កីឡាជាតិ
ជាតិ
រុស្ស៊ី​ជួយ​ដល់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ក្នុងការ​ពង្រឹង​ខ្លួន​សម្រាប់​ស៊ី​ហ្គេម​
05, Feb 2016 , 8:39 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា នឹង​ទទួល​ជំនួយ​បច្ចេកទេស អាហារូបករណ៍ រួមទាំង​ការបញ្ជូន​អត្ត​ព​លិ​ក​ទៅ​ហ្វឹកហាត់​នៅ​រុស្ស៊ី​ដើម្បី​ពង្រឹងសមត្ថភាព​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ខណៈ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ នេះ​បើ​យោងតាម​អនុស្សារណៈ​នៃ​ការយោគយល់​ដែល​ចុះហត្ថលេខា​ដោយ​លោក ថោង ខុន និង​ភាគី​រុស្ស៊ី កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៥ ខែកុម្ភៈ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)​។​



​លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា និង​លោក Salomatov Vsevolod នាយក​ទំនាក់ទំនង​អន្តរជាតិ និង​សហប្រតិបត្តិការ​នៃ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​រុស្ស៊ី បាន​ចុះហត្ថលេខា​រួមគ្នា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) មួយ ក្នុងទិសដៅ​ពង្រឹងសមត្ថភាព​អត្ត​ព​លិ​កកាយ​សម្ព័ន្ធ​កម្ពុជា​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​។​

​ការចុះ MOU ដែលមាន​វត្តមាន លោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី ប្រចាំ​នៅ​កម្ពុជា ផងដែរ​នោះ គឺ​ផ្តល់ឱកាស​ដល់​សហព័ន្ធ​កីឡា​សម្ព័ន្ធ​កម្ពុជា ក្នុងការ​ទទួលបាន​ជំនួយ​បច្ចេក​បន្ថែម អាហារ​រូបករណ៍ រួមការ​បញ្ជូន​អត្ត​ព​លិ​ក​វ័យក្មេង​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​រុស្ស៊ី​។


​ជាមួយគ្នានេះ ភាគី​រុស្ស៊ី បាន​នាំយក​សម្ភារ​កាយសម្ព័ន្ធ Tambling(Road Floor)​មួយឈុត ព្រមទាំង Mini-Trampoline មួយ និង Run Mat មួយ ដែលមាន​តម្លៃ​ជាង ២​ម៉ឺន​ដុល្លារ ប្រគល់​ឲ្យ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ផងដែរ ។​
​លោក ថោង ខុន បាន​កត់សម្គាល់ថា រុស្ស៊ី តែងតែ​ជួយ​កម្ពុជា​គ្រប់ពេលវេលា​នៅពេលដែល​ជួប​បញ្ហា​ខ្វះខាត​សម្ភារ​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា​។  លោក​បាប​មានប្រសាសន៍ថា​៖« អំណោយ​របស់​រុស្ស៊ី​នៅពេលនេះ នឹង​ជួយ​ឲ្យ​កូន​ខ្មែរ ដែលជា​អត្ត​ព​លិ​ក​កីឡា​កាយសម្ព័ន្ធ​វ័យក្មេង​បាន​ហ្វឹកហាត់ ដើម្បី​ត្រៀមលក្ខណៈ​សម្បត្តិ​ឲ្យ​កាន់តែ​បាន​ប្រសើរ ក្នុង​ការចូល​រួមការ​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា និង​ធ្វើជា​ម្ចាស់ផ្ទះ​»​។​


​បន្ថែម​ពីលើ​នេះ លោក ថោង ខុន បាន​គូសបញ្ជាក់ ថា ក្នុង​ផែនការ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ត្រូវការ​បណ្តុះបណ្តាល​កីឡាករ​វ័យក្មេង​ចំនួន ១៨​នាក់​។ លោក ជឿជាក់ថា​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​រុស្ស៊ី ថា​នឹង​ជួយ​ដល់​កម្ពុជា ទៅតាម MOU ដែល​បាន​ចុះហត្ថលេខា​៕







Tag:
 កីឡា​កាយសម្ព័ន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com