ជាតិ
រដ្ឋាភិបាល​គ្រោង​បង្កើត​មូលនិធិ​ទ្រទ្រង់​ដល់​ការផលិត​ភាពយន្ត​ខ្មែរ​
07, Feb 2016 , 7:59 pm        
រូបភាព
រូបថត ហ្វេសប៊ុក លោក សុះ ម៉ាច
រូបថត ហ្វេសប៊ុក លោក សុះ ម៉ាច
ដោយ:
រដ្ឋាភិបាល​កម្ពុ​ជាមាន​បំណង​បង្កើត​មូលនិធិ​មួយ សម្រាប់​ទ្រទ្រង់​ដល់​ផលិតករ​ក្នុង​ការផលិត​ខ្សែភាពយន្ត​ខ្មែរ ដែល​កំពុង​ខ្វះខាត​ថវិកា​ក្នុង​ការផលិត​។ មូលនិធិ​នេះ អនុញ្ញាត​ឲ្យ​ផលិតករ​ខ្ចី​ថវិកា​យកទៅ​ប្រើប្រាស់​ក្នុង​ការផលិត​ភាពយន្ត​ខ្មែរ ហើយ​នៅពេលដែល​ចាក់​បញ្ចាំង​បាន​ចំណូល​ចាំ​យកមក​សង​មូលនិធិ​វិញ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។


​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AKP នៅក្នុង​ជំនួប​ជាមួយ​សមាគម​សិល្បករ​ខ្មែរ​របស់លោក សុះ ម៉ាច រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ បាន​ជំរុញ​ឲ្យ​សមាគម​សិល្បករ​ខ្មែរ រួមទាំង​អ្នកពាក់ព័ន្ធ​ពិភាក្សាគ្នា​រក​យន្តការ​ត្រឹមត្រូវ​មួយ​ដែល​អាច​គ្រប់គ្រង​បាន ហើយ​លើក​ជា​សំណើ​ទៅ​រដ្ឋាភិបាល​ដើម្បី​សម្រេច​បង្កើត មូលនិធិ​នេះ​ឡើង សម្រាប់​ជួយ​ដល់​សិល្បករ​ដែល​ខ្វះខាត​ថវិកា​ក្នុង​ផលិត​ភាពយន្ត​ខ្មែរ​។​

​នៅក្នុង​ជំនួប​ជាមួយ​សមាគម​សិល្បករ​ខ្មែរ នៅ​ទីស្តីការក្រសួង​ព័ត៌មាន កាលពី​ថ្ងៃទី​៥ កុម្ភៈ​ម្សិលមិញ លោក ខៀវ កាញារីទ្ធ ក៏​ជំរុញ​លើកទឹកចិត្ត​ដល់​អ្នក​ផលិត​ខ្សែភាពយន្ត​ខ្មែរ និង​តួ​សម្តែង​ទាំងអស់​ឲ្យ​ខំ​រួម​សាមគ្គី​គ្នា​ក្នុងការ​ធ្វើយ៉ាងណា​ឲ្យ​ខ្សែភាពយន្ត ក៏ដូចជា​កម្មវិធី​ផ្សេងៗ ដែល​ផលិត​ដោយ​ខ្មែរ​ខ្លួនឯង កាន់តែ​មាន​ភាព​ទាក់ទាញ និង​មានគុណ​ភាពល្អ​។ បន្ថែម​
ពីនេះ​លោក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ដល់​អ្នក​ដែល​ស្រឡាញ់​សិល្បៈ​ខ្មែរ សូមជួយ​ចូលរួម​គាំទ្រ និង​ឧបត្ថម្ភ​ផងដែរ​។​

នៅក្នុង​ជំនួប​ដដែល​លោក សុះ ម៉ាច ប្តេជ្ញា​ថា សិល្បករ អ្នក​ផលិត អ្នក​តែង និពន្ធ និង​អ្នកដឹកនាំ​រឿង​ទាំងអស់ នឹង​ខិតខំ​ប្រឹងប្រែង​ផលិត​នូវ​រឿង ក៏ដូចជា​កម្មវិធី​ផ្សេងៗ ដែលជា​ស្នាដៃ​របស់​កូន​ខ្មែរ​ឲ្យ​កាន់តែ​ល្អ ដើម្បី​យកមក​ចាក់​បញ្ចាំង​នៅតាម​កញ្ចក់​ទូរទស្សន៍​៕


© រក្សាសិទ្ធិដោយ thmeythmey.com