បទយកការណ៍ / បទសម្ភាសន៍
និស្សិត សៅ រចនា រៀន​ភាសា​ចិន​៨​ឆ្នាំ បំណង​ចង់​ធ្វើការ​នៅ​ទូត​ចិន
07, Feb 2016 , 3:25 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ការកើនឡើង​អ្នកវិនិយោគ​ចិន​នៅ​កម្ពុជា និង​ក្នុង​តំបន់​អាស៊ាន បានធ្វើ​ឲ្យ​យុវជន​កម្ពុជា នាំគ្នា​សម្រុក​ទៅ​រៀន​ភាសា​ចិន​។ ដោយឡែក លោក សៅ រចនា ក៏​មិន​ខុសពី​យុវជន​ខ្មែរ​ផ្សេងៗ​នោះទេ​។ លោក​បាន​រៀន​ភាសា​ចិន​រយៈពេល​៨​ឆ្នាំ​។ មកដល់ពេលនេះ លោក​បង្រៀន​ភាសា​ចិន​នៅតាម​សាលា​ឯកជន និង​ធ្វើ​ការងារ​បកប្រែ​នៅ​ក្រុមហ៊ុន​ចិន​ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ និស្សិត​ទើប​បញ្ចប់​បរិញ្ញាបត្រ​ទេសចរណ៍​រូបនេះ ក៏​បង្ហាញ​មហិច្ឆតា​ចង់ ធ្វើ​ការងារ​នៅក្នុង​ទូត​ចិន​ប្រចាំ​កម្ពុជា​ផងដែរ​។


 
«​មិនមែនជា​ចំណង់​ចំណូលចិត្ត​នោះទេ តែ​មើលឃើញ​ពី​អត្ថប្រយោជន៍​នៃ​ភាសា​ចិន ទើប​ខ្ញុំ​រៀន​ចិន​» នេះ​ជាការ​រៀបរាប់​របស់​យុវជន សៅ រចនា​។ រចនា បាន​រៀន​ភាសា​ចិន​តាំងពីក្មេង ដោយសារ ឃើញ​អ្នកជិតខាង និង​សិស្ស​ច្បង​ដែល​ចេះ​ចិន មានការ​ងារ​ធ្វើ និង​ទទួលបាន​ប្រាក់ខែ​ច្រើន​។ មាន​ដើមកំណើត​នៅ ភូមិ ឆ្នាំ​គូរ ឃុំ អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត យុវជន រចនា និយាយថា អ្នកភូមិ​របស់លោក ខ្លះ​ឈប់រៀន ដើម្បី​ទៅធ្វើ​ការងារ​បកប្រែ​នៅ​រោងចក្រ​ចិន​។ លោក​បន្តថា ពួកគេ​បាន​សម្រុក​រៀន​ចិន​ស្ទើរ​គ្នា ព្រោះ ភាសា​ចិន ងាយស្រួល​ក្នុង​រក​ការងារ​ធ្វើ​។ វ័យ​២៦​ឆ្នាំ បុរស​ថ្គាមខ្លា​រូបនេះ បាន​បញ្ជាក់ថា​៖ «​ដំបូង​ខ្ញុំ​ចង់​រៀន​ភាសា​អង់គ្លេស​ជាង ពីព្រោះ​អក្សរ​ចិន​ដៃជើង​វា​ស្មុគស្មាញ តែ​ដល់​ឃើញ​បងៗ​ដែល​ចេះ​ចិន មានការ​ងារ​ធ្វើ ខ្ញុំ​ក៏​តស៊ូ​រៀន​ភាសា​ចិន​ដែរ​»​។​

ជីវភាព​ខ្វះខាត​បា​នប​ណ្តា​ល​ឲ្យ​រចនា​ចង់​ឈប់រៀន​ម្តងម្កាល​ដែរ ប៉ុន្តែ​ដោយសារ​ឪពុកម្តាយ​របស់លោក​ជំរុញ​លោក​ឲ្យ​រៀន​បាន​ចប់​ចុង​ចប់​ដើម​។ ស្របពេលនោះ លោក​ចង់បាន​ការងារ​ល្អ​ធ្វើ​ផង​។ លោក​ក៏​ជម្នះ​រៀន​ចិន​រហូត​មានការ​ងារ​ធ្វើ​ដូច​បំណង​។ បន្ទាប់ពី​រៀន​ភាសា​ចិន​បាន​រយៈ​៨​ឆ្នាំ រចនា​អាច​ប្រើ​ភាសា​ចិន​យ៉ាង​ស្ទាត់ជំនាញ ទាំង​សំណេរ ទំនង​ទំនង និង​ធ្វើ​ការងារ​។ លើសពីនេះ កាល​រៀន​នៅ​មហាវិទ្យាល័យ លោក​បាន​ប្រើប្រាស់​ភាសា​ចិន ទៅ​បង្រៀន​ក្មេងៗ នៅតាម​សាលា​ឯកជន ដើម្បី​យកប្រាក់​ផ្ត​ត់​ផ្គង់​ការរៀនសូត្រ​ផង និង​ផ្ញើ​ទៅ​ឲ្យ​អ្នកផ្ទះ​ផង​។  មាន​សម្បុរ​ស កំលោះ​រូបនេះ បានបញ្ជាក់​បន្ថែមថា​៖ «​ភាសា​ចិន​បាន​ជួយ​ខ្ញុំ​ច្រើនណាស់ ជាពិសេស វា​ជួយ​ខ្ញុំ​ក្នុង​ស្វែងរក​ការងារ​ធ្វើ ដែល​អាច​ឲ្យ​ខ្ញុំ​មិនចាំបាច់​សុំ​លុយ​អ្នកផ្ទះ​មក​រៀន​មហាវិទ្យាល័យ​។ ម្យ៉ាងទៀត ឲ្យ​តែ​ចេះ​ប្រាកដ ភាសា​ចិន​សម្បូរ​ទីផ្សារការងារ​ណាស់ ពីព្រោះ​អ្នករកស៊ី​នៅ​ប្រទេស​កម្ពុជា​ភាគច្រើន​គឺ​ជនជាតិ​ចិន​»​។ ក្រៅពី​ការងារ​នៅក្នុង​ស្រុក អ្នករៀន​ចិន​ក៏​អា​ចរក​ការងារ​នៅ​តំបន់​អាស៊ាន​បានដែរ​។ លោក​បញ្ជាក់​បន្ត​៖ «​ចិន​កំពុងមាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន ហើយ​អ្នករកស៊ី​ចិន​ជាច្រើន បានដាក់​ទុនវិនិយោគ​នៅ​ប្រទេស​អាស៊ាន មិនមែន​មានតែ​កម្ពុជា​នោះទេ ដូច្នេះ អ្នកចេះ​ចិន ក៏​អា​ចរក​ការងារ​ធ្វើ​នៅ​ប្រទេស​អាស៊ាន​បានដែរ​»​។​

