទុកដាក់សម្ភារជាក់លាក់នោះទេ។ នៅពេលនោះ ក៏ពុំទាន់មានលើកទឹកចិត្តពីអាណាព្យាបាលនោះដែរ ដោយពួកគេចាត់ទុកសកម្មភាពកូនៗខ្លួនថា «ឥតប្រយោជន៍»។
ជាមួយគ្នានេះដែរ យុវសិស្ស ស ហុកលី រម្លឹកបន្តថា ពួកគេតែងតែបរាជ័យកន្លែងពិសោធន៍ ក្នុងនោះកន្លងមក ពួកគេក៏ធ្លាប់បានប្រាប់សកម្មភាពក្រុមខ្លួន ដល់ថ្នាក់គ្រប់គ្រងសាលា ឲ្យបានដឹងឮផងដែរ ប៉ុន្តែខាងសាលាមើលឃើញសកម្មភាពពួកខ្លួន មិនខុសពីខាងគ្រួសារទេ គឺចាត់ទុក គ្រាន់ជាការលេងសើចតែប៉ុណ្ណោះ។ ជាបន្តបន្ទាប់ ក្រុមវិទ្យាសាស្ត្រ និងវិស្វកម្ម ខិតខំស្វះស្វែងរកកន្លែងសមរម្យ សម្រាប់ទុកដាក់សម្ភារដែលពួកគេបាននិងកំពុងបង្កើត ហើយចុងក្រោយពួកគេបានសម្រេចប្រាប់ព័ត៌មាននេះម្តងទៀត ទៅកាន់នាយិកាសាលា ដែលទើបឡើងថ្មី។ ពេលនោះហើយ ដែល ហុកលី ចាប់ផ្តើមប្រមូលសមាជិកក្រុមជាថ្មី និងបានធ្វើឲ្យមហាជនស្គាល់ជាបណ្តើរៗ ។
បើទោះជាមានកន្លែងសម្រាប់ពិសោធន៍ត្រឹមត្រូវក៏ពិតមែន ប៉ុន្តែសម្ភារដែលប្រើប្រាស់ក្នុងការបង្កើតថាមពលអគ្គិសនី ឫគ្រឿងអេឡិចត្រូនិចរបស់ក្រុមយុវសិស្សសាលារៀនវត្តស្វាយ មិនទាន់មានស្តង់ដារនៅឡើយ។ ពួកគេប្រើប្រាស់សម្ភារដែលគេបោះចោលមួយចំនួន មានធុងប្រេង ធុងកុំព្យូទ័រ កំណាត់ឈើចាស់ៗ កំប៉ុងទឹក សំបកដប ថាសចម្រៀង កំប៉ុងថ្នាំបាញសត្វល្អិត ត្រឡោកដូង និងឫស្សីជាដើម។
«ប្រសិនបើយើងមានសម្ភារទំនើប នោះខ្ញុំជឿជាក់ថា សម្ភារដែលយើងបង្កើតឡើង នឹងទំនើប»។ នេះជាការអះអាងរបស់ ហុកលី ក្នុងទឹកមុខម៉ឺងម៉ាត់។ មន្ទីរអប់រំខេត្តសៀមរាប ធ្លាប់ចុះទៅមើលសកម្មភាពបង្កើតថ្មីរបស់ក្រុមយុវសិស្សសាលាវត្តស្វាយ និងបានកោតសរសើរចំពោះស្នាដៃពួកគេ។ ក្រៅពីការកោតសរសើរ និងលើកទឹកចិត្តហើយនោះ ក្រុមវិទ្យាសាស្ត្រវ័យក្មេង ចង់ឲ្យក្រសួងអប់រំ ផ្តល់សម្ភារស្រាវជ្រាវថ្មីៗ រួមនិងការបណ្តុះបណ្តាលជំនាញបន្ថែមដល់ពួកគេផងដែរ ដើម្បីការអភិវឌ្ឍសមត្ថភាពទៅថ្ងៃអនាគត។ នេះជាសំដី ហុកលី មុននឹងគេបង្ហើបពីការចង់បានទីតាំងពិសោធន៍ថ្មី ដែលអំណោយផលជាងនេះ។ ទីតាំងសព្វថ្ងៃនៅក្នុងសាលារៀនវត្តស្វាយ ធ្វើឲ្យប៉ះពាល់ដល់ការសិក្សាសិស្សឯទៀត ហើយជាហេតុធ្វើឲ្យគេ អាចពិសោធន៍បានតែថ្ងៃណា ដែលសាលាឈប់សម្រាកតែប៉ុណ្ណោះ។
