ជាតិ
បទវិភាគ
សង្គមជាតិ
​ខ្មែរ​មិនគួរ​អង្គុយ​រង់ចាំតែ​ចម្លង ឬ​អបអរ​ទិវា​បុណ្យ​ពី​បរទេស​!
14, Feb 2016 , 10:31 pm        
រូបភាព
ដោយ:
 ភ្នំពេញ​៖ មកដល់ពេលនេះ អត្ថន័យ​និង​ប្រតិកម្ម​ចំពោះ​បុណ្យ​នៃ​សេចក្ដីស្រលាញ់​(Valentine's Day) ត្រូវបាន​គេ​យល់ដឹង​និង​មើលឃើញ​ស្ទើរតែ​គ្រប់គ្នា​ក្នុងសង្គម​ខ្មែរ​។ ប្រតិកម្ម ឬ ការឆ្លើយតប​ខ្លះ មាន​លក្ខណៈ​គួរឱ្យ​សរសើរ ឯ​ប្រតិកម្ម ឬ ការឆ្លើយតប​ខ្លះទៀត មាន​លក្ខណៈ​មិន​សមស្រប​ដែល​ហាក់ដូចជា​បង្ហាញឱ្យឃើញ​ថា មានការ​ភ័យ​ស្លន់ស្លោ​ជ្រុល​ពេក​ចំពោះ​ឥទ្ធិពល​នៃ​បុណ្យ Valentine's Day​។


​ឆ្លងតាម​រយៈ​នៃ​ការសង្កេត យើង​បាន​មើលថា ប្រតិកម្ម​ចំពោះ Valentine's Day នេះ មាន​ទាំង​កម្រិត​បុគ្គល កម្រិត​ស្ថាប័ន និង កម្រិត​ផ្សេងៗ​ទៀត​។ យុវវ័យ​មួយចំនួន ជាពិសេស យុវវ័យ​ដែលមាន​សេរីភាព​ច្រើន​និង​រស់នៅ​ទីក្រុង បាន​ទទួលយក​ឥទ្ធិពល​នៃ​បុណ្យ​នេះ ព្រមទាំង​ហ៊ាន​អះអាង​ដោយ​ភាន់ច្រឡំ​ថា បុណ្យ​នេះ​គឺ​ប្រពៃណី​ខ្មែរ​ទៀតផង ឯ​យុវជន​ខ្លះទៀត​មិន​ខ្វល់​ថា បុណ្យ​នេះ​មាន​ប្រភព​មកពីណា​ទេ ពួកគេ​គ្រាន់តែ​ដឹងថា ក្នុងឱកាស​នេះ គេ​អាច​បង្ក​ការសប្បាយ​តាមរយៈ​ការទិញ​ផ្កា ឬ អំណោយ​(​កាដូ​) ជូន​សង្សា ឬ​មិត្តស្រី​/​មិត្ត​ប្រុស ឬ ក៏​នាំ​សង្សា​របស់​ពួកគេ​ទៅ​កម្សាន្ត​តាម​កន្លែង​កម្សាន្ត​ផ្សេងៗ ហើយ​ក្នុងករណី​ខ្លះទៀត​ក៏​ធ្លាប់​មានការ​លើកឡើងថា ពួក​យុវជន​បាន​យក​ឱកាស​នេះ ដើម្បី​ចាប់ផ្ដើម​ប្រគល់​ខ្លួនប្រាណ​ជា​លើកដំបូង ឬ លើក​បន្តបន្ទាប់​ជូន​សង្សា​របស់​ពួកគេ​ផងដែរ​។​
 
​ចំពោះ​ម​ជ្ឍ​ដ្ឋា​ន​អ្នក​អភិរក្ស​វិញ បាន​លើកឡើងថា មិនគួរ​អនុញ្ញាតឱ្យ​បុណ្យ​នេះ​មាន​ឥទ្ធិពល​មកលើ​សង្គម​ខ្មែរ​ទេ ពីព្រោះ​នាំឱ្យ​ប៉ះពាល់​ដល់​វប្បធម៌​និង​ទំនៀមទម្លាប់​របស់​ខ្មែរ​។ ស្រប​នឹង​គំនិត​នេះ និង ក្នុង​បំណង​ចង់​ធ្វើ​អន្តរាគមន៍​ទប់ស្កាត់ Valentine's Day យើង​ក៏បាន​ឃើញ​ក្រសួង​ខ្លះ អំពាវនាវ​ឱ្យ​យក​ឱកាស​នេះ ទៅធ្វើជា​ថ្ងៃនេះ​បុណ្យ​រំលឹក​គុណ​ឪពុកម្ដាយ អ្នកមានគុណ ឬ លោកគ្រូ អ្នកគ្រូ​ទៅវិញ​។ ការ​បង្វែរ​ថ្ងៃ Valentine's Day នេះ​ទៅជា​ថ្ងៃ​សម្រាប់​ការធ្វើសកម្មភាព​ផ្សេងៗ​បែប​វិជ្ជមាន ស្ដាប់ទៅ​ហាក់ដូចជា​គួរឱ្យ​កោតសរសើរ​ដែរ ប៉ុន្តែ បើ​យើង​ពិចារណា​ឱ្យ​វែងឆ្ងាយ​បន្តិច​ទៅ យើង​អាច​មើលឃើញថា ការធ្វើ​បែបនេះ ក៏​ហាក់ដូចជា​បានរួម​ចំណែក​ក្នុងការ​អបអរសាទរ បុណ្យ​នោះដែរ ដោយ​គ្រាន់​តែមាន​គោលបំណង​ផ្សេង​។ ម្យ៉ាងទៀត វា​ក៏​អាច​មានន័យថា សង្គម​របស់​យើង​មិនមាន​គំនិត​ថ្មី ឬ មិនចេះ​ធ្វើ​ដោយ​ខ្លួនឯង​នោះទេ សូម្បីតែ​ពិធីបុណ្យ​ក៏​មិនចេះ​បង្កើត​ដែរ រង់ចាំតែ​បង្វែរ​ថ្ងៃបុណ្យ​របស់​បរទេស​ទៅជា​ថ្ងៃបុណ្យ​របស់ខ្លួន​ឯង​តែប៉ុណ្ណោះ ដែល​បង្ហាញឱ្យឃើញថា ខ្មែរ​គ្មាន​ការបង្កើត​ថ្មី គ្មាន​ការស្រាវជ្រាវ គ្មានរ​បបក​គំហើញ គ្មាន​ផែនការអភិវឌ្ឍន៍​សង្គម គ្មាន​គំនិត​ច្នៃប្រឌិត និង គ្មាន​ទស្សនវិជ្ជា ជាដើម​។ ហើយ​ផ្ទុយទៅវិញ ខ្មែរ​គ្រាន់តែ​ជា​អ្នកចម្លង​អ្វីៗ​ពី​បរទេស ដោយ​គ្រាន់តែ​យកមក​កែសម្រួល​បន្តិច​បន្តួច​ប៉ុណ្ណោះ ដូចជា ការចម្លង​បទ​ភ្លេង បទ​ចម្រៀង  ប្លង់ ឬ រចនាបទ​ណាមួយ​ពី​បរទេស ជាដើម​។​
 
នៅចំពោះ​មុខ​បញ្ហានេះ​ ខ្មែរ​បច្ចុប្បន្ន​មិនគួរ​ធ្វើបែបនេះ​ទេ ខ្មែរ​គួរ​បង្កើត​ថ្ងៃបុណ្យ​ដោយ​ខ្លួនឯង ខ្មែរ​គួរតែមាន​គ្រឹះ​វប្បធម៌​ផ្ទាល់ខ្លួន ដូចដែល​ដូនតា​របស់​យើង​បាន​បន្សល់ទុក​មក​ដូច្នោះ​ដែរ​។ ខ្មែរ​គួរតែ​ឱ្យ​តម្លៃ​ទិវា​បុណ្យ​របស់​ខ្មែរ ហើយ​ប្រសិនបើ​មាន​តម្រូវ​ការចាំបាច់ ខ្មែរ​គួរតែបង្កើត​ទិវា​បុណ្យ​ថ្មីៗ​ទៀត​ដែល​អាចបំពេញ​តម្រូវកា​រ​របស់​ពលរដ្ឋ​រប​ស់​ខ្លួន ដូចជា កន្លងមក រដ្ឋាភិបាល​ក៏​ធ្លាប់​បង្កើត​ទិវា​គ្រូបង្រៀន បង្កើត​ថ្ងៃកំណើត​កងយោធពល​ខេមរភូមិន្ទ ហើយ​ពេលនេះ ប្រសិនបើ​ចាំបាច់ រដ្ឋាភិបាល​ក៏​គួរ​បង្កើត​ទិវា​នៃ​ក្ដី​ស្រា​លាញ់ ឬ បុណ្យ​កតញ្ញូតា បន្ថែមទៀត ដោយ​កំណត់​យក​ពេលវេលា​សមស្រប​ណាមួយ ប៉ុន្តែ មិនមែន​យក​ថ្ងៃទី​១៤ កុម្ភៈ ដូច​បុណ្យ Valentine Day​នោះទេ​។ យើង​ជា​ខ្មែរ​ដែលជា​កូនចៅ​ជំនាន់​ក្រោយ​នៃ​អតីត​មហានគរ​ដ៏​រុងរឿង មិនគួរ​អង្គុយ​រង់ចាំតែ​ចម្លង​ទិវា​បុណ្យ​របស់​បរទេស ឬ រង់ចាំតែ​អបអរសាទរ ឬ ហៃអើ​ចំពោះ​ទិវា​បុណ្យ​នានា​របស់​បរទេស​នោះទេ យើង​ត្រូវតែមាន​ពិធីបុណ្យ​ផ្ទាល់ខ្លួន​របស់​យើង​។ 
 
​ការចង់​ទប់ស្កាត់​ឥទ្ធិពល​នៃ​វប្បធម៌​បរទេស គឺជា​រឿង​ដែល​គួរ​ធ្វើ ប៉ុន្តែ ការ​ប្រតិ​ប​ត្ត​ជាក់ស្ដែង ពិតជា​ជួប​ការលំបាក ទាំង​ក្នុង​ក្របខណ្ឌ​ច្បាប់ សីលធម៌ សិទ្ធិមនុស្ស និង បរិបទ​សាកលភាវូបនីយកម្ម​។ ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​នានា គឺ​ការទប់ស្កាត់​កុំឱ្យ​យុវវ័យ​ឆាប់​ចូលប្រឡូក​ក្នុងការ​រួមភេទ ប៉ុន្តែ​ទំនាក់ទំនង​ស្នេហា​និង​ការរួម​ភេទ​គឺ​សភាវគតិ ជា​តម្រូវការ​បែប​ធម្មជាតិ និង​ជា​សេរីភាព​បុគ្គល ដែល​ពិបាក​នឹង​រារាំង​ណាស់ បើទោះបីជា​គ្មាន​ថ្ងៃ Valentine Day ក៏​សកម្មភាព​ទាំងនោះ​នៅតែ​កើតឡើង​ដែរ​។ ដូច្នេះ អ្វីដែល​សំខាន់​នោះ គឺ​យើង​ត្រូវ​អប់រំ​យុវជន​ឱ្យ​យល់​ពី​ផល​អាក្រក់​នៃ​ការប្រញាប់​ប្រញាល់​ចូលប្រឡូក​ក្នុងការ​រួមភេទ និង ព្យាយាម​ពន្យល់​ពួកគេ ឱ្យ​លើកកម្ពស់​តម្លៃ​ការសិក្សា សំខាន់​ជាង​អ្វី​ទាំងអស់​។ ប៉ុន្តែ យើង​ក៏​ត្រូវតែ​អប់រំ​ពួកគេ​អំពី​ការ​រួមភេទ​ដោយ​សុវត្ថិភាព​ផងដែរ​។   
 
​លើសពីនេះ​ទៀត ឥទ្ធិពល​នៃ​ពិធីបុណ្យ Valentine's Day នេះ ក៏ត្រូវ​បាន​ជំរុញ​ដោយ ក្រុមហ៊ុន សាលារៀន សាកលវិទ្យាល័យ ស្ថាន​ប័ន​ឯកជន និង សង្គម​ស៊ីវិល​មួយចំនួន រួមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ មា​នវ​ទ្យុ ទូរទស្ស្សន៍ កាសែត បណ្ដាញ​សង្គម facebook ជាដើម ដោយសារតែ​ម្ចាស់​ស្ថាប័ន​ទាំងនេះ ចង់​បង្ក​ភាពសប្បាយ​រីករាយ​ដល់​សិស្ស និស្សិត កម្មករ បុគ្គលិក​របស់ខ្លួន និង ក្នុង​បំណង​ទាក់ទាញ​ការចាប់អារម្មណ៍​មកលើ សេវាកម្ម ទំនិញ ការផ្សព្វផ្សាយ គណនី គេហទំព័រ និង ស្ថាប័ន​របស់ខ្លួន ពួកគេ​ក៏បាន​អបអរសាទរ​ពិធីបុណ្យ Valentine Day នេះដែរ​។ កត្តា​នេះហើយ​ដែល​ធ្វើឱ្យ​ពិធីបុណ្យ Valentine's Day និង បុណ្យ​បរទេស​ផ្សេងៗ​ទៀត​កំពុង​តែមាន​ឥទ្ធិពល​មកលើ​សង្គម​ខ្មែរ​ជា​បន្តបន្ទាប់​យ៉ាងគំហុគ​។​
​ដូច្នេះ ទាំង​ស្ថាប័នរដ្ឋ និង​ពលរដ្ឋ​ខ្មែរ​ដែល​ចង់​អភិរក្ស​វប្បធម៌​ខ្មែរ មិនគួរ​ព្យាយាម​បង្វែរ​ទិវា Valentine's Day ទៅជា​ទិវា​អ្វី​ផ្សេង​នោះទេ​។ ផ្ទុយទៅវិញ ទាំង​ស្ថាប័នរដ្ឋ និង ពលរដ្ឋ​ខ្មែរ គួរ​អំពាវនាវ​កុំឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ជួយ​ផ្សព្វផ្សាយ បង្កើត​ក្មវិធី ឬ និយាយ​ទាក់ទង​ដល់​ពិធីបុណ្យ Valentine's Day និង បុណ្យ​បរទេស​ផ្សេងៗ​ទៀត ដែលជា​បុព្វហេតុ​ចំបង​ក្នុងការ​ធ្វើឱ្យ​រាលដាល​នូវ​ឥទ្ធិពល​នៃ​វប្បធម៌​បរទេស​ដោយ​មិនដឹង​ខ្លួន​។ លើសពីនេះ​ទៀត ប្រជាជន​ខ្មែរ​ខ្លួនឯង​ត្រូវតែ​ស្គាល់​វប្បធម៌​របស់ខ្លួន​ឱ្យ​ច្បាស់ ស្រឡាញ់​និង​ឱ្យ​តម្លៃ​វប្បធម៌​របស់ខ្លួន និង ជួយ​ណែនាំ​កូនចៅ​របស់ខ្លួន​កុំឱ្យ​ភ្លើតភ្លើន​នឹង​វប្បធម៌​បរទេស​។ លើសពីនេះទៅទៀត ពលរដ្ឋ​ខ្មែរ ថ្នាក់ដឹកនាំ និង ស្ថាប័ន​ពាក់ព័ន្ធ​ទៃទៀត ដូចជា គណៈកម្មាធិការ​រៀបចំ​បុណ្យជាតិ និង បុណ្យ​អន្តរជាតិ ត្រូវតែ​ជួយ​សម្រួល​យ៉ាងណា​ឱ្យ​ការ​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​នីមួយៗ  មាន​លក្ខណៈ​អធិកអធម និង សប្បាយ​រី​រាយ​ប្រហាក់ប្រហែល ឬ ជាង​បុណ្យ​បរទេស ដើម្បី​កុំ​ឲ្យ​កូន​ខ្មែរ ចេះតែ​មើលឃើញ​បុណ្យ​របស់​បរទេស​ល្អ​ជាង​បុណ្យ​របស់​ខ្មែរ​តទៅទៀត​៕  

© រក្សាសិទ្ធិដោយ thmeythmey.com