ជា​និស្សិត​បញ្ចប់​បរិញ្ញាបត្រ​ជំនា​ញ​ទេសចរណ៍​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ រចនា​កំពុងធ្វើការ​ងារ​នៅក្នុង​ក្រុមហ៊ុន​ចិន​មួយ​នៅ​ភ្នំពេញ ដែលមាន​ប្រាក់ខែ​ជាង​៣០០​ដុល្លា​។ ជា​អ្នក​បក ប្រែភាសា​ចិន លោក​មិន​ត្រឹមតែ​អាច​រក​ការងារ​ធ្វើបាន​នោះទេ ប៉ុន្តែ​ភាសា​ចិន បានធ្វើ​ឲ្យ​លោក យល់ដឹង​ពី​កិច្ចការជំនួញ វប្បធម៌ និង​របៀប​រស់នៅ​រប​ស់ជន​ជាតិចិន​ផងដែរ​។ សក់ស្លូត បុរស​មាឌ​កន្តាញ​រូបនេះ បាន​ពន្យល់ថា​៖ «​ការងារ​ជាមួយ​ចិន វាត​ស៊ូ​អត់ធ្មត់​ណាស់ ហើយ​វប្បធម៌​វា ដូចជា រឿង​ញ៉ាំ​អី វា​មិនចេះ​ខ្ជីខ្ជា​ទេ​»​។ លោក​បន្តថា​« ជនជាតិ​ចិន វា​ស្រលាញ់​ជាតិ​សាសន៍​វា​ណាស់ វា​នាំគ្នា​ទិញ​ផលិតផល​ណា​ដែល​ជនជាតិ​វា​ផលិត ពីព្រោះ វា​គិតថា ពេល​វា​ទិញ​ផលិត​របស់​ជនជាតិ​ចិន គឺជា​ការជួយ​បង្កើត​ការងារ​ឲ្យ​ជនជាតិ​វា និង​ជួយ​ដល់​រដ្ឋ​វា​ទៀតផង​»​។   

ស្លៀកខោ​ប៊ូ​យ ពាក់អាវ​យឺត​ពណ៌​ស៊ី​ជម្ពូ ដោយមាន​អំបោះ​ក្រហម​ចងក​ដៃ​ផង​នោះ រចនា មិនមែន​ចង់​ធ្វើ​ការងារ​នៅតែ​ក្រុមហ៊ុន​ចិន​តូចតាច​នោះទេ ប៉ុន្តែ យុវជន​មកពី​តំបន់​ភាគ​និរតី​ម្នាក់នេះ មានបំណង​ឆ្ពោះទៅរក​ការងារ​មួយ​នៅក្នុង​ទូត​ចិន​ប្រចាំ​កម្ពុជា​។ អាកប្បកិរិយា​សុភាពរាបសារ និង​ជា​មនុស្ស​ម៉ត់ចត់​នឹង​ការងារ រចនា​បានបញ្ជាក់​ពី​គោលដៅ​របស់ខ្លួន​ថា​៖«​ចិន​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​២​ក្នុង​ពិភពលោក ហើយ​ខ្ញុំ​យល់ដឹង​ច្រើន​ពី​វប្បធម៌ ទំនៀមទម្លាប់ និង​របៀប​ធ្វើ​ការងារ​របស់​ចិន​យ៉ាងច្បាស់ ដូច្នេះ ខ្ញុំ​ចង់​ធ្វើការ​ងារ​ជា​អ្នកបកប្រែ ឬ​ជំនួយការ​ផ្នែក​ណាមួយ​នៅក្នុង​ទូត​ចិន​ប្រចាំ​កម្ពុជា​»៕ 


© រក្សាសិទ្ធិដោយ thmeythmey.com