«គំនិតនៅក្នុងក្បាល» ជាទុនធំបំផុត ដែលអាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រវ័យក្មេង អាចបង្កើតសម្ភារអេឡិចត្រូនិច ជោគជ័យបាន។ យុវសិស្ស ហុកលី ទទួលស្គាល់ថា គេបានយកមេរៀនក្នុងសាលា មកអនុវត្តន៍ក្នុងការពិសោធន៍ខ្លះដែរ តែយុវសិស្សវ័យ១៦ឆ្នាំរូបនេះ នៅតែជឿជាក់ខ្ពស់ចំពោះគំនិតច្នៃបង្កើតរបស់ខ្លួន ដែលគេដឹងថា ជាប់នៅក្នុងខួរក្បាល តាំងពីគេរៀនថ្នាក់ទី១មក។
បច្ចុប្បន្ននេះ ក្រុមវិទ្យាសាស្ត្រ និងវិស្វកម្ម កំពុងបង្កើត តួប៊ីនចំហាយទឹក ដែលអាចទាញថាមពលអគ្គិសនីបាន៥វ៉ុល ដែលជាឧបករណ៍ធុនតូចអាចប្រើសម្រាប់សាកថ្មទូរសព្ទជាដើម។ ក្រៅពីនេះ ពួកគេបានផលិតកង្ហារដើរដោយខ្យល់ ទូរសព្ទខ្នាតតូច ឌីណាម៉ូ និងវិទ្យុ ដែលបច្ចុប្បន្នអាចស្តាប់ឮបានចំនួន៤០ប៉ុស្តិ៍ផងដែរ។
គោលដៅចំបងសម្រាប់ក្រុមវិទ្យាសាស្ត្រវ័យក្មេង គឺបង្កើតអ្វីដែលអាចទាញថាមពលបាន ព្រោះថាសព្វថ្ងៃ កម្ពុជាពឹងលើប្រទេសជិតខាងស្ទើរតែទាំងស្រុង សម្រាប់ប្រើប្រាស់។ ហុកលី គិតដល់អនាគត ប្រសិនបើប្រទេសកម្ពុជាអាចមានរោងចក្រផលិតសម្ភារទំនើបៗបាន នោះវានឹងធ្វើឲ្យពលរដ្ឋខ្មែរមិនតិចទេ មានការងារធ្វើ ហើយវាក៏អាចកាត់បន្ថយការនាំចូលពីបរទេស ដែលជាផ្នែកមួយជួយដល់វិស័យសេដ្ឋកិច្ច បានមួយផ្នែក។
បើទោះជាសព្វថ្ងៃ សកម្មភាពរបស់ក្រុមវិទ្យាសាស្ត្រ និងវិស្វកម្ម ត្រូវមហាជនមួយចំនួនមើលមិនឃើញពីប្រយោជន៍ក៏ដោយចុះ តែសមាជិកក្រុមអះអាងថា ពួកគេមានមោទនភាពនិងសប្បាយចិត្ត ទៅលើអ្វីដែលពួកគេបានបង្កើត ហើយលទ្ធផលទាំងនេះកើតចេញពីការខិតខំ និងការតស៊ូរបស់ពួកគេពិត។ ពួកគេជឿជាក់ថា សកម្មភាពខ្លួននឹងអាចជួយ ចំណែកណាមួយ ដល់កម្ពុជាទៅថ្ងៃអនាគត៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម