ឧ​ត្ត​ម​សេនីយ៍​មហាផ្ទៃ ៤៩​រូប នឹងត្រូវ​ចូលនិវត្តន៍​
ជាតិ
ឧ​ត្ត​ម​សេនីយ៍​មហាផ្ទៃ ៤៩​រូប នឹងត្រូវ​ចូលនិវត្តន៍​
03, Mar 2016 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នាយ​នគរបាល​ក្រសួងមហាផ្ទៃ ចាប់ពី​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី ដល់​ឧ​ត្ត​ម​សេនីយ៍​ឯក​ចំនួន ៤៩​រូប ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ព្រះមហាក្សត្រ​សុំ​ដាក់​ឲ្យ​ចូលនិវត្តន៍​។ នេះ​បើតាម​លិខិត​របស់​រាជរដ្ឋាភិបាល​ថ្វាយ​ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ។​



​បើ​យោងតាម​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ចុះ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ទាំង ៤៩​នាក់ ដែល​ប្រមុខ​រដ្ឋាភិបាល សម្តេច ហ៊ុន សែន បានស្នើ​ឲ្យ​ចូលនិវត្តន៍ រួមមាន ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​មួយ​) ចំនួន ៣១​នាក់ ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​ពីរ​) ចំនួន ១១​រូប ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ចំនួន​៧​រូប ដែលមាន​តួនាទី​ជា​ប្រធាន និង​អនុប្រធាននាយកដ្ឋាន សេនាធិការដ្ឋាន និង​ស្នងការរង​ខេត្ត​មួយចំនួន នៃ​ក្រសួងមហាផ្ទៃ​។​

​លោកនាយក​រដ្ឋមន្ត្រី​សរសេរ​ក្នុង​លិខិត​ថា​៖«​តាងនាម​រាជរដ្ឋាភិបាល​កម្ពុជា ទូល​ព្រះ​បង្គ​ខ្ញុំ សូមក្រាបបង្គំទូល​ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​សក្ការៈ សូម​ទ្រង់​ព្រះមេត្តាជ្រាប ដោយ​យោងតាម​ព្រះរាជក្រឹត្យ​ស្តីពី​លក្ខន្តិកៈ​ដោយឡែក នៃ​ក្របខ័ណ្ឌ មន្ត្រីនគរបាល​ជាតិ​ក​ម្ពុ​ជា និង​ពិនិត្យ​លក្ខណៈសម្បត្តិ​របស់​នាយ​នគរបាល​ថ្នាក់ ឧ​ត្ត​ម​សេនីយ៍​ចំនួន​៤៩​រូប នៃ​ក្រសួងមហាផ្ទៃ​»​។​

​មន្ត្រីនគរបាល​ផ្កាយ​៣ ទាំង ៧​រូប រួមមាន លោក ខឹម កាន ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ទូទៅ​នៃ​សេនាធិការដ្ឋាន​, លោក សុ​ត ថុល អនុប្រធាន​សេនាធិការដ្ឋាន​, លោក ធន់ សាម៉ន ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អាវុធជាតិផ្ទុះ និង​អគ្គីភ័យ​, លោក ងួន សុ​វណ្ណា អនុប្រធាននាយកដ្ឋាន​កណ្តាល​សន្តិសុខ​, លោក សោម ឡេង អនុប្រធាននាយកដ្ឋាន​កណ្តាល​សន្តិសុខ​, លោក តាន់ ចាយ អនុប្រធាននាយកដ្ឋាន​នគរបាល​ការពារ​បេ​តិក​ភ័ណ្ណ និង​លោក ញាណ វិបុល អនុប្រធាននាយកដ្ឋាន​នគរបាល​ទេសចរណ៍​។ រីឯ ឧ​ត្ត​ម​សេនីយ៍​ត្រី និង​ឧ​ត្ត​ម​សេនីយ៍​ទោ​ចំនួន ៣២​រូប មាន​តួនាទី​ជា​អនុប្រធាននាយកដ្ឋាន​ក្រសួងមហាផ្ទៃ និង​ស្នងការរង​ខេត្ត​មួយចំនួន ដូចជា សៀមរាប ព្រះវិហារ កំពង់ចាម ស្វាយរៀង កែប រតនគិរី បន្ទាយមានជ័យ និង​ខេត្តព្រៃវែង​។ លោកនាយក​រដ្ឋមន្ត្រី​បានបញ្ជាក់​នៅក្នុង​លិខិត​ដាក់ថ្វាយ​ព្រះមហាក្សត្រ​ថា​៖«​សេចក្តី​ដូច​បានទូល​ក្រាបបង្គុំ​ថ្វាយ​ខាងលើ សូម​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​សក្ការៈ ទ្រង់​ព្រះរាជតម្រិះ​និង​មាន​ព្រះរាជ​យោបល់​លើ​សេចក្តីស្នើសុំ​ដាក់​ឲ្យ​ចូល និវត្តន៍​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ចំនួន​៤៩​រូប​ខាងលើ ដោយ​ព្រះទ័យ​អនុគ្រោះ​បំផុត​»​។​

​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ដំឡើង​ឋានន្តរស័ក្តិ ជានា​យ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ ៤ ដល់​មន្ត្រីនគរបាល​ជាន់ខ្ពស់​ចំនួន ៦​រូប កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។ នាយ​នគរបាល​ដែល​ត្រូវ​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ដំឡើង ឋានន្តរស័ក្តិ​ទាំង ៦​រូប រួមមាន លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ​, លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ​, លោក មាស វិ​រិ​ទ្ធ​, លោក សួស អង្គា​រ៍​, លោក ថោង លីម និង​លោក ឆៃ ស៊ីណា​រិ​ទ្ធ​។ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​និយាយ​តប​នឹង​សំណួរ​អ្នកសារព័ត៌មាន បន្ទាប់ពី​សម្តេច​បើក​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ នេះ​ថា ការដំឡើង​ឋានន្តរស័ក្តិ ធ្វើឡើង​តប​តាម​ស្នាដៃ​ការងារ​បំរើ​ជាតិ ស្ទើរតែ​ពាក់កណ្តាល​ជីវិត​របស់​ពួកគេ​៕

Tag:
 ​ប៉ូលិស​
  ក្រសួងមហាផ្ទៃ​
  និវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com